ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស១០នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈករណីឆ្លងសរុបក្នុងមួយថ្ងៃមានជាង៧០០នាក់ ដែលបន្តកើនឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងសុខាភិបាលឲ្យដឹងថាអាជ្ញាធររកឃើញករណីស្លាប់១០នាក់បន្ថែមទៀត ដែលនាំឲ្យករណីស្លាប់សរុបកើនឡើងដល់២៣០នាក់។ ចំណែកករណីឆ្លងថ្មី មានចំនួន៧៥០នាក់ដែលក្នុងនោះមាន៧១៦ ជាចង្កោមនៃការឆ្លងក្នុងសហគមន៍២០កុម្ភៈ និង៣៤នាក់ជាករណីនាំចូល ដែលជាអ្នកដំណើរពីក្រៅប្រទេស។
កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន៦១៦នាក់ និងករណីស្លាប់ថ្មីចំនួន៦នាក់។
ចុងក្រោយនេះ ជំងឺកូវីដ១៩បានបន្តឆ្លងទៅដល់សហគមន៍កម្មកររោងចក្រកាត់ដេរ និងអ្នកជាប់ឃុំក្នុងពន្ធនាគារផងដែរ។
ក្រសួងសុខាភិបាលបន្ថែមថាមានករណីជាសះស្បើយចំនួន៦៥៣នាក់។ ចំនួនករណីឆ្លងជំងឺកូវីដ១៩សរុបក្នុងប្រទសកម្ពុជា ចាប់តាំងពីផ្ទុះឆ្លងជំងឺនេះ បានកើនឡើងដល់៣១.៤៦០នាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់កម្ពុជា បញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថាជំងឺកូវីដ១៩នៅតែបន្តគំរាមកំហែងជាប់ជានិច្ចដោយអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច៕