ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល៖ ស្ថានភាព​សុខភាព​របស់​អ្នក​ផ្ទុក​វីរុស​កូរ៉ូណាស្ថិត​ក្នុង​សភាព​ធម្មតា


លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19) និង​ការដួល​សន្លប់ ឬ​ដួល​ស្លាប់ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្រសួង​សុខាភិបាល។ (ទុំ ម្លិះ/VOA Khmer)
លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19) និង​ការដួល​សន្លប់ ឬ​ដួល​ស្លាប់ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្រសួង​សុខាភិបាល។ (ទុំ ម្លិះ/VOA Khmer)

មន្រ្តី​សុខាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ​ស្ថានភាព​សុខភាព​របស់​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា​ឬ​COVID19​ ដែល​កម្ពុជា​រក​ឃើញ​ ស្ថិត​ក្នុង​សភាព​ធម្មតា​ និង​មិន​មាន​សញ្ញា​ធ្ងន់ធ្ងរ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។​

ករណី​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ​ទី​១៨ ​ខែមីនា ​ឆ្នាំ​២០២០​ ក្នុង​នោះ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​២២​នាក់។ ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​បានឆ្លង​វីរុស​នេះ បន្ទាប់​ពី​ពួកគេ​ចូល​រួម​ក្នុង​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។​

លោកស្រី ​ឱ វ៉ាន់ឌីន ​អ្នក​នាំពាក្យ​ និង​ជា​រដ្ឋលេខាធិការក្រសួង​សុខាភិបាល ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ ​ក្រសួង​បាន​ធ្វើ​តេស្ត​មនុស្ស​សរុប​ចំនួន​១១១២​នាក់ ​ហើយ​ក្នុង​នោះ​៣៥​នាក់​មាន​ផ្ទុក​វីរុស​នេះ។​

លោកស្រី​បន្ត​ថា​ ករណី​អ្នក​ផ្ទុក​វីរុសនៅ​កម្ពុជា​គឺ​ជា​ករណី​ស្រាល​ដោយសារ​តែភាគ​ច្រើន​កើត​លើ​អ្នក​ដែល​មាន​អាយុ​២០​ឆ្នាំ​ ជាង​ទៅ​ដល់​៤០​ឆ្នាំ​ជាង។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ករណី​ប៉ុន្មានដែល​យើង​សង្កេត​ឃើញ​ហ្នឹង​ លើក​លែង​តែ​ជនជាតិ​អង់គ្លេស​៣​នាក់​នោះ​ដែល​គាត់​មាន​វ័យ​ចាស់។​ ក្រៅ​ពី​ហ្នឹង​សុទ្ធ​តែ​ល្បាក់​២០​ក្រាស់​រហូត​ដល់​៤០​ក្រាស់ ​អ៊ីចឹង​គាត់​ស្ថិត​ក្នុង​កម្លាំង​ពលំ​គាត់​ខ្លាំង​ក្លា»។​

លោកស្រី​បន្ត​ថា​ ​ទោះ​យ៉ាង​ណា ​ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​តាម​ដាន​សុខភាព​ពួក​គេ​បន្ត​ទៀត។​ ប៉ុន្តែ​អ្នកស្រី​ថា​ ​ពួកគេ​ភាគ​ច្រើន​មានស្ថានភាព​សុខភាព​ធម្មតា​រហូត​មក​ដល់​ពេល​នេះ។​

លោក​ស្រី​បញ្ជាក់​ថា៖ «តែ​យើង​នឹង​តាម​ដាន​បន្ត​ទៀត ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ ​ពួក​គាត់​ហាក់​ដូចជា​មិន​ទាន់​បង្ហាញ​ការ​វិវត្ត​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​នៅ​ឡើយ​ទេ។ ​ហើយ​មួយ​ចំនួន​ធំ​គឺ​មាន​សភាព​ធម្មតា​នៅ​ឡើយ»។​

ក្នុង​ចំណោម ​៣៥​ករណី​នៅ​កម្ពុជា ​បុរស​ខ្មែរ​ដំបូង​វ័យ ​៣៨​ឆ្នាំ​ម្នាក់ ​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ថា ​មាន​ឆ្លង​វីរុសកូវីដ​១៩​កាល​ពី​ថ្ងៃទី​៧ ​ខែមីនា​ដោយសារ​លោក​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​នឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​នេះ​ ក្រោយ​ចេញ​ផុត​ពី​កម្ពុជា​ទៅ​ដល់​មាតុភូមិ​កំណើត​ខ្លួន។​

លោក ​ក្រុស សារ៉ាត់ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​នោះ ​មាន​ស្ថាន​ភាព​សុខភាព​ធូរ​ស្បើយ​ហើយ​ ​ប៉ុន្តែ​លទ្ធផល​តេស្ត​នៅ​វិជ្ជមាន​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​ធម្មតា។ គាត់​នៅ​ធម្មតា។ ​គ្រាន់​តែ​ថា​ ការ​កុងត្រូល​ទៅ​នៅ​វិជ្ជមាន​មេរោគ ​ តែ​ចំនួន​មេរោគ​ហ្នឹង​ថយ​ចុះ»។​

លោក ​ប្រាក់​ វ៉ុន ​ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ​មាន​ប្រសាសន៍​ថា​ ​អ្នក​ជំងឺ​ដែល​មាន​លទ្ធផល​តេស្ត​កូវីដ​១៩​វិជ្ជមាន​មាន​ចំនួន​៣នាក់ក្នុង​ខេត្ត​របស់​លោក​ ដែល​ក្នុង​នោះ​មានអ្នក​ជំងឺ​ម្នាក់​វ័យ​៧៥​ឆ្នាំ​នោះ​ មានសុខភាព​ល្អ​ប្រសើរ។​

លោក​បាន​ថ្លែង​ថា៖ «គាត់​អាយុ​៧៥​ឆ្នាំ ​ ប៉ុន្តែ​គាត់​មិន​ជរា​ពេក​ទេ ​ ហើយ​គាត់​សុខភាព​ល្អ​ធម្មតា​ ​អត់មាន​បញ្ហា​អី​ទេ»។​

លោក ​ម៉ាន ​អាយុ​៤១​ឆ្នាំ​ ដែល​បាន​ឆ្លង​វីរុស​នេះ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ ​សុខភាព​របស់​លោក​មិន​មាន​អ្វី​ប្លែក​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​កំពុង​តែ​ឆ្ងល់!​ ​វាដូចអត់មាន​ប្លែក​អីផង!​បើ​ថា ​តាំង​ពី​ខ្ញុំ​មក​ តាម​រយៈ​គេ​និយាយ​នេះ​ អា​ជំងឺ​ហ្នឹង​វា​មាន​ដូច​ឈឺ​ក្បាល ​ដូច​ផ្តាសាយ​អ៊ីចឹង ​ដូចថប់ៗ​ដង្ហើម​អ៊ីចឹង​ទៅណា៎។ ​ក៏​ប៉ុន្តែ​វា​អត់មាន​អីផង ​សុខភាព​ខ្ញុំ​ធម្មតា»។​

លោក​ ម៉ាន ដែល​ឆ្លង​វីរុស​នេះ ​ក្រោយ​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បន្ត​ថា​ ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុងមន្ទីរ​ពេទ្យ​ ប៉ុន្តែ​មិន​មាន​ការ​ចាក់​ថ្នាំ ​ឬ​ឲ្យ​ថ្នាំ​លេប​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «អត់​មាន​ឃើញ​ព្យាបាល​អីផង។ ​ប៉ុន្តែ​គេឲ្យ​យើង​នៅ​ក្នុង​បន្ទប់។​ គេ​រង់ចាំ​មើល​ស្ថានភាព​ដឹង? មិន​សូវ​ដឹង​ដែរ។ ប៉ុន្តែ​គ្រាន់​តែ​ថា គេព្យាបាល​យើង​របៀប​ឲ្យ​ចំណី​អីហូប​ធម្មតា​អ៊ីចឹង​ណា៎»។

កម្ពុជា​មិនទាន់​មាន​ករណី​ស្លាប់​ដោយសារ​វីរុស​នេះ​នៅ​ឡើយ​ទេ ​រហូត​មក​ដល់​ថ្ងៃ​នេះ។​ ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​មាន​សុខភាព​ខ្សោយ និង​មាន​ជំងឺ​ផ្សេងៗ៕

XS
SM
MD
LG