សម្តេចប៉ាបរ៉ូម៉ាំងកាតូលិក Francis ត្រូវគេរំពឹងនឹងថ្លែងពីបញ្ហាចម្រូងចម្រាស ដែលរួមមានវិបត្តិជនភៀសខ្លួនតំបន់មជ្ឈឹមបូព៌ា ការផ្លាស់ប្តូរអាកាសធាតុ និងលទ្ធិមូលធននិយម នៅពេលដែលព្រះអង្គធ្វើសុន្ទរកថា ដែលត្រូវបានរំពឹងយ៉ាងខ្លាំងទៅកាន់សមាជរួមគ្នារបស់សភាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ។
មនុស្សរាប់ម៉ឺននាក់មានគម្រោងមើលការធ្វើសុន្ទរកថានោះពីវាលវិមានរដ្ឋសភា Capitol ហើយមនុស្សរាប់រយនាក់ទៀត នឹងប្រមូលផ្តុំគ្នានៅខាងក្នុងសាលសភាតំណាងរាស្រ្តនៅពេលដែលសម្តេចប៉ាប Francis ក្លាយជាសម្តេចប៉ាបលើកទីមួយនៅក្នុងប្រវត្តិសាស្រ្តក្នុងធ្វើសុន្ទរកថាទៅកាន់សភាបែបនេះ។
នៅខាងក្នុងវិមានរដ្ឋសភា ដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនោះ ការរំពឹងទុកបានឡើងដល់កម្រិតខ្ពស់បំផុត។ ហើយគ្មាននរណាម្នាក់មានការរំភើបជាងលោក John Boehner អ្នកកាន់សាសនាកាតូលិក ដែលបានអញ្ជើញព្រះអង្គមកកាន់ទីនេះទេ។
នៅក្នុងវីដេអូពិសេស លោក Boehner បាននិយាយថា សមាជិកសភាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្វីដែលសម្តេចប៉ាបមានព្រះរាជបន្ទូល។ ការជួយរបស់ព្រះអង្គដល់ជនក្រីក្រ ជាអ្វីដែលមនុស្សគួរតែប្រកាន់យកសាសនាឲ្យកាន់តែខ្លាំងឡើង។ ព្រះអង្គមានគោលជំហរផ្សេងទៀត ដែលនាំឲ្យមានរឿងចម្រូងចម្រាសកាន់តែខ្លាំងឡើង ក៏ប៉ុន្តែព្រះអង្គជាសម្តេចប៉ាប។
សម្តេចប៉ាប Francis បានថ្លែងប្រឆាំងយ៉ាងខ្លាំងអំពីភាពគ្រោះថ្នាក់ដល់ផែនដីរបស់យើងដែលបណ្តាលមកពីភាពអយុត្តិធម៌ខាងសេដ្ឋកិច្ច និងការផ្លាស់ប្តូរអាកាសធាតុ ហើយវិមានវ៉ាទីកង់បានស្វាគមន៍កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ គោលជំហររបស់សម្តេចប៉ាបលើបញ្ហាទាំងអស់នោះខិតជិតទស្សនៈរបស់លោកប្រធានាធិបតីអូបាម៉ាជាងក្រុមមេដឹកនាំខាងគណបក្សសាធារណរដ្ឋ៕