ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​ Francis ជួប​ជុំ​ជាមួយ​មហាជន​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​គុយបា


សម្តេច​ប៉ាប Francis ទៅ​ប្រារព្ធ​ការ​ជួបជុំ​នៅ​ក្នុង​ក្រុង​ Holguin ប្រទេស​គុយបា កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។
សម្តេច​ប៉ាប Francis ទៅ​ប្រារព្ធ​ការ​ជួបជុំ​នៅ​ក្នុង​ក្រុង​ Holguin ប្រទេស​គុយបា កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃច័ន្ទ​សម្តេច​ប៉ាប​ Francis បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង Holguin នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​គុយបា​ដែល​ជា​កន្លែង​ឈប់សំចត​ទី​ពីរ​របស់​ព្រះអង្គ​ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជា​កោះ​នេះ​ មួយ​ថ្ងៃ​ក្រោយ​ពី​ព្រះ​អង្គ បាន​ជួប​ជាមួយ​បងប្អូន​ Castro ដែល​បាន​គ្រប់គ្រង​ប្រទេស​គុយបា​ចាប់តាំង​ពី​ឆ្នាំ១៩៥៩​មក។​

ក្រុង Holguin ឋិត​នៅ​ចម្ងាយ​៧៤៣គ.ម.​ខាង​កើត​រដ្ឋធានី​ឡាហាវ៉ាន (Havana) ជា​កន្លែង​ចាប់​កំណើត​នៃ​ជំនឿ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​នៅ​លើ​កោះ​នោះ​ហើយ​គេ​បាន​ស្គាល់​ក្រុង​នេះ​ដោយសារ​មាន​ឈើ​ឆ្កាង​មួយ​ឋិត​នៅ​លើ​ភ្នំមួយ​នៅ​ជិត​ក្រុង​នេះ​ជាច្រើន​សតវត្សរ៍​មក​ហើយ។ ​ក្រុង​នេះ​ក៏​ជា​តំបន់​កំណើត​របស់​លោក​ Fidel Castro និង​លោក Raul Castro ដែល​ជា​មេដឹកនាំ​កុម្មុយនិស្ត​នៃ​ប្រទេស​គុយបា​ផង​ដែរ។​

សម្តេច​ប៉ាប​បាន​ជួបជុំ​ជាមួយ​មនុស្សរាប់ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីលាន​បដិវត្តន៍​ (Revolution Plaza) នៃក្រុង​ Holguin​ ដោយ​ព្រះអង្គ​បាន​សុំ​ដល់​ប្រជារាស្ត្រ​គុយបា​ឱ្យ​ធ្វើ​តាម​សេចក្តី​អញ្ជើញរបស់​ព្រះយេស៊ូ​ដើម្បី​ពុះពារ​នឹង​ការ​ទប់ទល់​ដល់​ការ​ផ្លាស់ប្តូរ។​

នៅ​ពេល​បន្ទាប់​មក​ព្រះ​អង្គ​នឹង​យាង​ទៅ​ទស្សនា​ក្រុង​ La Loma de la Cruz ដែល​នៅ​ទីនោះ​មាន​ឈើ​ឆ្កាង​មួយ​ និង​មាន​កន្លែង​មើល​ពី​លើ​ភ្នំ​មួយ​ដែល​ឋិត​នៅ​លើ​ក្រុង​ Holguin ដែល​ជា​ក្រុង​ធំ​ទី​បី​របស់​ប្រទេស​គុយបា។

បន្ទាប់មក​ទៀត​ព្រះអង្គ​នឹង​យាង​ទៅ​កាន់​ក្រុង​ Santiago ដែល​ជា​ក្រុង​ធំ​ទីពីរ​របស់​ប្រទេស​គុយបា​ដែល​នៅ​ទីនោះ​ព្រះអង្គ​នឹង​យាង​ទៅ​ទស្សនា​ទីសក្ការបូជា​នៃ Virgin of Charity ដែល​ជា​សន្តី​របស់​ប្រទេស​គុយបា​នៅ​ក្នុង​ក្រុង​ Cobre ដែល​នៅ​ជិត​ទីនោះ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​អ្នក​ប្រឆាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​គុយបា​បាន​រិះគន់​សម្តេច​ប៉ាប​ដែល​មិន​បាន​យល់ព្រម​តាម​សំណើ​ពួកគេ​ដែល​បាន​សុំ​ចូល​គាល់​ព្រះអង្គ​នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​គុយបា៕

XS
SM
MD
LG