ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ដែល​បើក​រថយន្ត​សំដៅ​ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង Richmond រដ្ឋ Virginia រង​បទ​ចោទ​ស្អប់​គុំកួន


រូបឯកសារ៖ នៅក្នុងរូបថតដោយដ្រូននេះ ក្រុមអ្នកតវ៉ាមួយក្រុមធំបានប្រមូលផ្តុំគ្នានៅជុំវិញរូបសំណាកលោកឧត្តមសេនីយ៍ Robert E. Lee នៅលើវិថី Monument ក្នុងទីប្រជុំជននៃទីក្រុង Richmond រដ្ឋ Virginia នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ នៅក្នុងរូបថតដោយដ្រូននេះ ក្រុមអ្នកតវ៉ាមួយក្រុមធំបានប្រមូលផ្តុំគ្នានៅជុំវិញរូបសំណាកលោកឧត្តមសេនីយ៍ Robert E. Lee នៅលើវិថី Monument ក្នុងទីប្រជុំជននៃទីក្រុង Richmond រដ្ឋ Virginia នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ (AP)

រដ្ឋអាជ្ញា​ម្នាក់​នៃ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា អ្នកស្រី​កំពុង​ស៊ើប​អង្កេត​អំពី​ថា​តើ​បទ​ចោទ​ស្អប់​គុំកួន​មាន​លក្ខណៈ​សម​ហេតុ​សម​ផល​ដើម្បី​ចោទ​ប្រកាន់​លើ​លោក Harry Rogers ដែល «ទទួល​ស្គាល់» ថា​ជា​មេដឹកនាំ​ក្រុម Ku Klux Klan ដែល​អាជ្ញាធរ​អះអាង​ថា​បាន​បង្កើន​ល្បឿន​រថយន្ត​របស់​លោក​បើក​ចូល​ក្នុង​ហ្វូង​អ្នក​តវ៉ា​សន្តិវិធី។

អ្នកស្រី Shannon Taylor រដ្ឋអាជ្ញា​ប្រចាំ​ស្រុក Henrico បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ជន​ដែល​ជាប់​ចោទ​ដោយ​ការ​ទទួល​ស្គាល់​ខ្លួន​ឯង និង​តាម​រយៈ​ការ​មើល​ឃើញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អ៊ីនធឺណិត គឺ​ជា​អ្នក​ដែល​អះអាង​ថា​ជា​មេដឹកនាំ​ក្រុម Ku Klux Klan និង​ជា​អ្នក​ឃោសនា​មនោគមវិជ្ជា​រដ្ឋ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​សម័យ​សង្គ្រាម​ស៊ីវិល។ យើង​កំពុង​ស៊ើប​អង្កេត​ថា​តើ​បទ​ចោទ​ស្អប់​គុំកួន​សម្រាប់​ករណី​នេះ សម​ហេតុ​សម​ផល​ដែរ​ឬ​ទេ»។

លោក Rogers អាយុ ៣៦ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង Richmond រដ្ឋ Virginia និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំពាន​វាយ​ប្រហារ បទ​បង្ករ​របួស​ស្នាម​ដោយ​មាន​ការ​ប៉ុនប៉ង​ព្យាបាទ​ទុក​ជា​មុន និង​បទ​ឧក្រិដ្ឋ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

សេចក្ដី​ប្រកាស​របស់​អ្នកស្រី Taylor បាន​បញ្ជាក់​ថា លោក Rogers បាន​បើក​រថយន្ត​ដោយ​ធ្វេស​ប្រហែល​នៅ​ជិត​ក្រុម​អ្នក​តវ៉ា និង​បាន​បង្កើន​ល្បឿន​បើក​សំដៅ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ។

ហេតុការណ៍​នេះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd នៅ​ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​កាល​ពី ២ សប្ដាហ៍​មុន​ក្នុង​រដ្ឋ Minnesota៕

XS
SM
MD
LG