ការទាមទាររកយុត្តិធម៌បែបអហិង្សាចំពោះការស្លាប់របស់ពលរដ្ឋអាមរិកាំងស្បែកខ្មៅម្នាក់គឺលោក ចច ផ្លយ (George Floyd) បានរីករាលដាលពាសពេញសហរដ្ឋអាមេរិក តែសម្រាប់ពលរដ្ឋខ្មែរអាមេរិកាំងមានការកោតសរសើរទៅដល់ការអនុវត្តច្បាប់ និងសេរីភាពជាមូលដ្ឋានជាមួយគ្នាដែលថ្កោលទោសនិងមិនគាំទ្រដល់ការប្រព្រឹត្តអំពើហិង្សារបស់ជនឆ្លៀតឱកាសមួយចំនួននោះ។
បាតុកម្មអហិង្សាបានជំរុញឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលក្នុងរដ្ឋនិងសហព័ន្ធ ហើយលទ្ធផលមួយចំនួនបានកើតឡើងបន្តបន្ទាប់ដែរដោយសារការតវ៉ារួមគ្នា។ បញ្ហាទាំងនោះ ត្រូវគេឃើញថា ប៉ូលិសពាក់ព័ន្ធនឹងការស្លាប់លោក ចច ផ្លយ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ហើយបាតុកម្មអហិង្សានៅតែត្រូវបានអនុញ្ញាតឲ្យបន្តធ្វើ ដោយមានការការពារសន្តិសុខ និងការចេញជាច្បាប់មិនឲ្យប៉ូលិសប្រើដៃច្របាច់កពេលចាប់ខ្លួនមនុស្ស ហើយជនឆ្លៀតឱកាសដែលបង្កអំពើហិង្សា ត្រូវបានបង្ក្រាប។
លោក សេក កុសល ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់នៅក្នុងទីក្រុងមីនីអាប៉ូលីស រដ្ឋមីនីសូតា មិនឆ្ងាយប៉ុន្មានពីកន្លែងបាតុកម្មបាននិយាយពីការបើកឱកាសតាមច្បាប់ឲ្យពលរដ្ឋសម្តែងការឈឺចាប់និងទាមទារយុត្តិធម៌របស់ខ្លួនដោយសន្តិវិធី។
«ពីព្រោះប្រទេសអាមេរិកខុសពីប្រទេសដទៃទៀត។ បើសិនជាប្រទេសដទៃទៀតប្រហែលជារដ្ឋាភិបាលហ្នឹងគេបានបិទលែងឲ្យប្រជាជនហ្នឹងធ្វើបាតុកម្មហើយ តែនៅប្រទេសអាមេរិកគេនៅតែបណ្តោយឲ្យប្រជាជនគេមានសិទ្ធិសេរីភាពបាតុកម្ម តែគេនៅតែប្រយ័ត្នដែរ»។
លោកថ្លែងបន្តអំពីអំពើហិង្សាដែលអាជ្ញាធរកំពុងតែបង្កើនកិច្ចការពារសន្តិសុខនោះដោយយោងទៅលើក្រុមដុតបំផ្លាញហាងទំនិញ ចូលលួចប្លន់នៅក្នុងទីក្រុងធំៗជាដើម ហើយមួយវិញទៀតលោកថា ក៏មនុស្សមានកំហឹងជាច្រើនដែលចេញពីចលនាប្រឆាំងនឹងរដ្ឋាភិបាល ដូចជាចលនាប្រឆាំងអាមេរិកាំងស្បែកខ្មៅ ចលនាប្រឆាំងជនស្បែកស ចលនាប្រឆាំងនឹងជាតិសាសន៍ដ៏ទៃ និង ចលនាប្រឆាំងនឹងមូលធននិយមដែលមានសត្រូវរួមគ្នាគឺរដ្ឋាភិបាលនិងអាជ្ញាធរ។ លោកថាក្រុមទាំងអស់នេះ មានការមិនសប្បាយចិត្តនឹងរដ្ឋាភិបាលឬអាជ្ញាធរ ដោយចោទថាអាជ្ញាធរយកចិត្តទុកដាក់ជាតិសាសន៍នេះជាងជាតិសាសន៍នោះ ហើយការណ៍នេះមានការចោទប្រកាន់គ្នាទៅវិញទៅមក។
តែលោក កុសល ថា អំពើហិង្សាបានថមថយទៅវិញនៅពេលមានការដាក់ពង្រាយកងទ័ព ហើយដាក់បំរាមគោចរពេលយប់ ហើយនឹងការព្រមានចាត់វិធានការតឹងរ៉ឹងពីលោក ប្រធានាធិបតីដូណាល់ ត្រាំផងដែរ។
លោក ហ៊ាន តាំងស្រ៊ុន រស់នៅជិតទីក្រុងមីនីអាប៉ូលិស រដ្ឋមីនីសូតាដែរ បានគាំទ្របាតុកម្ម អហិង្សា តែមិនគាំទ្រជនឆ្លៀតឱកាសប្រើហិង្សាដែលនាំឲ្យសង្គមអាប់ឱន ហើយនិងសកម្មភាពប៉ូលិសដែលនាំឲ្យលោក ចច ផ្លយ ស្លាប់នោះទេ។
«បើយើងមើលទៅហេតុការណ៍ដែលកើតឡើងប៉ូលិសហាក់បីដូចជាប្រើអំពើហិង្សាទៅលើអ្នករងគ្រោះ។ យើងមានវិធីច្រើនក្នុងការចាប់មនុស្ស មិនមែនយកជង្គង់ទៅជាន់កគេអីចឹងគឺថាធ្វើឲ្យគេស្លាប់។ រឿងហ្នឹងគឺថាខ្ញុំសូមថ្កោលទោសនូវអំពើព្រៃផ្សៃរបស់ប៉ូលិសដែលធ្វើទៅលើអ្នករងគ្រោះ ហើយសូមគាំទ្រអ្នកធ្វើបាតុកម្ម ក៏ប៉ុន្តែក៏ខ្ញុំមិនគាំទ្រនូវអំពើដុតបំផ្លាញផ្ទះគេដែលមានអំពើហិង្សាដែលយើងឃើញអីចឹងទៅគឺយើងអត់គាំទ្រទេ ព្រោះវាហាក់បីដូចជាធ្វើឲ្យសង្គមប្រជាធិបតេយ្យហ្នឹងទៅជាសង្គមអនាធិបតេយ្យទៅវិញ»។
លោក ចច ផ្លយ អាយុ៤៦ឆ្នាំជនជាតិអាមេរិកាំងស្បែកខ្មៅ បានស្លាប់ក្រោយត្រូវប៉ូលិសឃាត់ខ្លួនលោក ដោយសារលោកបានប្រើប្រាស់លុយក្រដាសប្រាក់២០ដុល្លារក្លែងក្លាយទិញទំនិញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្នុងទីក្រុងមីនីអាប៉ូលីស រដ្ឋមីនីសូតា។ តែក្រុមប៉ូលិសក៏មិនអាចរួចផុតពីចំណាត់ការច្បាប់ដែរក្រោយពេលលោកផ្លយបានស្លាប់ដែរ។
ប៉ូលិសម្នាក់ដែលបានប្រើជង្គង់សង្កត់ករលោក ផ្លយ គឺ Derek Chauvin និងប៉ូលិស៣នាក់ទៀតTou Thao និង Alexander Kueng ហើយនិង Thomas Lane នៅកន្លែងកើតហេតុ ត្រូវចាប់ខ្លួននិងរងការចោទប្រកាន់ទោសបន្តបន្ទាប់ដើម្បីដំណើការតាមនីតិវិធីច្បាប់ ក្រោយពេលលោកប្លយដែលគេរកឃើញថាមានបញ្ហាសុខភាពក្នុងខ្លួនស្រាប់បានស្លាប់ប៉ុន្មាននាទីក្រោយការចាប់ខ្លួនដែលមានឃ្លីបវីដេអូត្រូវគេផ្សព្វផ្សាយឲ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុកនោះ។ អាជ្ញាធរមូលដ្ឋានក៏បានប្រកាសព្រមព្រៀងមិនឲ្យប្របាច់កពេលចាប់ខ្លួន តែបាតុកម្មនៅតែត្រូវអនុញាតឲ្យធ្វើទៅតាមច្បាប់ នៅតាមរដ្ឋនានាផងដែរ ហើយក្រុមឆ្លៀតឱកាសឬអ្នកពាក់ព័ន្ធក៏ត្រូវបានបង្ក្រាបនិងថមថយសកម្មភាព ពេលមានការចាប់ផ្តើមដាក់បំរាមគោចរនិងការពង្រាយទាហាន។
លោក ចិន្តា សួរ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតក្នុងរដ្ឋមីនីសូតា បានថ្លែងថា វាជារឿងល្អដែលទីក្រុងមីនីអាប៉ូលីស បានផ្លាស់ប្តូរច្បាប់ចាប់ចងមនុស្ស មិនឲ្យមានការច្របាច់ក ក្រោយពេលមានការទាមទាររបស់ក្រុមបាតុករដែលលោកថាពលរដ្ឋនឹងគ្មានគ្រោះថ្នាក់ដល់ជីវិតទៀត។
«ឥឡូវពេលមានបាតុកម្មអីចឹងទៅគេកំពុងស៊ើបមើលសំណុំរឿងខាងប៉ូលិសអីហ្នឹង គេត្រូវធ្វើច្បាប់យ៉ាងម៉េចខ្លះ ដូច្នេះបាតុកម្មហ្នឹងវាជោគជ័យដែរដោយសារតែគេសើរើច្បាប់ ប៉ូលិសធ្វើយ៉ាងម៉េចអីហ្នឹង។ ដូច្នេះទៅនៅថ្ងៃនេះក្នុងរដ្ឋមីនីសូតាយើង គេឈប់ឲ្យប៉ូលិសច្របាច់ក ដូច្នេះទៅគេផ្លាស់ប្តូរច្រើនដែរ។ ដូច្នេះទៅរដ្ឋផ្សេងៗប្រហែលផ្លាស់ប្តូរច្បាប់ អីច្រើនចេញពីបាតុកម្មនេះ»។
ក្តីបារម្ភខ្លះក្នុងចំណោមពលរដ្ឋចំពោះការរាលដាលនៃអំពើហិង្សានិងការរើសអើងជាតិសាសន៍ តែពលរដ្ឋខ្មែរអាមេរិកាំងនៅតែទុកចិត្តទៅលើអ្នកដឹកនាំនិងប្រព័ន្ធច្បាប់នៅក្នុងប្រទេសនេះដែលអាចធ្វើឲ្យមានការជឿជាក់។
លោក ចិន្តា សូរ បានថ្លែងថាដើម្បីការពារក្រែងមានបញ្ហាលើសហគមន៍ខ្មែរក្នុងពេលដែលមាន អំពើហិង្សាកើតឡើងដំបូងៗនោះ វត្តអារាមមួយគឺវត្តមុនីសុតារាមត្រូវបិទទ្វារមួយរយ:ពេលដែរភ្លាមៗនោះ។
«កាលគេកំពុងបាតុកម្មអីហ្នឹង ខ្ញុំខាងវត្តមីនីសូតារាមយើងដឹងស្រាប់ហើយជាវត្តធំមួយប្រចាំនៅរដ្ឋមីនីសូតាយើង។ កាលហ្នឹងពួកខ្ញុំទូរស័ព្ទទៅឲ្យបិទវត្តតែម្តង ក្នុងពេលបាតុកម្មហ្នឹងយើងបិទរហូត ហើយក្នុងពេលយប់បិទរហូត ហើយម៉ោង៣ឬម៉ោង៤ល្ងាចហ្នឹងយើងចតឡាននៅថ្នល់កុំឲ្យគេចូលឲ្យសោះ យើងមិនដឹងសាសន៍ណា សាសន៍ណាហើយយើងនៅឆ្ងាយផង យើងមានការព្រួយបារម្ភដែរ»។
លោក ខេង គឹមស្រ៊ាន ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្បែរកន្លែងកើតហេតុបានថ្លែងថា លោកមានក្តីបារម្ភពីសន្តិសុខ សុវត្ថិភាពខ្លះដែរក្នុងការរស់នៅក្រោយកើតហេតុការណ៍នេះ។
«ព្រួយបារម្ភ វាតែងតែមានការព្រួយបារម្ភខ្លះហើយធម្មជាតិរបស់មនុស្ស នៅពេលណាដែលមាន
បញ្ហាដែលកើតឡើងព្រោះបញ្ហានេះ វាជាបញ្ហាតូចតែវាហាក់ដូចជារាលដាលទៅជាបញ្ហាធំប្រសិនបើគ្មានដំណោះស្រាយមួយដែលសមស្របរបស់រដ្ឋាភិបាល»។
លោក ងីវ ឈានស្រេង ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតរស់នៅជាយក្រុងមីនីអាប៉ូលិស បានថ្លែងក្តីបារម្ភផងដែរក្នុងការរស់នៅក្នុងសហគមន៍ដែលមានភាគច្រើនជាជនស្បែកស នៅពេលមានអំពើហិង្សាផ្ទុះឡើង។
«អារឿងហ្នឹងកើតមកហ្នឹងគឺខ្ញុំភ័យដែរពីរឿងអាស៊ីយើងនៅក្នុងរដ្ឋមីនីសូតា តែវាមិនមែនមានតែខ្មែរទេ ខ្មែរយើងតិចជាងគេទេ»។
សហគមន៍ខ្មែរចង់ឃើញមានដំណោះស្រាយទៅតាមច្បាប់ចំពោះបាតុកម្មនិងការតវ៉ា ហើយក៏ចង់ឲ្យពលរដ្ឋចម្រុះជាតិសាសន៍រស់នៅជាមួយគ្នាដោយសុខដុមរមនា គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជម្លោះ ក្រៅពីទាមទារថាបញ្ហាអ្វីដែលកើតឡើងត្រូវដោះស្រាយទៅតាមច្បាប់។
លោក ហ៊ាន តាំងស្រ៊ុន បានថ្លែងថាលោកទុកចិត្តលើរដ្ឋាភិបាលអាមេរិកដែលអាចរកឃើញដំណោះស្រាយ។
«ខ្ញុំជឿជាក់ថារដ្ឋាភិបាលអាមេរិក ហើយនឹងអ្នករៀបចំការតវ៉ាសុំសិទ្ធិហ្នឹង នឹងធ្វើការចរចា គួរតែពីរក្រុមហ្នឹងធ្វើការចរចាគ្នារកវិធីណាដើម្បីការពារ សង្គមយើងៗអាចរស់នៅជាមួយគ្នាបានក្នុងលក្ខណ:ស្មើភាព មិនប្រកាន់ពូជសាសន៍»។
លោក សួស សុខឿត ពលរដ្ឋនៅជិតទីក្រុងមីនីអាប៉ូលីសបានថ្លែងថាអ្វីៗត្រូវដោះស្រាយតាមច្បាប់ហើយបន្ថែមថាលោក មិនប្រកាន់ពណ៌សម្បុរឬពូជសាសន៍ទេ ដូច្នេះលោកមិនគិតទៅលើរឿងនេះទេ ទៅថ្ងៃក្រោយទៀត ដោយសារលោកកំណត់ក្នុងចិត្តមិនប្រកាន់ពូជសាសន៍ មិនសន្មតជាមុនចំពោះមនុស្សដែលលោកបានស្គាល់ឬមិនស្គាល់។
«ហើយចាប់ផ្តើមពីខ្លួនខ្ញុំ ចាប់ផ្តើមពីផ្ទះខ្ញុំ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចបើខ្ញុំចង់បានសុវត្ថិភាព ឬសន្តិភាពសម្រាប់ខ្លួនខ្ញុំៗត្រូវ Treat អ្នកផ្សេងទៀត អ្វីដែលខ្ញុំចង់បានសម្រាប់ខ្លួនខ្ញុំ ខ្ញុំត្រូវការនោះដល់អ្នកដ៏ទៃទៀតដែរ»។
បាតុកម្មទាមទារយុត្តិធម៌តាមច្បាប់ ដោយមានការចូលរួមពីក្រុមបាតុករដែលគោរពច្បាប់បានកើតឡើងចាប់ពីរដ្ឋមីនីសូតា ហើយរាលដាលទៅកាន់រដ្ឋមួយចំនួនទៀតរួមទាំងរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយ:ពេល២សប្តាហ៍ចុងក្រោយ ដែលធ្វើឲ្យមានការការពារសន្តិសុខយ៉ាងតឹងរឹងផងដែរ នៅពេលជាមួយគ្នាដែលគេបារម្ភក្រែងមានក្រុមឆ្លៀតឳកាសប្រើប្រាស់អំពើហិង្សាផ្ទុយពីគោលការណ៍រៀបចំបាតុកម្មសន្តិវិធី។
ក្រុមមន្ត្រីអាមេរិកខ្លះបានចោទប្រកាន់បរទេស កំពុងចាប់ផ្តើមបញ្ឆេះក្រុមបាតុករនិងកំពុងលូកដៃចូលក្នុងរឿងនេះ បំភ្លៃព័ត៌មានយ៉ាងសកម្ម ដើម្បីប្រែស្ថានការណ៍ឲ្យកាន់តែអាក្រក់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក William Barr បានថ្លែងនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកជឿថា យើងមានភស្តុតាងចំពោះក្រុមអ្នកវាយប្រហាររបស់បរទេស និងក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបរទេសកំពុងផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ពិសេសនេះ ហើយព្យាយាមបញ្ឆេះរឿងនេះគ្រប់រឿងដែលគេអាចធ្វើបាន។
នាយកប៉ូលិស FBI គឺលោក Christopher Wray បដិសេធផ្តល់ព័ត៌មានលម្អិត តែថាជនដែលបង្កបញ្ហានេះនឹងគេចមិនផុតពីច្បាប់ទេ៕