លោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris និយាយថា លោកស្រីនឹងពិភាក្សាអំពីតួនាទីរបស់ប្រទេសម៉ិកស៊ិកនៅក្នុងតំបន់ នៅពេលលោកស្រីជួបជាមួយលោកប្រធានាធិបតី Andrés Manuel López Obrador នៅក្នុងរដ្ឋធានីម៉ិកស៊ីកូ នៅថ្ងៃអង្គារ បន្ទាប់ពីជំនួបជាមួយមេដឹកនាំប្រទេសក្វាតេម៉ាឡា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចដែលផ្ដោតលើការដោះស្រាយកំណើនការធ្វើអន្តោប្រវេសន៍មកព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។
មុនពេលឡើងយន្តហោះទៅកាន់ប្រទេសម៉ិកស៊ិកនៅយប់ថ្ងៃច័ន្ទ លោកស្រីថ្លែងអំពីកិច្ចសហការជិតស្និទ្ធរវាងប្រទេសទំាងពីរ និងបាននិយាយថា របៀបវារ:នៅថ្ងៃអង្គារនឹងរួមបញ្ចូលទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការស្ដីពីវ៉ាក់សំាងកូវីដ១៩។
លោកស្រីថ្លែងថា៖ «ទំនាក់ទំនងជាមួយប្រទេសម៉ិកស៊ិក យើងមានភាពជាដៃគូដ៏យូរអង្វែង។ អ្នកដឹងទេ ក្រៅពីប្រទេសកាណាដា យើងជាអ្នកជិតខាងនឹងគ្នាបំផុត»។
នៅក្នុងប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃច័ន្ទ លោកស្រី Harris បានសង្កត់ធ្ងន់ពីកិច្ចប្រឹងប្រែងថ្មីប្រឆាំងនឹងអំពើពុករលួយ និងបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកឡាទីនឲ្យនៅក្នុងប្រទេស ជាជាងប្រថុយគ្រោះថ្នាក់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកក៏បានប្ដេជ្ញាផ្ដល់ជំនួយចំនួន ៣១០ លានដុល្លារដើម្បីជួយជនភៀសខ្លួន និងដោះស្រាយបញ្ហាខ្វះស្បៀងអាហារផងដែរ។ ក្នុងពេលថ្មីៗនេះ លោកស្រីក៏ទទួលបានការប្ដេជ្ញាចិត្តពីក្រុមហ៊ុន និងអង្គការនៅអាមេរិកឲ្យវិនិយោគនៅតាមបណ្ដាប្រទេសនៅក្នុងតំបន់អាមេរិកកណ្ដាល ដើម្បីលើកកម្ពស់ឱកាសសេដ្ឋកិច្ចនិងការបណ្តុះបណ្តាលការងារផងដែរ។
សហរដ្ឋអាមេរិកក៏បានឲ្យដឹងកាលពីសប្ដាហ៍មុនដែរថា ខ្លួននឹងប្រគល់វ៉ាក់សំាងកូវីដ១៩ចំនួនកន្លះលានដូសទៅឲ្យប្រទេសក្វាតេម៉ាឡា និងមួយលានដូសឲ្យទៅប្រទេសម៉ិកស៊ិក៕