រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាឲ្យក្រុមយោធាដោះស្រាយក្រុមបាតុកររាប់ពាន់នាក់ក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាត (Islamabad) បន្ទាប់ពីមានការបង្ក្រាបរបស់ក្រុមសន្តិសុខ ដែលបាននាំទៅដល់ការប៉ះទង្គិចដោយអំពើហិង្សា។ មានបុគ្គលិកសន្តិសុខជាង១០០នាក់និងក្រុមបាតុកររាប់សិបនាក់ត្រូវរងរបួស។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យ។
ប្រតិបត្តិការបង្ក្រាបបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅម៉ោងប្រមាណ៧ព្រឹក ម៉ោងក្នុងប្រទេសបន្ទាប់ពីក្រុមបាតុករមិនអើពើនឹងឱសាទវាទរបស់អាជ្ញាធរសន្តិសុខ ដែលបានដាក់ជូនក្រុមបាតុករដើម្បីឲ្យមានការរំសាយដោយសន្កិវិធី។
មានក្រុមបាតុករកាន់សាសនាឥស្លាមជាច្រើនក្រុមបានធ្វើបាតុកម្មដោយការអង្គុយចុះតវ៉ាមួយកន្លែងអស់រយៈពេល២០ថ្ងៃហើយដើម្បីទាមទារឲ្យរដ្ឋមន្ត្រីផ្នែកច្បាប់របស់រដ្ឋាភិបាលសហព័ន្ធម្នាក់ចុះចេញពីមុខតំណែង បន្ទាប់ពីបានធ្វើវិសោធនកម្មតិចតួចលើច្បាប់ធ្វើសច្ចាប្រណិធានទាក់ទងនឹងការបោះឆ្នោត ហើយដែលក្រុមបាតុករបានចាត់ទុកថា ជាការធ្វើឲ្យអន្តរាយដល់ជំនឿរបស់ពួកគេ។ រដ្ឋាភិបាលបាននិយាយថា វិសោធនកម្មនោះជាកំហុសឆ្គងរបស់បុគ្គលិកស្មៀនទេ ហើយបានអះអាងថាបានកែប្រែវិញហើយដែរ។
បាតុកម្មអង្គុយមួយកន្លែងនេះបាននាំឲ្យមានការសម្លាប់មនុស្សក្នុងរដ្ឋធានី។ មនុស្សយ៉ាងតិច ២ នាក់ត្រូវស្លាប់ រួមទាំងក្មេងម្នាក់ផងដែរ ដែលបានស្លាប់កាលពីបីសប្តាហ៍មុននៅពេលរថយន្តសង្គ្រោះបន្ទាន់មិនអាចដឹកទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ ក្រុមបាតុករបានប្រឆាំងនឹងបទបញ្ជាតុលាការដែលសុំឲ្យរំសាយផងដែរ៕