ក្រុមហាម៉ាស់បាននិយាយថាមេដឹកនាំកំពូលម្នាក់របស់ខ្លួនគឺ លោក Ismail Haniyeh បានស្ថិតនៅក្នុងរដ្ឋធានីគែរនៃប្រទេសអេហ្ស៊ីប នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាជាមួយពួកមន្ត្រីអេហ្ស៊ីប។
អេហ្ស៊ីបកាលពីពេលមុនបានដើរតួនាទីនៅក្នុងការសម្របសម្រួលរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល រួមមានការឈប់បាញ់គ្នាបណ្តោះអាសន្នដែលមានរយៈពេល ១ សប្តាហ៍កាលពីចុងខែវិច្ឆិកា ដែលរួមមានក្រុមជនសកម្មប្រយុទ្ធដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ផងដែរ។
ការចរចាបានកើតមានឡើងដើម្បីឲ្យផ្អាកការប្រយុទ្ធគ្នាជាថ្មី ហើយឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងកាន់តែច្រើនថែមទៀត ក៏ប៉ុន្តែ ភាគីប្រយុទ្ធគ្នាមិនទាន់សម្រេចបានកិច្ចព្រមព្រៀងទេ។
ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានប្រាប់ជំនួបអ្នកការទូតអន្តរជាតិមួយកាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលប្រុងប្រៀបធ្វើការផ្អាកផ្នែកមនុស្សធម៌ទៀតនៅក្នុងការដោះដូរចំណាប់ខ្មាំងរបស់ខ្លួន។ លោកក៏បាននិយាយដែរថា អ៊ីស្រាអែលមិនមែនកំពុងវាយប្រហារពលរដ្ឋប៉ាឡេស្ទីនទេ តែវាយប្រហារក្រុមហាម៉ាស់។
ការប្រយុទ្ធគ្នាបានបន្តនៅថ្ងៃពុធនេះ នៅក្នុងតំបន់ហ្កាហ្សា ដោយយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារទីដៅជាង ៣០០ ក្នុងរយៈពេល ១ ថ្ងៃកន្លងមកនេះ។
នៅថ្ងៃពុធនេះ ក៏មានគម្រោងបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើសេចក្តីសម្រេចដែលអំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នា ដើម្បីសម្របសម្រួលបង្កើនការផ្តល់ជំនួយដល់ពលរដ្ឋនៅហ្កាហ្សា ដែលត្រូវការម្ហូបអាហារ ទឹក និងថ្នាំពេទ្យ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។