ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបោះឆ្នោតស្នើឱ្យផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌នៅហ្កាហ្សា


ទាហាន​អ៊ីស្រាអែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (Israel Defense Forces/Handout via REUTERS)
ទាហាន​អ៊ីស្រាអែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (Israel Defense Forces/Handout via REUTERS)

កងទ័ព​អ៊ីស្រាអែល​និង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) បាន​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង Khan Younis ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។ ចំណែក​ឯ​មន្ត្រី​សុខាភិបាល​តំបន់​ហ្កាហ្សា​វិញ​បាន​រាយការណ៍​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​របស់​អ៊ីស្រាអែល​នៅ​ជិត​ព្រំដែន​ប្រទេស​អេហ្ស៊ីប។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២០ នាក់​នៅ​ក្នុង​ទីក្រុង Rafah។

ការ​ប្រយុទ្ធ​លើក​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​សេចក្ដីសម្រេច​មួយ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ទៅ​ដល់​ដៃ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ដែល​ត្រូវការ​ម្ហូប​អាហារ ទឹក និង​ថ្នាំពេទ្យ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ត្រូវ​បាន​រុញ​មក​ថ្ងៃ​អង្គារ​នេះ​វិញ​ដោយសារតែ​ការ​ចរចា​លើ​អត្ថបទ​នៃ​សេចក្ដីសម្រេច​នេះ​នៅ​បន្ត ស្រប​ពេល​ដែល​អ្នក​គាំទ្រ​សេចក្ដីសម្រេច​នេះ​ស្វែងរក​ការ​គាំទ្រ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​លើ​សេចក្ដីសម្រេច​នេះ។

សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ដើម្បី​មនុស្សធម៌​បាន​បរាជ័យ​កាលពី​ដើម​ខែ​នេះ​ដោយសារ​សហរដ្ឋ​អាមេរិក​បាន​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​មួយ​រូប​នៃ​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សិទ្ធិ​វេតូ​ប្រឆាំង។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin កាលពី​ថ្ងៃ​ចន្ទ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​អ៊ីស្រាអែល​បង្ការ​កុំ​ឱ្យ​មាន​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​មាន​មនុស្ស​រស់នៅ​ណែនណាន់​តាន់តាប់ និង​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត «មិន​ងាករេ» របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​គាំទ្រ​អ៊ីស្រាអែល​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់។

ក្នុង​អំឡុង​សន្និសីទ​កាសែត​រួម​គ្នា​ក្នុង​ប្រទេស​អ៊ីស្រាអែល​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant លោក Austin បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​ដែល​ក្រុម​ហាម៉ាស់​កំពុង​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា និង​បាន​បញ្ជាក់​អះអាង​អំពី «សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ៊ីស្រាអែល» នៅ​ក្នុង​ការ​ការពារ​ខ្លួន។

លោក Gallant បាន​និយាយ​ថា អ៊ីស្រាអែល​នឹង​ងាក​បន្តិច​ម្ដងៗ​ទៅ​រក​ដំណាក់កាល​បន្ទាប់​នៃ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​វិល​ត្រឡប់​ជា​លើក​ដំបូង​ទៅ​កាន់​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​នេះ។

ក្រុម​ហាម៉ាស់​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បង្ហាញ​អំពី​ចំណាប់ខ្មាំង​ជា​បុរស​អ៊ីស្រាអែល​វ័យ​ចំណាស់ ៣ នាក់​ អង្គុយ​ជិត​គ្នា​អង្វរ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG