លោក Jovenel Moïse ប្រធានាធិបតី ហៃទី បានលុបចោលការសម្រេចចិត្តរបស់រដ្ឋបាលលោកក្នុងការដំឡើងថ្លៃសាំងចំនួន៤៩% នៅពេលមានបាតុកម្មហិង្សាដែលបានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់៣នាក់កាលពីថ្ងៃសៅរ៍។
លោក Moïse បានប្រកាសនៅក្នុងសុន្ទរកថា កាលពីថ្ងៃសៅរ៍ថា៖ «តម្លៃសាំងនឹងត្រឡប់ទៅតម្លៃដូចពីមុននៅទូទាំងប្រទេស»។
លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងបានសុំឱ្យក្រុមអ្នកតវ៉ាបើកផ្លូវនិងអនុញ្ញាតឱ្យប៉ូលិសរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។ ប៉ុន្មានម៉ោងមុននេះ ក្រុមអ្នកតវ៉ាបានដុតសំបកកង់ឡាននៅតាមដងផ្លូវនៃទីក្រុង Port-au-Prince និងនៅតំបន់ Petionville ដែលនៅជាយក្រុង ហើយបានលួចរបស់របរក្នុងហាងនានា ដុតឡាននៅមុខសណ្ឋាគារប្រណីត ហើយគំរាមដុតអគារសភា។ សន្តិសុខម្នាក់នៅអគារសភាបានចែករំលែកវីដេអូឲ្យ VOA ដែលបង្ហាញផ្សែងខ្មៅងងឹតចេញពីសំបកកង់ឡានឆេះនៅពីមុខអគារមួយ និងឮសំឡេងបាញ់កាំភ្លើងជាច្រើនគ្រាប់។
មុនពេល លោក Moïse ដកការសម្រេចរបស់លោកមកវិញនោះ តម្លៃសាំងឡើងដល់៤ដុល្លារ៧៥សែនក្នុងមួយ gallon គឺច្រើនជាងពីរដងប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាជនហៃទី។ លោក Kange Makenson ជាជនជាតិហៃទីដែលកំពុងធ្វើការតវ៉ានៅទីក្រុង Port-au-Prince បានប្រាប់ VOA ថា ប្រជាពលរដ្ឋមិនអាចមានលទ្ធភាពចំណាយលើរបស់ចាំបាច់ទេ ហើយការដំឡើងថ្លៃនេះនឹងធ្វើឱ្យជីវិតកាន់តែលំបាក៕