ស្ទើតែរៀងរាល់ឆ្នាំក្នុងអំឡុងរដូវប្រាំងដែលអាកាសធាតុចាប់ផ្តើមក្តៅខ្លាំង តាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ តែងរងនូវបញ្ហាទឹកម៉ាស៊ីនដែលប្រើប្រាស់ប្រចាំថ្ងៃចេញខ្សោយ ហើយតំបន់ខ្លះមិនមានទឹកសោះតែម្តង។
ប៉ុន្តែនៅឆ្នាំនេះ តំបន់ជាយក្រុងមួយចំនួនដូចជាក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញជាដើម បាននិងកំពុងរងបញ្ហាអត់ទឹកម៉ាស៊ីនប្រើប្រាស់ តាំងពីខែមករា ឆ្នាំ ២០២២ មក។
អ្នកស្រី វ៉ាន់ វលក្ខណ៍ អ្នកលក់ដូរក្នុងបុរីមួយនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រាប់ VOA កាលពីថ្ងៃទី ៩ ខែកុម្ភៈ ថា ពលរដ្ឋរស់នៅក្នុងបុរីដែលអ្នកស្រីរស់នៅមិនមានទឹកម៉ាស៊ីនប្រើប្រាស់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១មក ចំណែកអ្នកស្រីទើបតែអត់មានទឹកម៉ាស៊ីនប្រើប្រាស់ក្នុងសប្តាហ៍នេះប៉ុណ្ណោះ។ អ្នកស្រីថា ក្នុងតំបន់ដែលអ្នកស្រីរស់នៅ គឺដាច់ទឹកជារៀងរាល់ឆ្នាំ ជាពិសេសក្នុងអំឡុងខែមីនា និងខែមេសា ដែលជារដូវក្តៅ។
ស្រ្តីវ័យ ៣០ ឆ្នាំ ដែលមានកូនតូចៗបីនាក់រូបនេះ បានរៀបរាប់បន្ថែមថា កង្វះទឹកម៉ាស៊ីនប្រើប្រាស់ ធ្វើឲ្យអ្នកស្រីប្រឈមនឹងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ និងខាតពេលវេលាសម្រាប់ប្រកបរបរផ្សេងៗ។
កំពុងអង្គុយបង្ហូរទឹកដាក់ក្នុងកាដុងពីបាសាំងទឹក ដែលម្ចាស់បុរីដាក់ឲ្យប្រើបណ្តោះអាសន្ន អ្នកស្រី វ៉ាន់ វលក្ខណ៍ ប្រាប់ VOA ថា៖ «រាល់ដងទឹកយើងបើកចេញមក ចេញតែម្តង ដល់ពេលអានេះយើងត្រូវចំណាយពេលកន្លះម៉ោង ឬក៏មួយម៉ោងអីត្រូវជញ្ជូនទឹក។ បើថាមានទឹកទៅអត់អីទេ ជួនណាយើងត្រូវជិះទៅដើររកទឹកដើម្បីយកមកប្រើ។ និយាយទៅខាតពេលវេលាដែលយើងត្រូវមានពេលវេលាធ្វើអីផ្សេង»។
ស្រដៀងគ្នានេះ លោក ទ្រឹង លី ពលរដ្ឋម្នាក់ដែលប្រកបរបរបោកអ៊ុតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និយាយថា ក្នុងរយៈពេលប្រមាណជា ៥ ឆ្នាំ ដែលលោករស់នៅតំបន់នោះករណីដាច់ទឹកតែងកើតមានស្ទើរាល់ឆ្នាំ។ លោកថា សម្រាប់ឆ្នាំនេះលោក និងពលរដ្ឋតំបន់នោះលែងមានទឹកប្រើប្រាស់តាំងពីពាក់កណ្តាលខែមករាមកម្ល៉េះ។
«រាល់ដងឆ្នាំមុនអី ជួនកាលដល់ខែបួនឬក៏អីបានដាច់ តែលើកនេះដាច់តាំងខែមួយមក។ ហើយបើសិនជាដាច់ លើកមុន ពេលយប់មកហើយ។ តែអានេះអត់ទេ ដាច់រហូតតែម្តង។ មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ អត់ទឹកប្រើតែម្តង។ ដល់ហើយពិបាក។ ជួនកាលទៅយកទឹកផ្ទះបងប្អូន ទៅយកទឹកឆ្ងាយៗណាស់»។
លោក លី បន្ថែមថា ការដែលមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់លោកជាអ្នកបោកអ៊ុត។
«ជួនកាលយកទៅបោក [ខោអាវ] នៅទួលគោក ផ្ទះបងប្អូន។ ទៅបោកនៅឯណោះវិញ។ យើងជញ្ជូនចុះជញ្ជូនឡើង វាហត់ ខាតពេល»។
យោងតាមអង្គការអន្តរជាតិមួយដែលធ្វើការពាក់ព័ន្ធនឹងទឹក និងអនាម័យ ឈ្មោះថា Water.org ប្រជាជនកម្ពុជាជាង ២ លាននាក់ខ្វះទឹកស្អាតប្រើប្រាស់ និង ៣ លាននាក់ខ្វះលទ្ធភាពទទួលបានអនាម័យប្រសើរ។
ចំណែកអង្គការសុខភាពពិភពលោកបញ្ជាក់ថា ទឹកកខ្វក់ និងអនាម័យមិនល្អ បណ្តាលឲ្យមានជំងឺអាសន្នរោគ រាគរូស រលាកថ្លើមប្រភេទ A ជំងឺគ្រុនពោះវៀន និងជំងឺស្វិតដៃជើង។ កង្វះការគ្រប់គ្រងទឹក និងអនាម័យ ធ្វើឱ្យបុគ្គលម្នាក់ៗប្រឈមនឹងហានិភ័យសុខភាពខ្ពស់។
ពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល និងកំពុងខ្វះទឹកប្រើប្រាស់ដែរ លោក ណា បញ្ញា និយាយថា នៅតំបន់ដែលលោករស់នៅ មិនមានទឹកស្អាតប្រើប្រាស់ជាច្រើនថ្ងៃមកហើយ។ លោកថា ទឹកជាវត្ថុសំខាន់មិនអាចខ្វះបាន ដែលរដ្ឋាភិបាលគួរតែចេះប៉ាន់ស្មានពីការអភិវឌ្ឍ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមបង្កើតស្ថានីយ៍ចម្រាញ់ទឹកឲ្យបានគ្រប់គ្រាន់ជាមុន។
លោកបន្ថែមថា ក្នុងករណីដែលរដ្ឋាភិបាលមិនអាចផលិតទឹកស្អាតបានទាន់ពេល នោះគួរតែមានវិធានការសម្រួលដល់ពលរដ្ឋក្នុងតំបន់ជាយក្រុង ឲ្យមានទឹកប្រើប្រាស់ក្នុងកម្រិតណាមួយ។
«ក្នុងពេលកាលៈទេសៈនេះ វាជាពេលប្រថុចញ៉ុច មិនអាចផលិតស្ថានីយ៍ចម្រាញ់ទឹកបានទាន់ អ៊ីចឹងគួរតែមានវិធី ដូចថាផ្តាច់តំបន់មួយ មួយថ្ងៃអ៊ីចឹងទៅ ហើយតំបន់មួយទៀតចាំបើកឲ្យមួយថ្ងៃអ៊ីចឹងទៅ។ មួយថ្ងៃម្នាក់ម្តងៗ ប្រើម្នាក់ម្តងអ៊ីចឹងទៅ ដើម្បីកុំឲ្យមានការខ្វះខាត។ មិនមែនម្តងពីរបីថ្ងៃតំបន់មួយ គ្នាបានអីប្រើ?»។
តំបន់ជាយក្រុងនៅរាជធានីភ្នំពេញ ចាប់ផ្តើមប្រឈមនឹងបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអំឡុងរដូវក្តៅ តាំងតែពីឆ្នាំ ២០១៦ មក។ ប៉ុន្តែពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ហាក់មិនដឹងច្បាស់អំពីមូលហេតុ ដែលបណ្តាលឲ្យពួកគេខ្វះខាតទឹកប្រើប្រាស់នៅរដូវក្តៅនោះទេ។
លោក ប៊ុន សារ៉េត អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យផ្នែកបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើកឡើងថា កង្វះទឹកស្អាតសម្រាប់ប្រើប្រាស់នៅជាយរាជធានីភ្នំពេញ គឺបណ្តាលមកពីកំណើននៃការប្រើប្រាស់ទឹកក្នុងរដូវក្តៅ ការផ្គត់ផ្គង់ទឹករបស់រដ្ឋាករមិនទាន់គ្រប់គ្រាន់ និងកំណើននៃការរីកធំរបស់ទីក្រុង។ លោកបន្ថែមថា កង្វះទឹកស្អាតធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
«បញ្ហាដែលជាមុនគេ គឺទាក់ទងជាមួយនឹងអនាម័យ។ ប្រសិនបើអត់មានទឹកគ្រប់គ្រាន់ទេ គឺពួកគាត់ពិបាកក្នុងការស់នៅ មានន័យថា Lifestyle [របៀបរស់នៅ] របស់គាត់គឺវាអត់បានល្អ។ ហើយទីពីរទាក់ទងនឹងអនាម័យ គាត់អត់មានទឹកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ទេ»។
អ្នកជំនាញផ្នែកបរិស្ថានរូបនេះបន្ថែមថា៖ «វាក៏ប៉ះពាល់ដែរទាក់ទងជាមួយនឹងការងារ ដោយសារតែពេលខ្លះគាត់ត្រូវធ្វើការ ជាពិសេសកូវីដអ៊ីចឹង អ្នកខ្លះគាត់ធ្វើការពីផ្ទះ ប្រសិនបើគាត់អត់មានទឹកគ្រប់គ្រាន់ធ្វើឲ្យលទ្ធផលការងារ មានន័យថាគាត់ធ្វើការអត់បានពេញដៃពេញជើង។ អ្នកខ្លះគាត់ត្រូវធ្វើអាជីវកម្មនៅផ្ទះ គាត់ត្រូវចំណាយពេលទៅរកទឹក ធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់គាត់វាអត់សូវបានផលច្រើន»។
បើតាមលោក ប៊ុន សារ៉េត រដ្ឋាភិបាលគួរសិក្សាជាមុនអំពីផលិតភាពនៃការផលិតទឹកស្អាត ជាមួយកំណើនតម្រូវការរបស់ប្រជាពលរដ្ឋ។
«ទាមទារឲ្យមានការចូលរួមពីខាងរាជរដ្ឋាភិបាលដើម្បីជួយ ដូចជាត្រូវធ្វើការសិក្សាលើប្លង់មេរបស់ទីក្រុងភ្នំពេញថា តើទីក្រុងនឹងរីកដល់កម្រិតណា ហើយប្រព័ន្ធស្រោចស្រពនឹងត្រូវការបណ្តាញមេដល់កម្រិតណា ក៏ដូចជាទាក់ទងជាមួយនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត។ រដ្ឋាភិបាលគាត់ត្រូវ plan [មានគម្រោង] មុន ថាតើគាត់ត្រូវពង្រីកឲ្យដល់ណា ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅដល់កំណើនរបស់ប្រជាពលរដ្ឋ»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ ប៉ុន្តែលោកមិនព្រមឆ្លើយតប។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីស្ថានភាពនៃការផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ ២០២២ ដោយបញ្ជាក់ថា រដ្ឋាករទឹកបានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលក្នុងពេលបច្ចុប្បន្ននេះ អាចផលិតទឹកស្អាតបានជាមធ្យម ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
រដ្ឋាករទឹកឲ្យដឹងបន្ថែមថា ប៉ុន្តែដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការទឹកស្អាតកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ដោយមានប្រមាណជា ៨ សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយក្នុងអំឡុងម៉ោងដែលមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ។
បច្ចុប្បន្ននេះ រដ្ឋាករទឹកកំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត ដែលអាចបង្កើនការផលិតទឹកស្អាតបានប្រមាណជា ៤ សែនម៉ែត្រគូបក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា៖ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤ សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ ២០២៣ តទៅបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦ សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១ លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ៧ ឆ្នាំកន្លងមក»។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យដឹងថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ ២០២២ នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ ដូច្នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ជួយសន្សំសំចៃទឹកស្អាតដើម្បីចែករំលែកទឹកដល់អតិថិជនផ្សេងទៀត ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជាយក្រុង។
យ៉ាងណាក្តី អ្នកស្រី វ៉ាន់ វលក្ខណ៍ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់រំពឹងថា ពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ដោយមិនចាំបាច់ប្រើទឹកពីបាសាំងដែលបូមឲ្យប្រើដោយបុរី។
«គេយកមកបូមអ៊ីចឹង វាមានទឹកត្រពាំងទឹកអីអ៊ីចឹង យើងប្រើទៅវាអត់ល្អ ព្រោះទឹកវាសំខាន់។ អត់ទឹកវាពិបាក»៕