រដ្ឋមន្ត្រីការបរទេសក្វាតេម៉ាឡាលោក Mario Bucaro បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសក្វាតេម៉ាឡានឹង «តែងតែគាំទ្រ» កោះតៃវ៉ាន់ជានិច្ច។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ លោក Bucaro បាននិយាយថា ប្រទេសក្វាតេម៉ាឡានិងកោះតៃវ៉ាន់គឺមាន «គោលគំនិតដូចគ្នា» ដែលរួមគ្នាដោយ «សម្ពន្ធភាពប្រជាធិបតេយ្យ»។
លោក Bucaro បានបញ្ជាក់ដូច្នេះថា៖ «ប្រទេសក្វាតេម៉ាឡានឹងតែងតែគាំទ្រតៃវ៉ាន់ជានិច្ច ដោយសារតែយើងមានជំនឿយ៉ាងមុតមាំលើគោលការណ៍សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី»។
ការថ្លែងរបស់លោក Bucaro នេះបានធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាជាច្រើននៅជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi នៅកោះតៃវ៉ាន់កាលពីដើមខែសីហា។
លោក Bucaro មិនបានលើកឡើងអំពីប្រទេសចិននៅក្នុងការថ្លែងរបស់លោកទេ ប៉ុន្តែបាននិយាយថា ទស្សនកិច្ចរបស់លោកទៅកាន់កោះតៃវ៉ាន់នេះគឺជា «ការប្រាប់ដល់ពិភពលោកអំពីសារៈសំខាន់នៃការបង្ហាញសាមគ្គីភាពចំពោះប្រជាពលរដ្ឋតៃវ៉ាន់ នៅក្នុងជំនឿថាមានតែការចរចាតែប៉ុណ្ណោះទេដែលអាចឈ្នះបាននៅពេលដែលប្រឈមនឹងជម្លោះណាមួយ»។
អ្នកស្រី Tsai Ing-wen បានបញ្ជាក់ថា តៃវ៉ាន់គឺជាទិសដៅដំបូងគេនៅទ្វីបអាស៊ីដែលលោក Bucaro បានធ្វើទស្សនកិច្ច តាំងពីពេលដែលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសក្វាតេម៉ាឡាមក។ ជាងនេះទៀត អ្នកស្រីបានថ្លែងអំណរគុណប្រទេសក្វាតេម៉ាឡាសម្រាប់ការគាំទ្រផ្នែកការទូត នៅក្រោយពេលដែលចិនធ្វើសមយុទ្ធយោធា។
ប្រទេសក្វាតេម៉ាឡាស្ថិតក្នុងចំណោមប្រទេសចំនួន ១៤ ដែលនៅតែរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់៕
ក្វាតេម៉ាឡាសន្យាគាំទ្រតៃវ៉ាន់ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់
- Reuters
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ & ទីក្រុងប៉េកាំង ប្រទេសចិន —