ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី គឺជាប្រធានបទយ៉ាងសំខាន់សម្រាប់ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ដោយបានលើកយកមកពិភាក្សាយ៉ាងស្រួចស្រាល់ ដើម្បីចៀសវាងការកាន់អំណាចយូរឆ្នាំពេក និងអាចដឹកនាំប្រទេសកម្ពុជាឈានទៅរកការគ្រប់គ្រងបែបកុម្មុយនីស្ត និងផ្តាច់ការ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះបានផ្តល់យោបល់ថា អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសកម្ពុជាមានរយៈពេលតែ២អាណត្តិតែប៉ុណ្ណោះ គឺមានរយៈពេល១០ឆ្នាំគត់ មិនអាចបន្តកាន់មុខតំណែងរហូតដល់ជិត៣០ឆ្នាំដូចលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបច្ចុប្បន្ននេះទេ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា បើប្រទេសកម្ពុជាអាចកំណត់អាណត្តិនាយករដ្ឋមន្ត្រីវាជាការល្អមួយដើម្បីកុំឲ្យមនុស្សកសាងបាននូវអំណាចប្រមូលផ្តុំឬក៏អំណាចគ្រួសារ បក្ខពួកនិយម នៅពេលដែលខ្លួនកាន់អំណាចរយៈពេលលើសពី១០ឆ្នាំ និងជាការទប់ស្កាត់កុំឲ្យមានការគ្រប់គ្រងតាមរបៀបផ្តាច់ការណាមួយកើតមានឡើង។
ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលមួយដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា។
វាគ្មិនដែលមកចូលរួម មានមន្ត្រីអង្គការសង្គមស៊ីវិលនានាដែលមានបទពិសោធន៍នៅក្នុងសង្គម និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា។
លោកកែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម បានបកស្រាយថា វាមានសារៈសំខាន់ក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដូចជាអាចទប់ស្កាត់នូវចលនាផ្តួលរំលំ ព្រោះថា ចលនាផ្តួលរំលំបានកើតឡើងដោយសារការកាន់អំណាចយូរឆ្នាំពេក។
លោកបាននិយាយថា៖ «យើងអត់ចង់ឃើញការផ្តួលរំលំហ្នឹងទេ។ យើងចង់ឃើញការផ្លាស់ប្តូរបេក្ខភាពនាយករដ្ឋមន្ត្រីដើម្បីចៀសវាងឲ្យបាននូវការផ្តួលរំលំ។ ប៉ុន្តែមុខតែឈានដល់ការផ្តួលរំលំ វាទាល់តែមាននៅក្នុងស្ថានភាពក្នុងបច្ចុប្បន្ននេះ។ មានបក្ខពួកនិយម គ្រួសារនិយមអំពើពុករលួយ អត់ការងារធ្វើ ផ្តាច់ការកាន់តែខ្លាំងឡើងៗ ហើយចុងក្រោយ យើងទទួលរងនូវរបៀបហ្នឹង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់មុខតំណែងអស់រយៈពេលជិត៣០ឆ្នាំហើយ។ ប្រសិនណាបើលោកនៅបន្តកាន់កាប់មុខតំណែងជានាយករដ្ឋមន្ត្រីបន្ត៥ឆ្នាំទៀត នោះលោកនឹងបានកាន់កាប់តួនាទីនេះអស់រយៈពេលជាង៣៤ឆ្នាំដែលធ្វើឲ្យលោកជាប់ឈ្មោះជាអ្នកកាន់មុខតំណែងនេះយូរជាងគេក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០។
លោកស្រីរស់ សុភាព នាយិកាគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយមានប្រសាសន៍ថា កាលណានាយករដ្ឋមន្ត្រីធ្វើការយូរទៅ វាមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើន ទាំងរឿងល្អនិងរឿងអាស្រូវ មិនល្អ។
លោកស្រីបានឲ្យដឹងថា មានពេលខ្លះនយោបាយរបស់យើងមិនឯករាជ្យដែលធ្វើឲ្យយើងប្រើអំណាចជ្រុល និងចេះតែជ្រៅទៅៗ ពិបាកក្នុងការវិលត្រឡប់មកវិញ។
លោកស្រីនិយាយថា៖ «បើសិនមានកំណត់ អាចអ្នកផ្សេងគេទទួលខុសត្រូវទៅ។ អញ្ចឹងឲ្យអ្នកផ្សេងដែលគេលើក ដែលគេសិក្សា ដែលគេរៀនបទពិសោធន៍ពីអ្នកមុន។ គេនឹងធ្វើតាមមេរៀនបទពិសោធន៍ហ្នឹង អាចនឹងមានការប្រែប្រួលថ្មីមួយទៀត»។
លោកសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈមានប្រសាសន៍ថា មិនចាំបាច់កំណត់អាណត្តិនាយករដ្ឋមន្ត្រីដោយផ្ទាល់ ក៏ប៉ុន្តែយើងត្រូវកំណត់អាណត្តិអ្នកតំណាងរាស្ត្រវិញគឺឲ្យឈរឈ្មោះជាអ្នកតំណាងរាស្ត្របានត្រឹមតែពីរអាណត្តិតែប៉ុណ្ណោះ ពីព្រោះតាមគោលការណ៍ច្បាប់ នាយករដ្ឋមន្ត្រីកើតចេញពីតំណាងរាស្ត្រដូច្នេះ បើកំណត់អាណត្តិតំណាងរាស្ត្រពីរអាណត្តិនោះនាយករដ្ឋមន្ត្រីក៏មានតែពីរអាណត្តិដែរ។
លោកនិយាយថា៖ «ពីព្រោះនាយករដ្ឋមន្ត្រីចេញពីណាមក? នាយករដ្ឋមន្ត្រីមិនចេញពីតំណាងរាស្ត្រ? អញ្ចឹងបើយើងកំណត់តំណាងរាស្ត្រហើយមានន័យថាដូចជាយើងកំណត់អាណត្តិនាយករដ្ឋមន្ត្រី។ បើអ្នកឯងមិនអាចឈរជាតំណាងរាស្ត្រដល់បីអាណត្តិ មានឈ្មោះអីទៅឈរជានាយករដ្ឋមន្ត្រីទៀត ពីព្រោះច្បាប់គេចែងថា បេក្ខជនតំណែងនាយករដ្ឋមន្ត្រីមានតែតំណាងរាស្រ្តតែពីរអណត្តិ»។
វីអូអេបានព្យាយាមទាក់ទងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺ តែមិនអាចទាក់ទងបានទេនៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែលោកញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាទេ៕