របាយការណ៍របស់អង្គការការពារបរិស្ថានពិភពលោកមួយឈ្មោះGlobal Witness បានចង្អុលបង្ហាញចំៗថា ឧកញ៉ាទ្រី ភាព ដែលជាអ្នកជំនួញខ្មែរល្បីល្បាញម្នាក់ ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយនាំឈើប្រណិតៗទាំងនោះចេញទៅលក់នៅក្នុងប្រទេសចិន។
របាយការណ៍នោះបាននិយាយថា ឈើប្រភេទល្អៗជាច្រើន រួមទាំងក្រញ៉ូង ត្រូវគេនាំចេញតាមកប៉ាល់ទៅកាន់ប្រទេសចិនចំនួន៩០០ម៉ែត្រត្រីគុណជារៀងរាល់ថ្ងៃ ដែលឈើទាំងនោះត្រូវកាប់ចេញពីតំបន់ការពារ និងឧទ្យានជាតិកម្ពុជា ដែលល្មើសច្បាប់ដ៏តឹងរ៉ឹង ដែលការពារប្រភេទឈើប្រណិតៗ។ ច្បាប់នេះមានសុពលភាពចាប់ពីឆ្នាំ២០០២មកម៉្លេះ។
របាយការណ៍របស់ Global Witness បានបញ្ជាក់ថា មហាសេដ្ឋី ឧកញ៉ាទ្រី ភាព ដែលគេស្គាល់ថា ជាមហាសេដ្ឋីលេចធ្លោ និងធ្លាប់ជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះគឺជាអ្នកដឹកនាំការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងឈើនាំចេញដោយមានការជួយពីមន្ត្រីគយ មន្ត្រីបរិស្ថាន និងមន្ត្រីអាជ្ញាធររដ្ឋាភិបាលផងដែរ។ លោកស្រី មីហ្គេន មែកខីនណេស (Megan MacInnes) នៃអង្គការ Global Witness បានថ្លែងថា៖
«ទ្រី ភាពនិងបណ្តាញរបស់គាត់កំពុងបំផ្លាញព្រៃឈើសេសសល់ចុងក្រោយរបស់ប្រទេសកម្ពុជា ហើយប្លន់សហគមន៍ជនជាតិភាគតិចនូវជីវភាពរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រីក្នុងប្រទេសកម្ពុជា ដែលមានភារកិច្ចបញ្ឈប់ការបំផ្លិចបំផ្លាញទាំងនេះ បែរជាកំពុងរួមគំនិតធានាឲ្យការរត់ពន្ធឈើឆ្លងកាត់ចេញផុតដោយសុវត្ថិភាព ហើយត្រូវនាំចេញហាក់ដូចជាឈើស្របច្បាប់»។
លោកស្រីបានអះអាងបន្ថែមថា អ្នកទិញគ្រែបួនជ្រុង និងតុដែលប្រើប្រាស់ឈើអស់ដ៏ច្រើន ហើយដែលមានតម្លៃដ៏ខ្ពស់នៅក្នុងប្រទេសចិននោះ ប្រហែលជាអាចចំណាយប្រាក់ខ្ជះខ្ជាយដោយមិនដឹងខ្លួន ដោយគ្រាន់តែចង់បានឈ្មោះថា ជាបងធំខាងគ្រឿងឈើ។
យោងតាមឯកសារនាំឈើចេញតាមច្រកកំពុងផែខេត្តព្រះសីហនុ ដោយក្រុមហ៊ុន ទ្រី ភាពនោះ អង្គការ Global Witness បានបង្ហាញថា ឈើនាំចេញនោះមានតម្លៃរហូតដល់ទៅ៥លាន៦សែនដុល្លារស.រ.អា. ហើយនាំចេញទៅហុងកុង។ អង្គការ Global Witness ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស បាននិយាយថា ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាពទទួលបានកម្មសិទ្ធិដីសម្បទានសេដ្ឋកិច្ចដើម្បីអភិវឌ្ឍ និងទិញឈើដែលរឹបអូសដោយភ្នាក់ងារអនុវត្តច្បាប់ដើម្បីលក់បន្តនិងនាំចេញ យកចំណេញ។
«ការកាប់បំផ្លាញព្រៃឈើចុងក្រោយរបស់ប្រទេសកម្ពុជាដោយក្រុមហ៊ុនទ្រី ភាពនេះគឺដូចគ្នាទៅនឹងការឆក់ប្លន់ទាំងកណ្តាលថ្ងៃត្រង់។ ក្រុមហ៊ុននេះបានរំលោភច្បាប់ដែលមានគោលបំណងការពារពលរដ្ឋកម្ពុជា និងតំបន់ប្រព័ន្ធអេកូឡូស៊ី ដែលជាការពឹងអាស្រ័យរបស់ពលរដ្ឋ។ ការរំលោភនេះធ្វើឡើងហើយម្តងទៀត ដោយឥតអៀនខ្មាស់។ បញ្ហានេះជាឧទាហរណ៍មួយទៀតមកពីកម្ពុជាដែលបង្ហាញអំពីអំណាចនយោបាយ និងផលប្រយោជន៍អាជីវកម្ម ធ្វើឲ្យសិទ្ធិពលរដ្ឋ ចុះខ្សោយ ហើយនឹងការច្បាមកាន់កាប់លក់ដុំនូវធនធានធម្មជាតិជាច្រើនរបស់ប្រទេស ដោយក្រុមឥស្សរជនកាន់អំណាចដ៏ពុករលួយរបស់ប្រទេសនោះ»។
វីអូអេ បានព្យាយាមទាក់ទងក្រុមហ៊ុនលោកឧកញ៉ាទ្រី ភាព និងលោកឧកញ៉ាទ្រីភាពតាមទូរស័ព្ទដើម្បីសុំការឆ្លើយតប តែមិនអាចទាក់ទងបានទេ។ អ្នកនាំពាក្យក្រសួងបរិស្ថានគឺលោកសៅ សុភាពបានអះអាងថា លោកកំពុងជាប់ប្រជុំនៅក្រៅក្រសួង ពេលសុំអត្ថាធិប្បាយអំពីរបាយការណ៍ Global Witness។ តែលោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានអះអាងថា ឈើនាំចេញទាំងនោះមានអាជ្ញាបណ្ណពីរដ្ឋាភិបាល ហើយអង្គការក្រៅរដ្ឋាភិបាលអាចប្រើប្រាស់តុលាការដើម្បីតតាំងបាន។ លោកបានចាត់ទុកថា ការលើកឡើងក្នុងរបាយការណ៍របស់អង្គការ Gloabl Witness ជាការលើកឡើងខុសនិងជាការវាយប្រហារមកលើរាជរដ្ឋាភិបាល។
«ដូច្នេះអង្គការក្រៅរដ្ឋាភិបាលគ្រាន់តែបានលើកឡើងមិនទាន់ចំទិសដៅនូវអ្វីដែលយើងចង់បានទេ ព្រោះឈើដែលនាំចេញទៅជាឈើដែលរដ្ឋាភិបាលចេញអាជ្ញាបណ្ណឲ្យ ដែលគេមានការប្រតិបត្តិបានត្រឹមត្រូវ ទាំងការបង់ពន្ធការនាំចេញ និងការនាំចេញទៅក្រៅប្រទេសនេះឯង។ ដូច្នេះការលើកឡើងនេះគ្រាន់តែជាជ្រុងមួយដែលគ្រាន់តែថា អូ! នាំចេញច្រើន។ តែអ្វីដែលការនាំចេញហ្នឹងគឺឆ្លើយ តបជាមួយនឹងគោលការណ៍ច្បាប់ព្រៃឈើក៏ដូចជាការងារពន្ធដារ។យើងឃើញថា គេធ្វើត្រឹមត្រូវរបស់គេ»។
ក៏ប៉ុន្តែលោកស្រីមីហ្គេន មែកខីនណេស (Megan MacInnes) នៃអង្គការ Global Witness បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ដើម្បីបញ្ជៀសការកាប់បំផ្លាញព្រៃឈើក្រាស់ៗ និងតាមតំបន់ព្រៃឈើដែលអ្នកស្រុកពឹងអាស្រ័យនោះ។
«រាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយជាបន្ទាន់និងការពារឲ្យប្រសើរ មិនឲ្យមានការកាប់កាប់ឈើខុសច្បាប់ ហើយគួរការពារឈើដែលជិតផុតពូជ និងសិទ្ធិសហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។ រាជរដ្ឋាភិបាលត្រូវចាត់វិធានការស៊ើបអង្កេតលើភស្តុតាង ដែលឧកញ៉ា ទ្រី ភាព និងអ្នកនៅក្រោមបង្គាប់របស់គាត់ពាក់ព័ន្ធសកម្មភាពកាប់ឈើខុសច្បាប់យ៉ាងច្រើន។ ក្រុមអាជ្ញាធរហុងកុងនិងប្រទេសចិនដីគោកត្រូវផ្អាកការនាំចូលឈើប្រណិតដែលចិនហៅ Hongmu ដ៏កម្រទាំងអស់ពីប្រទេសកម្ពុជា ហើយផ្តួចផ្តើមធ្វើច្បាប់ ដែលអាចហាមប្រាមការនាំចូល ការធ្វើជំនួញ និងការកែច្នៃឈើប្រណិត ដែលប្រមូលបានដោយខុសច្បាប់ ហើយនឹងផលិតផលដែលមានប្រភពចេញពីឈើប្រភេទនេះ»។
របាយការណ៍របស់អង្គការ Global Witness បានបង្ហាញថា ឈើ៨៥ភាគរយជាឈើប្រណិតដែលចិនហៅ Hongmu នោះ ត្រូវគេនាំទៅលក់ក្នុងប្រទេសចិន ហើយចំនួននេះបង្ហាញកំណើន១៥០ភាគរយនៃការនាំឈើ Hongmu ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤។ របាយការណ៍ ដដែលក៏បានបង្ហាញរូបភាពដឹកជញ្ជូនឈើតាមកុងតឺនឺ ការដឹកឈើក្នុងស្រុក ការដឹកឈើតាមកប៉ាល់ទឹកទៅកាន់ប្រទេសចិន ការកាប់បំផ្លាញព្រៃឈើ និងដីវាលដែលត្រូវឈូសឆាយបំផ្លាញព្រៃឈើ ហើយនឹងរូបថតលោកឧកញ៉ាទ្រី ភាព និងរូបថតរបស់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ឆ្នើមដែលត្រូវគេបាញ់សម្លាប់កាលពីឆ្នាំ២០១២ជាដើម៕