ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ហ្គ្រោអង់ឡង់​ឆ្លើយ​ទៅ​លោក Trump ថា​ ហ្គ្រោអង់ឡង់​មិនមែន​សម្រាប់​លក់​ទេ


រូបឯកសារ៖ ផ្ទាំង​ទឹកកក​ធំៗ​អណ្តែត​ទៅ​ឆ្ងាយ​ពេល​ព្រះអាទិត្យ​រះ​នៅជិត​ក្រុង Kulusuk នៅ​ហ្គ្រោអង់ឡង់ (Greenland) កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩។
រូបឯកសារ៖ ផ្ទាំង​ទឹកកក​ធំៗ​អណ្តែត​ទៅ​ឆ្ងាយ​ពេល​ព្រះអាទិត្យ​រះ​នៅជិត​ក្រុង Kulusuk នៅ​ហ្គ្រោអង់ឡង់ (Greenland) កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩។

មេដឹកនាំ​ហ្គ្រោអង់ឡង់ (Greenland) បាន​ឆ្លើយតប​ទៅនឹង​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​ថា ហ្គ្រោអង់ឡង់​មិនមែន​សម្រាប់​លក់​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត័មាន Reuters។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយពី​លោក Trump បាន​និយាយ​អំពី «កម្មសិទ្ធិ​និង​ការ​គ្រប់គ្រង» ដែន​កោះ​ដ៏​ធំ​មហិមា​នៅ​តំបន់​អាកទិក​នេះ ដែល​ដែន​កោះ​នេះ​គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ដាណឺម៉ាក​អស់​ជាង ៦០០ ឆ្នាំ​មក​ហើយ។

នាយករដ្ឋមន្ត្រី​ហ្គ្រោអង់ឡង់​លោក Mute Egede បាន​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ថា៖ «ហ្គ្រោអង់ឡង់​ជា​របស់​យើង។ យើង​មិន​មែន​សម្រាប់​លក់​ទេ ហើយ​នឹង​មិន​លក់​ជា​ដាច់ខាត។ យើង​មិន​ត្រូវ​បាត់បង់​ការ​តស៊ូ​ដ៏​យូរ​មក​ហើយ​របស់​យើង​ដើម្បី​សេរីភាព​នោះទេ»។

កាលពី​ថ្ងៃ​អាទិត្យ លោក Trump បាន​ប្រកាស​ថា​លោក​បាន​ជ្រើសរើស​លោក Ken Howery អតីត​ប្រេសិត​របស់​អាមេរិក​ប្រចាំ​ប្រទេស​ស៊ុយអែត ឲ្យ​ធ្វើជា​ឯកអគ្គរដ្ឋទូត​របស់​លោក​ប្រចាំ​ប្រទេស​ដាណឺម៉ាក ហើយ​លោក Trumpបាន​និយាយ​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ដែនដី​ហ្គ្រោអង់ឡង់​ដែល​ជា​ផ្នែក​ពាក់កណ្តាល​ស្វ័យត​របស់​ដាណឺម៉ាក​និង​ជា​កន្លែង​ឈរជើង​របស់​មូលដ្ឋាន​ទ័ព​អាកាស​ដ៏​ធំ​របស់​អាមេរិក។

លោក Trump បាន​សរសេរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ Truth Social ថា៖ «ដើម្បី​សន្តិសុខ​ជាតិ​និង​សេរីភាព​ទូទាំង​ពិភពលោក សហរដ្ឋ​អាមេរិក​មាន​អារម្មណ៍​ថា​កម្មសិទ្ធិ​និង​ការ​គ្រប់គ្រង​ហ្គ្រោអង់ឡង់​គឺ​ជា​ភាព​ចាំបាច់​ដាច់ខាត»។

លោក Trump ដែល​នឹង​ចូល​កាន់តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខនេះ មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការ​លើកឡើង​របស់​លោក​នោះទេ។

ដែន​កោះ​ហ្គ្រោអង់ឡង់​នេះ ដែល​មាន​រដ្ឋធានី​នូក​នៅ​កៀក​នឹង​រដ្ឋ New York របស់​អាមេរិក​ជាង​រាជធានី​កូប៉ិនហាក​របស់​ដាណឺម៉ាក សម្បូរ​ទៅ​ដោយ​រ៉ែ ប្រេង និង​ឧស្ម័ន​ធម្មជាតិ។ តែ​ការ​អភិវឌ្ឍ​នៅ​ទីនោះ​នៅ​មាន​ភាព​យឺតយ៉ាវ​ដោយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កោះ​នោះ​ពឹង​អាស្រ័យ​លើ​ការ​នេសាទ​និង​ការ​ឧបត្ថម្ភ​ធន​ប្រចាំ​ឆ្នាំ​ពី​ប្រទេស​ដាណឺម៉ាក៕

XS
SM
MD
LG