រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហភាពអឺរ៉ុបមានគម្រោងធ្វើសន្និសីទតាមទូរស័ព្ទដើម្បីថ្លឹងថ្លែងសំណើពីប្រទេសក្រិកដែលរួមរិតដោយបំណុលសម្រាប់ប្រាក់កម្ចីនូវនាទីចុងក្រោយ បន្ទាប់ពីក្រិកមិនអាចសងបំណុលដែលមានទឹកប្រាក់ចំនួន១ពាន់៨រយលានដុល្លារដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ប្រាក់កម្ចី៣២ពាន់៤រយលានដុល្លារពីមូលនិធិគ្រាអាសន្នរបស់អឺរ៉ុបនឹងក្លាយជាការខំប្រឹងប្រែងចុងក្រោយដើម្បីរក្សាប្រទេសក្រិកនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានសម្រេចកាលពីថ្ងៃអង្គារមិនបន្តកម្មវិធីផ្តល់ប្រាក់សម្រាប់សេដ្ឋកិច្ចក្រិកដែលនឹងអាចឲ្យក្រិកសងបំណុលរបស់ខ្លួនដល់ម្ចាស់បំណុល។
លោក Jeroen Dijsselbloem រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា វាជាការឆ្កួតដើម្បីបន្តកម្មវិធីនេះដល់ប្រទេសក្រិកនោះ។
នៅថ្ងៃពុធនេះ សាខាធានាគាររាប់ពាន់នៅទូទាំងប្រទេសក្រិកបានបើកប្រាក់ដល់អ្នកចូលនិវត្តន៍ដែលមិនមានកាតអេធីអឹម (ATM) ហើយត្រូវការដកប្រាក់នោះ។
កាលពីថ្ងៃអង្គារដែរ ទីភ្នាក់ងារឲ្យពិន្ទុ Fitch បានបញ្ចុះពិន្ទុឥណទានរបស់ក្រិកដែលបន្តធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ ដែលមានន័យថា ខ្លួនពិចារណាថា ប្រទេសនេះ ទំនងគ្មានប្រាក់សងបំណុលនោះទេ។
រដ្ឋាភិបាលទីក្រុងអាថែនក៏បាននិយាយដែរថា ខ្លួនអាចលុបចោលការបោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យអំពីថាតើក្រិកនឹងយល់ព្រមធ្វើកំណែទម្រង់សេដ្ឋកិច្ច ហើយនិងកាត់បន្ថយការចំណាយបន្ថែមទៀតនៅក្នុងការដោះដូរសម្រាប់ប្រាក់កម្ចីដែរ ឬទេ ប្រសិនបើម្ចាស់បំណុលរបស់ខ្លួនយល់ព្រមបើកការចរចាថ្មីនោះ៕