ក្រុមប្រឹក្សាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលជាសមាជិកគណបក្សសង្គ្រោះជាតិមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរាប់ពាន់នាក់ នឹងត្រូវបាត់បង់ប្រាក់បៀវត្សរ៍ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគណៈអភិបាលរាជធានី ខេត្ត អនុវត្តគោលការណ៍ និងនីតិវិធីចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនោះ។
កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ ពីការអនុវត្តគោលការណ៍ និងនីតិវិធីចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ជូនទៅអភិបាលនៃគណៈអភិបាលរាជធានីខេត្ត។
ក្នុងលិខិតនោះ លោក ស ខេង បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌដែលកំពុងស្ថិតក្នុងមុខតំណែងរបស់គណបក្សមួយចំនួន ដែលបានទៅឈរឈ្មោះជាបេក្ខជនពេញសិទ្ធិ ឬបេក្ខជនបម្រុងរបស់គណបក្សថ្មីមួយទៀត ដែលមិនមែនជាគណបក្សនយោបាយដំបូងដែលពួកគេបានជាប់ឆ្នោតជាសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ នៃគណបក្សនយោបាយនោះ ត្រូវបាត់បង់តំណែងពេញសិទ្ធិ និងតំណែងបម្រុង។
លោក ស ខេង បានបន្ថែមក្នុងលិខិតនោះថា ការអនុវត្តនេះ ត្រូវអនុលោមតាមមាត្រា១៥ និង១៦ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ។
ករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពរបស់បុគ្គលនោះ ក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ។ ទន្ទឹមនឹងនោះ សមាជិកគណបក្សនយោបាយត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនក្នុងករណីបានលាឈប់ ឬបានបោះបង់សមាជិកភាពនៃគណបក្សនយោបាយរបស់ខ្លួន។
ក្នុងលិខិតដដែលនោះ លោក ស ខេង បានបញ្ជាតាមរយៈការសរសេរក្នុងន័យដើមថា៖
«សមាជិកក្រុមប្រឹក្សាដែលបានបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ ឬសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌហើយនោះ សាមីខ្លួននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទៀតឡើយ។ ទន្ទឹមនឹងនេះ អង្គភាព ឬមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រង និងការបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សានោះ ត្រូវធ្វើការត្រួតពិនិត្យ និងចាត់វិធានការនានាពាក់ព័ន្ធនឹងការបើកប្រាក់ឧបត្ថម្ភរបស់សាមីខ្លួន ស្របទៅតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សមួយចំនួន បានទៅបម្រើការងារក្នុងនាមជាក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិ។ លោកបន្ថែមថា តំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងត្រូវបានលុបចោល ប្រសិនបើគណបក្សទាំងពីរនេះមិនជ្រើសរើសសមាសភាពក្រុមប្រឹក្សាថ្មីមកជំនួសកន្លែងក្រុមប្រឹក្សាដែលនៅទំនេរ។
លោកបញ្ជាក់ថា៖
«គាត់ជាសមាជិករបស់គណបក្សសមរង្ស៊ី គាត់ជាសមាជិករបស់គណបក្សសិទ្ធិមនុស្ស គាត់ជាប់តំណែងដែលអង្គុយកៅអីក្នុងតំណែងរបស់គណបក្សសិទ្ធិមនុស្សទេ របស់គណបក្សសមរង្ស៊ីទេ ប៉ុន្តែនៅពេលគណបក្សសង្គ្រោះជាតិត្រូវចង់ឈរឈ្មោះទៀត គាត់ត្រូវឈរឈ្មោះក្នុងគណបក្សសង្គ្រោះជាតិ។ ដូច្នេះគាត់ត្រូវបាត់បង់តំណែងហើយ បើគាត់ចូលគណបក្សសង្គ្រោះជាតិ ជាសមាជិកសង្គ្រោះជាតិហើយ គឺថាច្បាប់គាត់ត្រូវបាត់បង់ជាស្វ័យប្រវត្តិហើយ គេយកអាបក្សចុងក្រោយហ្នឹងជាផ្លូវការ»។
លោក ខៀវ សុភ័គ បន្ថែមថា ការបោះបង់តំណែងជាក្រុមប្រឹក្សាគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ហើយទៅបម្រើការងារជាក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិនោះ ពួកគេនឹងត្រូវបាត់បង់ប្រាក់បៀវត្សរ៍ និងបាត់បង់សិទ្ធិក្នុងការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាផ្សេងៗទៀត។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិមិនខ្វល់ពីការប្រើប្រាស់គំនាបដែលធ្វើឡើងដោយរដ្ឋាភិបាលនោះទេ។ លោកបន្ថែមថា ក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សភាគច្រើន បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិដោយស្ម័គ្រចិត្ត មិនគិតពីផលប្រយោជន៍។
លោកលើកឡើងថា៖
«យើងមិនទៅខ្វល់ទេរឿងទាំងអស់ហ្នឹង ព្រោះអ្វីដែលសំខាន់គោលដៅរបស់យើងគឺផ្លាស់ប្តូរតាមរយៈការបោះឆ្នោត អញ្ចឹងចង់ប្រើប្រាស់គំនាបរឿងហិរញ្ញវត្ថុបន្តិចបន្តួចអីហ្នឹង វាមិនសំខាន់សម្រាប់អ្នកដែលចង់ឲ្យមានការផ្លាស់ប្តូរទេ»។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ បង្ហាញថា គណបក្សប្រជាជនកម្ពុជាដណ្តើមបានមេឃុំ និងចៅសង្កាត់ចំនួន ១.៥៩២ និងមានក្រុមប្រឹក្សាចំនួន ៨.២៩២នាក់ ខណៈ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកាន់កាប់ឃុំសង្កាត់ចំនួន៤០ និងមានក្រុមប្រឹក្សាចំនួន ២.៩៥៥នាក់។
លោកស្រី ហាន រដ្ឋា ក្រុមប្រឹក្សាឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមកពីគណបក្សសម រង្ស៊ី និងកំពុងជាសមាជិកគណបក្សសង្គ្រោះជាតិ លើកឡើងថា ការបញ្ជាឲ្យបញ្ឈប់ការបើកប្រាក់បៀវត្សរ៍ និងបញ្ឈប់ការចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់លោកស្រី និងប៉ះពាល់ដល់ការសម្រេចលើគម្រោងអភិវឌ្ឍន៍ឃុំផ្សេងៗទៀត។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖
«គម្រោងនៅក្នុងឃុំដូចជាធ្វើផ្លូវថ្នល់ មានការប្រជុំ មានការដេញថ្លៃអីហ្នឹង អាហ្នឹងស្ទះហើយ ត្រូវមានគណបក្សប៉ុន្មានហ្នឹងចូលរួម។ ដូចជាដេញថ្លៃផ្លូវ គេធ្វើផ្លូវ សិក្សាគម្រោងអីអញ្ចឹង ក្រុមប្រឹក្សាឃុំមានគណៈកម្មការរបស់គេ គណៈកម្មការសកម្មអីអញ្ចឹង។ ប្រសិនជាក្រុមហ្នឹងអត់ទៅចូលរួម ក៏វាស្ទះដែរ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ បន្ទាប់ពីប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជិត ៨លាននាក់ បានចុះឈ្មោះបោះឆ្នោតកាលពីប៉ុន្មានខែមុន៕