រដ្ឋាភិបាលកម្ពុជាបានផ្ញើរបាយការណ៍លម្អិតស្តីពីលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ទៅកាន់គណៈកម្មការអឺរ៉ុប ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីតស៊ូមតិទាក់ទងនឹងគម្រោងព្យួរ «ការអនុគ្រោះពន្ធលើអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)»។
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ VOA តាមសារអេឡិចត្រូនិចតេឡេក្រាម កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសបានផ្ញើរបាយការណ៍ទៅគណៈកម្មការអឺរ៉ុបកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ គឺមួយថ្ងៃក្រោយពីគណៈកម្មការអឺរ៉ុបបិទបញ្ចប់ការសិក្សាលើលទ្ធភាពព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាចូលសហភាពអឺរ៉ុបដែលហៅ «ការអនុគ្រោះពន្ធលើអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬEBA»។
លោកបន្ថែមថា ក្នុងរបាយការណ៍នោះ រដ្ឋាភិបាលបានបកស្រាយបញ្ជាក់លម្អិតគ្រប់ចំណុច និងបង្ហាញពីវឌ្ឍនភាពនៃដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស លំហសេរីភាព និងសិទ្ធិការងារ។
លោកសរសេរបញ្ជាក់ក្នុងន័យដើមថា៖
«អ្វីដែលរាជរដ្ឋាភិបាលរំពឹងចង់បាននោះ គឺស្នើឲ្យគណៈកម្មការអឺរ៉ុបធ្វើសេចក្តីសម្រេចចិត្តប្រកបដោយតម្លាភាព ផ្អែកលើគោលការណ៍ច្បាប់ និងយុត្តិធម៌សម្រាប់កម្ពុជា»។
យ៉ាងណាក្តីលោកកេត សោផាន់ មិនបានបញ្ជាក់ថា តើរបាយការណ៍លម្អិតដែលកម្ពុជាផ្ញើទៅគណៈកម្មការអឺរ៉ុបនោះមានកម្រាស់ប៉ុន្មាន និងមានខ្លឹមសារលម្អិតបែបណានោះទេ។ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា ការបញ្ជូនរបាយការណ៍របស់កម្ពុជាទៅកាន់គណៈកម្មការអឺរ៉ុបនេះ គឺដើម្បីធ្វើការបកស្រាយតបទៅវិញចំពោះចំណោទរបស់គណៈកម្មការអឺរ៉ុប ឆ្ពោះទៅរកលទ្ធភាពដកហូតការអនុគ្រោះពន្ធនាំទំនិញពីប្រទេសកម្ពុជានោះ។
ការផ្ញើរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាទៅកាន់គណៈកម្មការអឺរ៉ុបធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុបបានបញ្ចប់ការពិនិត្យលទ្ធភាពព្យួរ EBA ដល់កម្ពុជា នៅថ្ងៃទី១២ខែសីហា ក្រោយពីធ្វើការសិក្សាអស់រយៈពេលប្រាំមួយខែលើលទ្ធភាពព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាចូលសហភាពអឺរ៉ុប។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ គណៈកម្មការសហភាពអឺរ៉ុបចាប់ផ្តើមដំណើរការពិនិត្យលើលទ្ធភាពព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ចំពោះប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស ការរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសទាក់ទងទៅនឹងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងការដកហូតសិទ្ធិធ្វើនយោបាយពីមន្ត្រីគណបក្សនេះជាង១០០នាក់។ ប៉ុន្តែក្រោយមក មន្ត្រីទាំងនោះត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិធ្វើនយោបាយវិញ ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយគឺតម្រូវឲ្យពួកគេសរសេរលិខិតរួមគ្នាជាក្រុមសុំការអនុញ្ញាតសិទ្ធិធ្វើនយោបាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃច័ន្ទ សមាគមថៅកែរោងចក្រ ឬ GMAC ព្រមានថា កម្មករចំនួន៧៥ម៉ឺននាក់អាចនឹងជួបវិបត្តិអត់ការងារធ្វើ ហើយក្រុមគ្រួសាររបស់ពួកគេចំនួន៣លាននាក់នឹងទទួលរងផលប៉ះពាល់ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាមែននោះ។
លោកអំ សំអាត មន្រ្តីផ្នែកអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ក្រុមការងាររបស់សហគមន៍អឺរ៉ុបនឹងពិនិត្យលើសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា មិនមែនពិនិត្យលើរបាយការណ៍នោះទេ។
«អ្វីដែលនៅជាបញ្ហា គេមើលលើការអនុវត្តជាក់ស្តែងទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួម និងជីវភាពនយោបាយហ្នឹង។ គេមើលទៅលើសមភាពនយោបាយនៅប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងរឿងគណបក្សប្រឆាំង មេដឹកនាំគណបក្សប្រឆាំងអីជាដើម»។
វិស័យវាយនភ័ណ្ឌដែលរួមមានរោងចក្រសម្លៀកបំពាក់ និងរោងចក្រផលិតស្បែកជើងជាដើមគឺជាឧស្សាហកម្មនាំចេញឈានមុខគេនៅកម្ពុជា។ កាលពីឆ្នាំ២០១៨កន្លងទៅ ការនាំចេញផ្នែកវាយនភ័ណ្ឌរបស់កម្ពុជាមានទំហំសរុប១០ពាន់លានដុល្លារអាមេរិក។ ហើយវិស័យនេះស្រូបយកកម្លាំងពលកម្មយ៉ាងតិចចំនួន៨០ម៉ឺននាក់។ ពួកគេភាគច្រើនគឺជាស្ត្រីមកពីជនបទ៕