ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​កម្ពុជា​រិះគន់​ឧត្តមស្នង​ការ​អ.ស.ប.​ខ្លាំងៗ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ទាក់​ទិន​នឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


អ្នកស្រី​ ​Michelle Bachelet​ ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណេវ​​ ​ប្រទេស​ស្វីស​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកស្រី​ ​Michelle Bachelet​ ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណេវ​​ ​ប្រទេស​ស្វីស​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ជាថ្មី​ម្តង​ទៀត​ ​ហើយ​ក៏​មិន​ខុស​ពី​ពេល​មុន​នោះ​ដែរ​ មន្ត្រីជាន់​ខ្ពស់​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការ​សហ​ប្រជា​ជាតិ​​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យ​សម្តី​របស់​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ថ្លែង​ថា​ វា​ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​​ក្នុង​ការ​ទាត់​ចោល​រាល់​ការ​រិះគន់​ ដែល​មាន​លក្ខណៈ​ស្ថាបនា​នោះ។

លោក​ណី សំអុល​ ​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ​ ​(អ.ស.ប.) នៅ​ទីក្រុង​ហ្សឺណេវ ​ប្រទេស​ស្វីស​ បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​អធិប្បាយ​របស់​អ្នកស្រី​ ​Michelle Bachelet​ ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ទាក់​ទិន​ការ​វិវត្ត​នានា​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ ​ដែល​ចេញផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​ គឺមួយ​ថ្ងៃ​ក្រោយការ​ដោះលែងលោក​កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅ​ឃុំ​ប​ណ្តោះអាសន្ន អ្នកស្រី​ Michelle Bachelet​ ​ដែល​ជា​អតីត​ប្រធានាធិបតី​ប្រទេស​ឈីលី​ បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​សម័យ​ប្រជុំ​លើក​ទី​៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ក៏​បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​ប្រឆាំង​ធំ​បំផុត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន។​

ក្នុង​សេច​ក្តីថ្លែង​ការណ៍​របស់​លោក​ណី សំអុល ដែល​បាន​វាយបក​នឹង​សម្តី​របស់​អ្នកស្រី ​Michelle Bachelet​ ​អំពីស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នោះ​ ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ប្រចាំ​នៅ​អ.ស.ប.​រូប​នេះ​ បាន​ផ្តើម​ដោយ​ភាសា​ទន់ភ្លន់​ ​ដោយ​ប្រើ​ពាក្យ​ពេចន៍អបអរ​សាទរចំពោះ​ការណ៍​ដែល​អ្នក​ស្រី​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

ត​មក​ទៀត​ ​លោកណី សំអុល​ ​បាន​ថ្លែង​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«ប៉ុន្តែ​គណៈ​ប្រតិភូ​យើង​ខ្ញុំក៏​មាន​ការ​ខកចិត្ត​ដែល​លោក​ជំទាវ​ឧត្តមស្នង​ការ​ និង​គណៈ​ប្រតិភូ​មួយ​ចំនួន​ ដែល​ផ្អែកលើ​ប្រភព​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នយោបាយ​ បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត​ពាក់​ព័ន្ធ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដោយការ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​សេចក្តី​ត្រូវ​ការ​ជាមូលដ្ឋាន​ និង​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​ការ​សម្រេច​បាន​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ដោយ​ការ​ពុះពារ​យ៉ាង​លំបាក»។​

លោកណី សំអុល បាន​លើក​យក​ការ​បោះឆ្នោតកាលពីខែ​កក្កដា​ មក​ការពារ​ដំណើរ​វិវត្តន៍​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ ដោយ​និយាយថា វាជា​អ្វី​ដែល​កម្ពុជា​មិនធ្លាប់​ទទួល​បាន​ទេ។​

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ទៅបាន​ទទួល​ការ​សាទរ​ថា ​ជា​ព្រឹត្តិ​ការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា​ ដែល​ក្នុងនោះ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ បាន​ចូល​រួម​ប្រកួត​ប្រជែង។​ អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន៨០.០០០​នាក់​ ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រហែល​៥០០​នាក់​ និង​ភ្នាក់ងារ​មកពី​គណបក្សនយោបាយ​នានា​ចំនួន៩០.០០០​នាក់​ បាន​បង្ហាញ​ថា​ ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ យុត្តិធម៌​ និង​តម្លាភាព»។

មន្ត្រី​កម្ពុជា​រូប​នេះបាន​អះអាង​ថា​ ចំនួន​អ្នក​បោះឆ្នោត​ខ្ពស់​រហូត​ដល់៨៣,០២​ភាគរយ​នៃ​ចំនួន​ប្រជាជន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បង្ហាញ​ឲ្យ​ឃើញ​ថា​ «សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​អនុវត្ត​ដោយ​សេរី​ និង​ដោយ​ល្អ​ប្រសើរ»។

លោកណី សំអុល ចាត់​ទុក​ថា​ ​ចំនួន​ភាគរយ​ច្រើន​លើស​លុប​នៃ​អ្នក​បោះឆ្នោត​ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ឲ្យ​បន្ត​អាណត្តិ​ថ្មីរបស់​ខ្លួន​នោះ​ គឺ​ដោយ​សារ​តែ​អ្នក​បោះឆ្នោត​ប្រាថ្នា​ចង់​បាន​ការ​បន្ត​នូវ​សន្តិភាព​ ស្ថិរ​ភាព​ និង​ការ​អភិវឌ្ឍ។​

ក្នុង​ពេល​ថ្លែង​សុន្ទរក​ថា​បើក​សម័យ​ប្រជុំ​លើក​ទី​៣៩​ ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​កន្លង​ទៅ​នោះ​ អ្នកស្រី​ ​Michelle Bachelet​ ​បាន​គូស​បញ្ជាក់​ពី​ការ​ដោះលែង​លោកកឹម សុខា​ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ រួមទាំង​អ្នក​កាសែត​ ​ដោយ​អ្នកស្រី​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​គួរតែ​ដោះ​លែង​ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​ទាំងអស់​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​ឬ​ផ្ដន្ទាទោស​ ​ដោយ​សារ​តែ​ពួកគេ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន។​

ក៏​ប៉ុន្តែ​លោក​ណី សំអុល​ ឯក​អគ្គរាជទូត​ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណេវ ប្រទេស​ស្វីស​ បាន​ឆ្លើយ​តប​ថា​ ជន​ល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​អំណាច​តុលាការ​ មិនមែន​ដោយ​សារ​ពួក​គេ​ជានរណា​នោះទេ​ ប៉ុន្តែ​ដោយ​សារ​បទលើ្មស​ ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ ​រាជរដ្ឋាភិបាល​មិនមាន​តួនាទី​អ្វី​នៅក្នុង​ដំណើរ​ការ​នីតិវិធី​តុលាការ​ ដែល​ជា​ស្ថាប័ន​ដាច់​ដោយឡែក​ និង​ឯករាជ្យនោះទេ។​

លោក​បាន​បញ្ជាក់​តាមន័យ​ដើម​ថា៖​

«ហេតុដូច្នេះ​ហើយ​ ការ​ដោះ​លែង​លោកកឹម សុខា [...] ​ក្រោម​លក្ខខណ្ឌ​តុលាការគឺធ្វើ​ឡើង​ ដោយ​ផ្អែក​លើមនុស្ស​ធម៌​ ដោយ​ស្របតាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើប​សួរ​ ហើយ​ការ​ដោះ​លែង​អ្នក​ជាប់ឃុំ​ និង​អ្នក​ទោស​ថ្មីៗ​នេះគឺ​ជា​ការ​អនុវត្ត​នីតិរដ្ឋ​ ដែល​ជា​កាតព្វកិច្ច​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ និង​រដ្ឋ​ទាំងអស់​ដែល​មាន​មោទន​ភាព​ថា​ ​ខ្លួន​ជាអ្នក​ប្រកាន់​នីតិរដ្ឋ​ dignes de ce nom (ឌីញើដេ សឺណុម)»។

ក្រុម​អ្នកឃ្លាំ​មើល​ដំណើរវិវត្តន៍​សង្គម ​និង​នយោបាយ​នៅ​កម្ពុជាយល់​ថា​ វា​ជា​ប្រពៃណី​របស់​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​តបត​នឹង​ការ​និយាយ​អាក្រក់​អំពីការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ VOA ​ថា​ ជានិច្ច​កាល​ ​រដ្ឋាភិបាល​ខ្មែរ​កម្រ​ទទួល​យក​ការ​រិះគន់​បែប​ស្ថាបនា ​និង​តែងតែ​បាន​ថ្លែង​លើក​សរសើរ​តែពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន។

​លោក​មាន​ប្រសាសន៍​ថា​ ការណ៍​ដែល​មិន​ទទួល​យក​មតិ​រិះគន់ ​អាច​នឹង​ធ្វើ​ប្រទេស​មួយរង​សម្ពាធ​ជា​អន្តរជាតិ​ ប្រសិន​បើ​ប្រទេស​មួយ​នោះនៅ​ទន់​ខ្សោយ​មិនទាន់​អាច​ធ្វើ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន​នោះ។​

«អ៊ីចឹង​បើសិន​ជា​ ប្រទេស​យើង​ហ្នឹង​វា​ជា​ប្រទេស​ ដែល​មាំទាំ​ អាហ្នឹង​វាអត់​អីទេ​ ប៉ុន្តែ​បើ​ប្រទេស​[យើង]​ខ្សោយ​ដែរ​ អានោះ​គឺ​យើង​នឹង​វា​អាចនឹង​ទទួល​រង​នូវឥទ្ធិពល​ វិធាន​ការ​ ឬក៏​រងនូវសម្ពាធ​ ឬក៏​ទណ្ឌកម្ម​ផ្សេងៗ​ពីខាង​ក្រៅ​ បាទ»។​

ដោយ​ឡែក​ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អះ​អាង​ថា​ ​ សុខភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មិនទាន់​មាន​ភាព​ប្រសើរ​ទេ​ បើ​ទោះជា​មាន​ការ​ដោះលែង​អ្នកទោស​មនសិកា​ជា​ច្រើន​នាក់​ហើយ​ក្តី​ ហើយ​កម្ពុជា​បាន​ស្ថិត​ក្នុង​ការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​សហភាព​អឺរ៉ុបផង​ដែរ។​ សហភាព​អឺរ៉ុប​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា។ ​ក្នុង​នោះ​មាន​ផលិត​ផល​កាត់​ដេរ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សភា​សហគមន៍​អឺរ៉ុបប្រជុំ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ករណី​ឃុំឃាំង​លោកកឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

នៅមុនការ​កោះប្រជុំនេះ​ អ្នក​តំណាង​រាស្ត្រ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​បាន​ដាក់​ញត្តិ​រួមគ្នា​មួយស្នើ​ឱ្យ​មាន​ការ​ចេញ​សេចក្តី​សម្រេច​ផ្លូវការ​មួយ ​ដែល​ស្នើ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ដែលមាន​លក្ខណៈ​នយោបាយ​ប្រឆាំង​លោក​កឹម សុខា ​និង​លោក​សម រង្ស៊ី ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​លោក​កឹម​ សុខា ​ហើយ​ស្នើ​ឲ្យ​ពិចារណា​លើ​ឋានៈ​អនុគ្រោះ​ពន្ធ​«រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍»​ និង​ដាក់​ឈ្មោះ​ជន​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជាក្នុង​បញ្ជី​ខ្មៅ​មួយ​ដែល​នឹងត្រូវហាម​ឃាត់​ទិដ្ឋាការ ​និង​ផ្អឹប​ទុក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។

យ៉ាងណាមិញ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ដែលត្រូវ​បាន​រៀបចំ​នៅទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ឯ​ណោះវិញ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ថ្លែង​ថា​ ប្រទេស​ដែល​នៅ​ក្រៅ​តំបន់​ឥណ្ឌូចិន​ គួរកុំមក​ពាក់​ព័ន្ធ​កិច្ចការ​នយោបាយ​នៅក្នុង​តំបន់​នេះ។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន​ សែន។

​ក្នុង​វីដេអូខ្លី​មួយ​បង្ហោះលើ​ទំព័រហ្វេសប៊ុក​របស់​លោកកាលពី​ថ្ងៃពុធ​ លោកហ៊ុន សែន ថ្លែង​ថា៖​

«នៅប្រទេស​ខាងក្រៅ​តំបន់​របស់​យើង​ គេ​តែងតែ​ទះ​ក្បាល​យើង​ផង​ ឲ្យ​ត្រូវ​ធ្វើ​តាម​គេ​ ត្រូវ​ធ្វើ​តាម​នេះ​ តាម​នោះ​ក្នុងពេល​ដែល​លក្ខខណ្ឌ​ តាម​ប្រទេស​នីមួយៗ​ មិន​អាច​ធ្វើ​បាន​ផង​»។​

លោក​បា​ន​បន្ថែម​ថា៖​

«ខ្ញុំ​លើកបញ្ហានេះ​មិនមែន​ចង់​សំដៅ​ជូន​សារ​ទៅ​ប្រទេស​ណា​ទាំង​អស់​ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ ពួក​មេ​គង្គ​នេះ​សុទ្ធ​តែ​ជាពួក​រងគ្រោះខាង​នយោបាយ​ ដូច្នេះ​សុំ​ស្នើ​ថា​ ពួកអ្នក​ក្រៅ​តំបន់​ ដែល​មិន​ដឹង​រឿង​របស់​យើង​ គួរ​ទុក​ឲ្យយើង​ដោះស្រាយ​បញ្ហា​របស់​យើង​បាន​ឬទេ? សូម​អរគុណ»

ការ​ថ្លែង​របស់​លោក​កើត​មាន​ឡើង​ ក្នុង​កិច្ច​ពិភាក្សា​មួយធ្វើ​ឡើង​នៅទីក្រុង​ហាណូយ​ កាល​ពីថ្ងៃ​១២​ ខែ​កញ្ញា​ ឆ្នាំ​ ​២០១៨​ ដែល​មាន​ការ​ចូលរួម​ពីមេដឹកនាំ​មក​ពី​ប្រទេស​ម៉ីយ៉ាន់ម៉ា​ វៀតណាម​ និង​ឡាវ៕

XS
SM
MD
LG