នៅចំថ្ងៃខួប ៣១ ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានសម្ពោធវិមានរដ្ឋធម្មនុញ្ញដើម្បីជាការរំឭកដល់ការបង្កើតរដ្ឋធម្មនុញ្ញដែលមានអាយុកាលយូរជាងគេនៅកម្ពុជា។
ថ្លែងនៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម ថ្លែងថា ជិត ៨ ទសវត្សរ៍ហើយ ដែលកម្ពុជាមិនធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ដើម្បីជានិមិត្តរូប និងជាទីសម្រាប់អបអររដ្ឋធម្មនុញ្ញនៅឡើយ។
លោកបន្តថា កម្ពុជាបាននឹងកំពុងបោះជំហានទៅមុខ សម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ និងរាជរដ្ឋាភិបាលតែមួយ។
លោកថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបាននឹងកំពុងចាក់ឫសក្នុងវប្បធម៌សង្គមនយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណីល្អ តាំងពីបុរាណកាលមក»។
បើតាមលោក អ៊ឹម ឈុនលឹម វិមានរដ្ឋធម្មនុញ្ញត្រូវបានកសាងដោយចំណាយពេលអស់ ១៤ ខែ និងថវិកាចំនួន ២.២៣៨.៨៤៧ដុល្លារអាមេរិក។
គិតចាប់តាំងពីឆ្នាំ ១៩៩៣ មក ក្រោយពេលដែលប្រទេសកម្ពុជាបានចាកចេញឆ្ងាយពីសង្គ្រាម និងត្រឡប់មកសន្តិភាពវិញ មានការតាក់តែងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលក្នុងប្រទេស ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញដែលមានអាយុកាល ៣១ ឆ្នាំនេះ បានកំណត់មាគ៌ានិងប្រព័ន្ធនយោបាយរបស់កម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។
ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលនៅក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញថា នៅថ្ងៃនេះត្រូវជាខួប ៣១ ឆ្នាំ ដែលប្រជាជាតិកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារលើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង ៣០ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ ដ៏ឆ្នើមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា វិមានរដ្ឋធម្មនុញ្ញគឺល្អបានតែរូបភាព ខណៈខ្លឹមសារគឺមិនទាន់បានអនុវត្តពេញលេញនៅឡើយទេក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំក៏ចង់ឧទ្ទិសនៅថ្ងៃសម្ពោធវិមានរដ្ឋធម្មនុញ្ញហ្នឹងឱ្យជាសញ្ញានៃការរំឭកដល់អ្នកនយោបាយហ្នឹង គួរធ្វើយ៉ាងណាដើម្បីឱ្យខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ត្រូវបានអនុវត្តពេញលេញដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍នៃការអនុវត្តច្បាប់»។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ថា ការធ្វើវិមានរដ្ឋធម្មនុញ្ញនេះ រដ្ឋាភិបាលចង់បង្ហាញថា កម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យនិងប្រកាន់ខ្ជាប់ទៅតាមស្មារតី និងខ្លឹមសាររដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាលោកថា ខណៈរដ្ឋាភិបាលប្រទេសនានាក្នុងពិភពលោកកំពុងតែកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋាភិបាលកម្ពុជាគួរតែបង្កើនការសន្សំសំចៃ ហើយយកថវិកាជាតិទាំងនោះទៅធ្វើរឿងដែលជាអាទិភាព និងជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាការបង្កើនគុណភាពអប់រំជាដើម៕
វេទិកាបញ្ចេញមតិ