លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានថ្លែងកោតសរសើរដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដែលបានរួមចំណែកក្នុងការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងបានប្រកាសឱ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍ក្នុងទម្រង់ដដែលសម្រាប់ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
ការចាប់ផ្តើមកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២នេះ កើតមានឡើងក្រោយការបញ្ចប់នៃកម្មវិធីនេះដែលមានរយៈពេល១០ឆ្នាំដូចគ្នាក្នុងដំណាក់កាលទី១ កាលពីចុងឆ្នាំ២០២០កន្លងទៅ និងបន្ទាប់ពីការចុះកិច្ចព្រមព្រៀងរវាងស្ថានទូតជប៉ុន និងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) សម្រាប់ការពង្រឹងតម្លាភាព និងគណនេយ្យភាពនៅក្នុងអភិបាលកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២០ ខែមីនា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។
កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២នេះ នឹងធ្វើឡើងនៅក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។
នៅអំឡុងពេលនៃការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២នោះ លោក ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេចបានលទ្ធផលជាទីមោទនៈ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន។
ក្នុងពិធីប្រកាសខាងលើនោះ លោកនាយកមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខក្រុមមន្ត្រីកម្ពុជាយ៉ាងដូច្នេះ៖ «ខ្ញុំសូមវាយតម្លៃចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាល សម្រេចបានជោគជ័យជាបន្តបន្ទាប់»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖«ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៣អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»។
បើតាមលោកនាយករដ្ឋមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលត្រូវទទួលបាននូវសិទ្ធិអំណាច ធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជន ក្នុងមូលដ្ឋានប្រកបដោយតម្លាភាព សុច្ចរិតភាព នីតិរដ្ឋ និងសមធម៌សង្គម។
ដោយឡែកសេចក្តីប្រកាសរួមរបស់ស្ថានទូតជប៉ុន និងអង្គការUNDP ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឲ្យដឹងថាកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានបំណង«ជំរុញឱ្យមានការអភិវឌ្ឍបែបប្រជាធិបតេយ្យដែលស្មើភាព ត្រឹមត្រូវ មានសមធម៌ និងរាប់បញ្ចូលគ្រប់ភាគីតាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ និងភាពប្រសើរឡើងនៃការទទួលបានការផ្តល់ជូនសេវាសាធារណៈដែលមានគុណភាព»។ ការណ៍នេះនឹងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងគុណភាពរស់នៅដែលប្រសើរឡើងចំពោះរាល់ពលរដ្ឋ។
អ្នកឯកទេសផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ យល់ថាកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានបំពេញសេចក្តីត្រូវការដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលទទួលបានសេវារដ្ឋបាលសាធារណៈប្រសើរជាងមុន។ លោកប្រាប់វីអូអេបន្ថែមថា នៅក្នុងការអនុវត្តកម្មវិធីខាងលើសម្រាប់ដំណាក់កាលទី២ កង្វះខាតថវិកា អាចជាបញ្ហាប្រឈមមួយ បន្ថែមលើការប្រព្រឹត្តអំពើពុករលួយនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន ដែលតោងឱ្យរដ្ឋាភិបាលត្រូវបន្តការប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលធ្វើឱ្យខូចខាតប្រយោជន៍សាធារណៈមួយនេះ។
លោកថ្លែងថា៖ «យើងនិយាយឱ្យចំទៅបញ្ហាពុករលួយ គឺនៅមាន នៅឡើយហើយត្រូវតែបន្ត បន្តប្រយុទ្ធប្រឆាំង ហើយគ្មានវិធីអីក្រៅតែពីធ្វើសកម្មភាពហ្នឹងឱ្យកាន់តែតម្លាភាពទៅ។ ហើយការបង្ហាញផ្សព្វផ្សាយព័ត៌មាន ពីរឿងសេវា ពីរឿងតម្លៃ ពីរឿងពេលវេលាដែលអតិថិជនគាត់មកទាំងអស់ហ្នឹង គឺឱ្យ ឱ្យកាន់តែសុក្រឹត»។
បើតាមលោក ឱក សេរីសោភក្តិ៍ ក្នុងដំណាក់កាលទី១នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានភាពជឿនលឿនទៅមុខជាច្រើននៅក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងនោះមានការបង្កើតច្រកចេញចូលតែមួយ និងការធ្វើឱ្យមានគណនេយ្យភាពសង្គមជាដើម។
នៅក្នុងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២កាលពីថ្ងៃចន្ទដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមមន្ត្រីឱ្យបង្កើនប្រសិទ្ធភាពការងារ តាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញទៅគ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ១៩។ លោកបន្តថាត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។
លើសពីនេះលោក ហ៊ុន សែន ក៏ស្នើរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា «ទីក្រុងមេត្រូប៉ូលីតែន» ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាតម្រូវការសមស្របតាមកំណើនប្រជាជន និងសេវាទីក្រុង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី ប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ការអនុវត្តភារកិច្ចឬអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ជាកិច្ចការដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែប្តេជ្ញាអនុវត្តឱ្យបានជោគជ័យ»៕