ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កោះ​ហៅ​តំណាង​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​ឲ្យ​បំភ្លឺ​របាយការណ៍​មីក្រូហិរញ្ញវត្ថុ


លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរនាក់​ដែល​លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អញ្ជើញ​ឲ្យ​ចូល​ប្រជុំ​ក្នុង​កិច្ចពិភាក្សា​ចង្អៀត​ដែល​ជា​កិច្ចប្រជុំ​បិទ​ទ្វារ​នៅ​រសៀល​ថ្ងៃ​ពុធទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរនាក់​ដែល​លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អញ្ជើញ​ឲ្យ​ចូល​ប្រជុំ​ក្នុង​កិច្ចពិភាក្សា​ចង្អៀត​ដែល​ជា​កិច្ចប្រជុំ​បិទ​ទ្វារ​នៅ​រសៀល​ថ្ងៃ​ពុធទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

រដ្ឋាភិបាល​បាន​កោះ​ហៅ​តំណាង​អង្គការ​ទាំងពីរ​ឲ្យ​ចូល​បំភ្លឺ ក្រោយ​ពី​បាន​សម្តែង​ការមិន​សប្បាយចិត្ត​ចំពោះ​ការលើក​ឡើង​ក្នុង​របាយការណ៍​នោះ។

តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ចំនួន​បីរូប​និង​តំណាង​សមាគម​ធាង​ត្នោត​ចំនួន​ពីរ​រូប ​នឹង​ចូល​បំភ្លឺ​រដ្ឋាភិបាល​នៅថ្ងៃ​ពុធ​ស្អែក​នេះ​ ទាក់​ទង​នឹង​របាយ​ការណ៍បំណុល​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​ចេញ​ផ្សាយ​ដោយអង្គការ​ទាំង​ពីរ។​ ការ​ចេញ​របាយ​ការណ៍​នេះ ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​មិន​ពេញ​ចិត្ត។​

ក្នុង​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពីថ្ងៃទី​៣០ខែសីហា ​លោក​ផៃ ស៊ីផាន ​រដ្ឋ​មន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល ​បាន​អញ្ជើញ​លោក​ស្រី​ពុង ឈីវកេក ​ប្រធាន​អង្គការ​លីកាដូ ​និង​លោក​សឿន សារ៉ន ​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ​ឲ្យ​ចូល​ប្រជុំ​ក្នុង​កិច្ច​ពិភាក្សា​ចង្អៀត​ដែល​ជា​កិច្ច​ប្រជុំ​បិទ​ទ្វារ​នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក​នេះ។ ​កិច្ច​ប្រជុំ​ដែល​ផ្តោត​លើ​ការ​ជជែកអំពី​របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ពីរ ​ក្រោម​ចំណង​ជើង​ថា​ «មីក្រូ​ហិរញ្ញ​វត្ថុ​និង​ផល​ប៉ះពាល់»។​

កាល​ពីដើម​ខែ​សីហា ​អង្គការ​លីកាដូ ​និង​សមាគម​ធាងត្នោត ដែល​បាន​ចេញ​របាយការណ៍​រួម​គ្នា​នេះ ​បាន​លើក​ឡើង​ថា​ ​បច្ចុ​ប្បន្ន​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​២​លាន​នាក់​កំពុង​ជាប់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។

នៅ​ក្នុង​របាយ​ការណ៍​នេះ​ ​អង្គការ​ទាំង​ពីរ​បាន​លើក​ឡើង​ថា​ «ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជា​ពល​រដ្ឋ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ឡើងៗ​ ដែល​នេះ​បណ្តាល​ឱ្យអាច​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួម​មាន​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កម្លាំងពលកម្ម​កុមារ ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សារ​បំណុល ​និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល»។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា​ ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​នឹង​ចូល​រួម​ដោយ​តំណាង​រដ្ឋាភិបាល​តំណាង​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​តំណាង​ពី​ធនាគារ​ជាតិ។

លោក ​អំ សំអាត ​អះអាង​ថា នឹង​មាន​ការ​ពិភាក្សា​ជុំវិញ​របាយ​ការណ៍​របស់​អង្គការ​លីកាដូ ​និង​សមាគម​ធាង​ត្នោត​ខាង​លើ។​

«តាម​ពិត​គឺទាក់​ទង​នឹង​របាយ​ការណ៍​របស់​យើង​ ដែល​យើង​បាន​ចេញ​ផ្សាយ​នេះ​ឯង‍»។​

លោក ​សឿង សារ៉ន ​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ បាន​ប្រាប់ VOA ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​នឹង​ពន្យល់​ក្នុង​កិច្ច​ប្រជុំ​នោះ​ទាក់​ទង​នឹង​អ្វី​ដែល​អង្គការ​ទាំង​ពីរ​បាន​រក​ឃើញ​ដោយ​ផ្អែក​លើ​ភ័ស្តុតាង​ដែល​សម្ភាស​ផ្ទាល់​ជា​មួយ​ក្រុម​ប្រជា​ពលរដ្ឋ។​

«យើង​នៅ​តែ​រក្សា​គោល​ជំហរ​របស់​យើង​ ​ហើយ​អ្វី​ដែល​យើង​រក​ឃើញ​គឺ​ជា​ភ័ស្តុតាង​ក្នុង​របាយ​ការណ៍ ​ដែល​យើង​ជួប​ជាមួយ​នឹង​អ្នក​សម្ភាស​ទាំង​អស់។​ វាជា​ព័ត៌មាន​ជាក់​ស្តែង​ដែលបាន​ទទួល​ពី​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង»។​

VOA បាន​ព្យាយាម​ទាក់​ទងសុំ​ការ​បំភ្លឺ​ពី​លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​ចេញ​លិខិត​កោះ​អញ្ជើញ​តំណាង​អង្គការលីកាដូ ​និង​សមាគម​ធាងត្នោត​ ​តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

របាយ​ការណ៍​ស្តីពី «មីក្រូ​ហិរញ្ញវត្ថុ​និង​ផល​ប៉ះ​ពាល់»​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅក្នុង​ឃុំ​ចំនួន​១០ ​ក្នុង​ខេត្ត​ចំនួន​៤ ​ដូចជា​ខេត្ត​កំពង់ចាម ​កណ្ដាល ​ព្រៃវែង ​ត្បូងឃ្មុំ ​និង​រាជធានី​ភ្នំពេញ។​

​របាយ​ការណ៍​បាន​ធ្វើ​ការ​សម្ភាសពលរដ្ឋចំនួន២៨គ្រួសារ​ ដែល​ធ្លាប់​រង​គ្រោះ​ពី​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដោយសារ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ។​ក្នុង​នោះ​២២​គ្រួសារ​បាន​ប្រាប់​ពី​ការ​បង្ខំ​ឱ្យ​លក់​ដីធ្លី​ ១៣គ្រួសារ​មាន​ប្រើប្រាស់​ពលកម្ម​កុមារ ​១៨គ្រួសារ​មាន​សមាជិក​ចំណាក​ស្រុក​ ២៦​គ្រួសារ​បរិភោគ​អាហារ​គ្មាន​គុណភាព ​និង​២២គ្រួសារ​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ដើម្បី​ដោះ​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

ទោះ​ជាយ៉ាង​ណា​ ​របាយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​ពី​សមាគម​គ្រឹៈស្ថាន​ហិរញ្ញ​វត្ថុ​និង​តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ​តំណាង​នៃ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំង​ពីរ​ធ្លាប់​បាន​និយាយ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​បន្តបន្ទាប់​កាល​ពីចុង​ខែ​សីហា​ថា​ ភ័ស្តុតាង​ដែល​បាន​រក​ឃើញ​ក្នុង​របាយ​ការណ៍​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងពីរ​ខាង​លើ​មិន​អាច​ជឿជាក់​និង​មិន​អាច​ទទួល​យក​បាន​ទេ៕

XS
SM
MD
LG