មន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលនៃប្រទេសកម្ពុជានៅថ្ងៃពុធនេះបានហៅរបាយការណ៍ស្តីពីជនរងគ្រោះដោយសារការខ្ចីបុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរថា គឺជាការឃោសនា ដែលបង្កឲ្យមានការភាន់ច្រឡំ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតបានចេញរបាយការណ៍រួមគ្នាមួយកាលពីពេលថ្មីៗនេះថាមានប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ហើយ«ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល»។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងវេទិកាតុមូលស្តីពីដំណើរការប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃនេះថា ការលើកឡើងដោយមិនបង្ហាញឈ្មោះអង្គការទាំងពីរខាងលើនេះចំៗថា របាយការណ៍នេះគឺជាការឃោសនាដែលនាំឲ្យមានការភាន់ច្រឡំ។
«មានមតិមួយចំនួននៅបន្តរិះគន់ថា វិស័យមីក្រូហិរញ្ញវត្ថុពុំបានជួយអភិវឌ្ឍជាវិជ្ជមានប៉ុន្មានទេ ដោយសារតែវិស័យនេះបានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រអាចធ្លាក់ក្នុងបំណុលលើសលុប។ ការឃោសនាអគតិនេះបានធ្វើឲ្យមានការយល់ច្រឡំពីសាធារណជននិងស្ថាប័នមួយចំនួនទៅលើសមិទ្ធិផលវិស័យមីក្រូហិរញ្ញវត្ថុ។»
លោកអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បកស្រាយបន្ថែមថា «ការពិត» វិស័យមីក្រូហិរញ្ញវត្ថុបានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់តំបន់ដាច់ស្រយាលជាច្រើន ដើម្បីជួយសម្រួលដល់តម្រូវការប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនៅទីនោះ។
របាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោតបានផ្តោតក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញ។ ហើយការសិក្សាស្រាវជ្រាវនេះរួមបញ្ចូលទាំង ករណីសិក្សាលម្អិតចំនួន៧ នៃការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីអ្នកស្រាវជ្រាវបានសម្ភាសន៍ជាមួយនឹងអតិថិជនចំនួន២៨នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានចាត់ទុកថា ការសិក្សាស្រាវជ្រាវដោយផ្អែកលើតែមនុស្ស២៨នាក់ ដែលការណ៍នេះ «មិនគ្រប់ជ្រុងជ្រោយនិងមិនអាចយកជាបានទេ»។
របាយការណ៍របស់អង្គការលីកាដូនិងសមាគមធាងត្នោតបានកត់រៀបរាប់ពិស្តារថា តុល្យភាពឥណទានរបស់មីក្រូហិរញ្ញវត្ថុផ្លូវការ កើនឡើងពីប្រមាណ៣០០លានដុល្លារ ក្នុងឆ្នាំ២០០៨ ដល់ប្រមាណ៥,៤ពាន់លានដុល្លារនាចុងឆ្នាំ២០១៨។
របាយការណ៍បន្តថា ការកំណត់ពិដានអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹម១៨% របស់រដ្ឋាភិបាលមិនបានជួយបន្ធូរបន្ថយដល់បន្ទុករបស់ពលរដ្ឋកម្ពុជាទេ ក៏ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ប្រជាពលរដ្ឋក្រីក្រមិនបានខ្ចីបុលស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានទំហំទឹកប្រាក់ច្រើនដូចដែលត្រូវបានលើកឡើងក្នុងរបាយការណ៍របស់អង្គការទាំងពីរនោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ការពាររបាយការណ៍ដែលអង្គការលោក បានធ្វើជាមួយនឹងសមាគមធាងត្នោត ដោយលោកបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាចំណុចចាប់ផ្តើមមួយដើម្បីធ្វើការសិក្សាស៊ីជម្រៅបន្ថែមទៀតដើម្បីឲ្យ«មាន តម្លាភាព គុណធម៌ និងសីលធម៌»៕