មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា ចំនួនអ្នកទទួលបានបណ្ណក្រីក្រអាចនឹងឡើងទៅដល់ជាង៣ម៉ឺនគ្រួសារបន្ថែមទៀត ដែលនឹងទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងជុំទីពីរខណៈរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ទៅបើកប្រាក់ឲ្យបានមុនថ្ងៃទី២៤ ខែកក្កដានេះ។
មន្រ្តីរដ្ឋាភិបាលបានថ្លែងបែបនេះនៅក្នុងសន្និសីទព័ត៌មានស្តីពីវិធានការទ្រទ្រង់ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះនៅព្រឹកថ្ងៃពុធនេះ។
លោក វង្សី វិស្សុត រដុ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ចំនួនគ្រួសារក្រីក្របន្តកើនឡើង ហើយមន្រ្តីរដ្ឋាភិបាលនឹងចុះបញ្ជីពួកគេឲ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖ «ចំនួនឡើងរហូត! យើងអត់ខ្វល់ទេ ឡើងចុះព្រោះយើងត្រូវជួយ។ ប៉ុន្តែត្រូវធ្វើអត្តសញ្ញាណកម្មឲ្យបានត្រឹមត្រូវ និងយុត្តិធម៌»។ លោកបន្តថា ការផ្តល់ប្រាក់នៅពេលនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋកុំឲ្យអត់បាយហូបក្នុងគ្រាវិបត្តិជំងឺកូវីដនេះ គឺមិនមែនជួយរហូតនោះទេ។
បើតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ៣០០ លានដុល្លារអាមេរិក ហើយក្នុងមួយខែៗ រដ្ឋាភិបាលចំណាយយ៉ាងតិច ២៥ លានដុល្លារ។
កាលពីខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកម្មវិធីជំនួយសង្គមពិសេសដែលនឹងជួយប្រជាជនក្រីក្រ ដែលមានបណ្ណក្រីក្រ១ និង ២។ ពីដើមឡើយ ចំនួននេះមានរហូតទៅដល់ ៥៦ ម៉ឺនគ្រួសារដែលស្មើប្រជាពលរដ្ឋប្រមាណ ២ លាន ៣ សែននាក់។
ក្នុងសន្និសីទនេះដែរ លោកសំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា មានប្រសាសន៍ថា គ្រួសារប្រមាណ៩០ភាគរយទទួលបានប្រាក់ គឺនៅសល់ប្រមាណ៦ម៉ឺនគ្រួសារទៀតដែលមិនទាន់បើកប្រាក់។លោកអំពាវនាវឲ្យពួកគេប្រញាប់មកបើកប្រាក់ឧបត្ថម្ភតាមរយៈវីង ដែលនៅជិតពួកគេ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងទេជុំនេះត្រូវចប់នៅថ្ងៃទី២៤ ខែ៧។អ៊ីចឹងប្រជាជនដែលនៅសេសសល់សុំអនុញ្ញាតទៅបើកឲ្យបានមុនហ្នឹង។ដោយឡែកប្រជាពលរដ្ឋដែលបានបើកហើយ សូមអញ្ជើញទៅបើកនៅថ្ងៃទី២៥ ខែ៧ រហូតដល់ថ្ងៃទី២៤ ខែ៨»។
លោកក៏ជំរុញឲ្យប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដដាក់ពាក្យ ដើម្បីឲ្យអាជ្ញាធរឃុំទៅវាយតម្លៃ។ លោកបន្តថា ចំនួនគ្រួសារដែលទទួលបានបណ្ណអាចនឹងកើនឡើងទៅដល់ចន្លោះ ៣ ទៅ ៤ ម៉ឺនគ្រួសារទៀត គឺស្មើនឹងប្រជាជនជាង ១០ ម៉ឺននាក់ទៀតសម្រាប់ជុំទីពីរ។
លោក សំហេង បុរស ឲ្យដឹងទៀតថា កន្លងទៅ ក៏មានការប្តឹងតវ៉ាច្រើនពីប្រជាពលរដ្ឋផងដែរថា តើហេតុអ្វីបានជាពួកគេមិនទទួលបានប្រាក់ពីកម្មវិធីជំនួយសង្គមនេះ។ប៉ុន្តែមន្រ្តីរបស់ក្រសួងបានចុះទៅពិនិត្យមើលផ្ទាល់ ហើយឃើញថា ស្ថានភាពជាក់ស្តែង ពួកគេមិនមែនក្រនោះទេ។
លោកមានប្រសាសន៍ថា៖ «ក្រុមការងាររបស់យើងចុះទៅតាមផ្ទះទាំងអស់។យើងទៅដល់ឃើញស្ថានភាពរបស់គាត់អ្នកខ្លះមានផ្ទះថ្ម។អ្នកខ្លះមានម៉ូតូ អ្នកខ្លះមានអី។ហើយគាត់តែងតែលើកឡើងថា គាត់ហ្នឹងពិបាកណាស់។ប៉ុន្តែនៅពេលគាត់ដាក់គ្រួសារគាត់ ប្រៀបធៀបជាមួយអ្នកទទួលផល គាត់ថាគាត់អត់យកក៏បានដែរ»។
បើតាមតារាងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ គ្រួសារក្រីក្រនៅទីប្រជុំជននៅភ្នំពេញនិងនៅទីប្រជុំជនតាមខេត្តនានា នឹងទទួលបាន ១២ ម៉ឺនរៀល ក្នុងមួយគ្រួសារ។ បន្ថែមពីនេះទៀត សមាជិកគ្រួសារម្នាក់ទទួលបាន ៤ ម៉ឺនរៀល ហើយកុមារអាយុក្រោម ៥ឆ្នាំ នឹងទទួលបាន ៤ម៉ឺនរៀល ក្នុងមួយនាក់។ ចំណែកគ្រួសារក្រីក្រនិងងាយរងគ្រោះនៅតាមជនបទក្នុងបណ្តាខេត្តនានា មួយគ្រួសារនឹងទទួលបានចំនួន ៨ ម៉ឺនរៀល។ សមាជិកគ្រួសារម្នាក់ទទួលបាន ២៤.០០០ រៀល និងកុមារអាយុក្រោម ៥ ឆ្នាំ ទទួលបាន ២៤.០០០ រៀល។
អ្នកស្រី សេង លុយ អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់ដំបង បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា អ្នកស្រីមានបណ្ណក្រីក្រកម្រិតពីរហើយកាលពីថ្ងៃទី៣ ខែកក្កដា អ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៥ម៉ឺនរៀល ប៉ុន្តែអ្នកស្រីមិនដឹងថា តើការគណនាបែបម៉េចនោះទេ។ អ្នកស្រីបន្តថា អ្នកស្រីមានកូន៤នាក់ ហើយក្នុងនោះ៣នាក់បានបាត់បង់ការងារនៅប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលសម្រាប់គ្រួសារ។
អ្នកស្រីដែលកូននៅប្រទេសថៃធ្លាប់ផ្គត់ផ្គង់ប្រាក់ជាង ៧០ ម៉ឺនរៀលក្នុងមួយខែ មានប្រសាសន៍ថា៖ «បានលុយនេះ គ្រាន់ទិញម្ហូបហូប។ បានទិញម្ហូប ទិញអង្ករទៅព្រោះយើងអត់។ បានគេឲ្យ អរចង់ងាប់ហើយអូនអើយ!សម្រាប់យើងអត់បើរដ្ឋាភិបាលគាត់ជួយរហូតទៅអរ។បើថា គាត់ជួយត្រឹមណា អរត្រឹមហ្នឹងទៅ»។
អ្នកស្រីឲ្យដឹងទៀតថា កូនស្រីរបស់អ្នកស្រីម្នាក់ដែលរៀបការហើយបានទទួលបណ្ណក្រីក្រនេះកាលពីពេលថ្មីៗហើយនឹងទទួលបានប្រាក់ឧបត្ថម្ភនៅជុំទីពីរ។ អ្នកស្រីមិនធ្វើការងារអ្វីនោះទេ ក្រៅពីជួយមើលចៅពីរនាក់ ដែលកូនទុកឲ្យមើល ខណៈស្វាមីរបស់អ្នកស្រីអាយុ ៧១ ឆ្នាំ ជាអ្នកមើលថែគោឲ្យគេចំនួន ១៥ ក្បាលដែលក្នុងមួយក្បាលលោកទទួលបានប្រាក់៣ ម៉ឺនរៀលក្នុងមួយខែ។
កាលពីខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា នេះមិនមែនជាការផ្តល់ប្រាក់អចិន្រ្តៃយ៍នោះទេ ហើយរដ្ឋាភិបាលនឹងបន្តតាមដាន និងវាយតម្លៃផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាក់ស្តែង រៀងរាល់ពីរខែម្តង។ លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរកការងារធ្វើឲ្យបានឆាប់ និងត្រូវចៀសវាងបង្កើតទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើប្រាក់ឧបត្ថម្ភ។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីចុងខែឧសភា ឲ្យដឹងថាដោយសារជំងឺកូវីដ១៩ ភាពក្រីក្រក្នុងឆ្នាំ ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ប្រសិនបើអ្នកដែលស្ថិតក្នុងវិស័យរងផលប៉ះពាល់បាត់បង់ចំណូលអស់ ៥០ភាគរយក្នុងរយៈពេល ៦ ខែ ជាប់គ្នា។ មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា អត្រាភាពក្រីក្ររបស់កម្ពុជាបច្ចុប្បន្ននេះមានជាង ១០ភាគរយ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ជំងឺកូវីដនេះធ្វើឲ្យការងាររបស់ប្រជាពលរដុ្ឋកម្ពុជាយ៉ាងតិច ១,៧៦ លាននាក់ស្ថិតក្នុងហានិភ័យ៕