ធនាគារអេស៊ីលីដា ដែលមានអតិថិជនទៅដល់ប្រមាណ ៤០ម៉ឺននាក់ បានប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិលចំនួន៣ ដែលស្រាវជ្រាវអំពីបំណុលរបស់កម្មករកាត់ដេរ ដោយលើកឡើងថា របាយការណ៍នេះ «គ្មានមូលដ្ឋានគ្រប់ជ្រុងជ្រោយ» និងមានចរិត «ញុះញង់»។
កាលពីថ្ងៃអង្គារ អង្គការសង្គមស៊ីវិលចំនួន៣ គឺអង្គការលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជា បានចេញផ្សាយរបាយការណ៍ថ្មីមួយដែលសិក្សាអំពីបំណុលរបស់កម្មករក្នុងវិស័យកាត់ដេរ បង្ហាញអំពី «ភាពជំពាក់បំណុលច្រើនលើសលប់» ក្នុងវិស័យនេះដែលអាចនាំឲ្យកម្មករបង្ខំចិត្តលក់ដី ផ្ទះសម្បែងទ្រព្យសម្បត្តិនិងខ្ចីគេបន្ថែមទៀត ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។
របាយការណ៍ដែលមានចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ត្រូវបានអង្គការសង្គមស៊ីវិលចងក្រង ដោយសម្ភាសកម្មករកាត់ដេរចំនួន ១៦២នាក់ ភាគច្រើនជាស្រ្តី នៅចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២០។ ពួកគេមកពីរោងចក្រដែលខ្លះព្យួរការងារកម្មករដោយផ្នែក និងខ្លះព្យួរការងារកម្មករទាំងស្រុង នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។
របាយការណ៍នេះឲ្យដឹងថា កម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់ក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំងក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាជំងឺកូវីដ១៩ ។
របាយការណ៍នេះបញ្ជាក់ថា៖ «បញ្ហានេះបង្កើតឲ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឲ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឲ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំង ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
របាយការណ៍នោះ ក៏លើកឡើងអំពីធនាគារអេស៊ីលីដា តាមរយៈការដកស្រង់សម្តីរបស់កម្មករដែលផ្តល់បទសម្ភាសន៍ក្នុងនោះមានករណីលក់ដីសងបំណុល និងយកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយទៅបង់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុមួយទៀត។
អ្នកដែលត្រូវសម្ភាសម្នាក់និយាយនៅក្នុងរបាយការណ៍នោះថា៖ «ខ្ញុំពិតជាព្រួយបារម្ភចំពោះការបង់ប្រាក់សងកម្ចីធនាគារអេស៊ីលីដា និងម្ចាស់បំណុលផ្សេងទៀតណាស់»។
បើតាមរបាយការណ៍នេះ អ្នកស្រី សុភា អាយុ៤០ឆ្នាំ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ដែលក្រោយមកប្តូរឈ្មោះទៅជាដាប់ប៊ែលយូប៊ីហ្វាយណែន ដើម្បីយកទៅសងកម្ចីឥណទានរបស់ធនាគារអេស៊ីលីដា។ អ្នកស្រីបានលក់ដីស្រែទៅសងមីក្រូហិរញ្ញវត្ថុនោះ។
ចំណែកករណីមួយទៀតអ្នកស្រី បុប្ផា បានខ្ចីកម្ចីធនាគារអេស៊ីលីដា ដោយមួយផ្នែកយកទៅបង់សងមីក្រូហិរញ្ញវត្ថុមួយទៀត។ នេះបើយោងតាមរបាយការណ៍នេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២ ខែកក្កដា ធនាគារអេស៊ីលីដាបានប្រតិកម្មថារបាយការណ៍នេះធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ធនាគារអេស៊ីលីដា។
ធនាគារនេះលើកឡើងថា អង្គការទាំងនោះ «កំពុងតែព្យាយាមបំបិទសិទ្ធិសេរីភាព កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត មានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន»។ ធនាគារនេះក៏បានចោទប្រកាន់ថា អង្គការទាំងនោះបានបំភ័ន្តប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំនិងបង្កឲ្យមានចលាចលក្នុងសង្គម។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖ «ស្ថាប័នសង្គមស៊ីវិលទាំងនោះតែងតែព្យាយាមដោយចេតនាទាញយកផលប្រយោជន៍ពីសមិទ្ធផលដែលវិស័យឯកជន បានកសាងនិងចូលរួមអភិវឌ្ឍយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។
ធនាគារអេស៊ីលីដាបានហៅថា របាយការណ៍នេះជា «ការសរសេរដែលគ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ» ហើយថា អង្គការទាំងនេះ «មានចរិតញុះញង់ និងមានចេតនាបំផ្លាញបង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
ទន្ទឹមនឹងនេះធនាគារក៏ស្នើឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះជន ឬក្រុមទាំងឡាយណាដែលធនាគារថា «ញុះញង់ធ្វើឲ្យរង្គោះរង្គើជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិធ្វើឲ្យបាត់បង់នូវជំនឿទុកចិត្ត សុវត្ថិភាពដល់អ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា របាយការណ៍នេះមិនច្បាស់ អត់ត្រឹមត្រូវ គ្មានការណ៍ពិត។ លោកបន្តថា ធនាគាររបស់លោកចេញសេចក្តីថ្លែងការណ៍នេះដោយគ្មានការបង្គាប់បញ្ជាពីអាជ្ញាធរនោះទេ។
លោកមានប្រសាសន៍ថា៖ «ចុះ Statement (សេចក្តីថ្លែងការណ៍) ដែលខ្ញុំដាក់សញ្ញារបស់ធនាគារចាំបាច់នរណាឲ្យធ្វើ? បើគេសរសេរប៉ះពាល់ដល់ស្ថាប័នរបស់យើង គឺយើងត្រូវធ្វើខ្លួនឯង គ្មានអាជ្ញាធរណាបង្គាប់យើងទេ។ វាជាសិទ្ធិពេញលេញរបស់ក្រុមហ៊ុនរបស់ធនាគារអេស៊ីលីដាហ្នឹង។ គ្មាននរណាបង្គាប់ឲ្យយើងធ្វើទេ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានទេ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា របាយការណ៍សិក្សាស្រាវជ្រាវស្ទង់មតិនេះមិនតំណាងឲ្យអ្នកជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះទេ ហើយក៏មិនតំណាងឲ្យកម្មករជាង ៨០ម៉ឺននាក់ដែរ។ នេះគ្រាន់តែជាការសិក្សាក្នុងចំណោមកម្មករ ដែលបាត់បង់ការងារដោយសារការព្យួរការងារ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងរបាយការណ៍មួយនេះ គឺមិនមែនជារបាយការណ៍ដែលមានការញុះញង់ទេ។ របាយការណ៍នេះគឺវាឆ្លុះបញ្ចាំងតថភាពជាក់ស្តែង ដែលកើតមានឡើងនៅក្នុងស្ថានភាពកូវីដ១៩ហ្នឹង ដែលកម្មករបាត់បង់លទ្ធភាពរកប្រាក់ចំណូលប្រចាំខែរបស់ពួកគាត់ហ្នឹង»។
លោកបន្តថា អង្គការមានវិធីសាស្រ្តក្នុងការសម្ភាស និងកម្រងសំណួរដែលកម្មករស្ម័គ្រចិត្តក្នុងការផ្តល់បទសម្ភាសន៍។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា ការស្ទង់មតិនេះ គឺដើម្បីចង់ដឹងអំពីផលប៉ះពាល់ទៅលើកម្មករ ដោយសារការជំពាក់បំណុល ហើយដើម្បីឲ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយសមរម្យដល់ពួកគាត់។
ចំណែកកាលពីថ្ងៃទី១ ខែកក្កដា លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាដែលសហជីពរបស់លោកស្រីបានចូលរួមក្នុងការស្រាវជ្រាវនេះដែរ ក៏ត្រូវបានក្រសួងការងារព្រមានប្តឹងទៅតុលាការ រំលាយសហជីពរបស់លោកស្រី ទាក់ទងនឹងករណីមួយ។
ក្រសួងការងារចោទថា លោកស្រី «ដឹកនាំនិងញុះញង់កម្មករនិយោជិតឲ្យគំរាមកំហែងនិងដាក់សម្ពាធលើភាគីនិយោជក» ទាក់ទងនឹងការដែលអ្នកស្រីចេញមុខជួយកម្មករនៅរោងចក្រ Violet Apparel Cambodia ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
កាលពីថ្ងៃអង្គារប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងប្រាប់ VOA ថា ស្ថាប័នដែលធ្វើការស្រាវជ្រាវរបាយការណ៍នេះមានរបៀបវារៈទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដែលនាំឲ្យលោកចោទជាសំណួរអំពីភាពទុកចិត្តបានចំពោះរបាយការណ៍នេះ។ លោកបន្ថែមថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពរបស់ពួកគេល្អប្រសើរ។
អង្គការសង្គមស៊ីវិលលើកឡើងថាបទពិសោធន៍នៃមនុស្សទាំង ១៦២នាក់ ក្នុងការស្រាវជ្រាវនេះមិនតំណាងឲ្យគ្រប់កម្មករកម្មការិនីរោងចក្រកាត់ដេរ ឬអ្នកខ្ចីកម្ចីឥណទានខ្នាតតូចនៅទូទាំងប្រទេសកម្ពុជាទេ។
ប៉ុន្តែពួកគេលើកឡើងថា ភាពលំបាករបស់ពួកគាត់គឺមានមួយចំនួនក្នុងចំណោមអ្នកខ្ចីកម្ចីឥណទានខ្នាតតូចជាង ២លាន ៦សែននាក់ នៅក្នុងប្រទេសកម្ពុជា ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូចសរុបជាង ១០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០១៩។ ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជាគឺចំនួន ៣.៨០៤ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅក្នុងពិភពលោក។
គួរបញ្ជាក់ថាកាលពីខែឧសភា អង្គការសិទ្ធិមនុស្សលីកាដូ ក៏បានចេញផ្សាយរបាយការណ៍សិក្សាមួយដោយលើកឡើងថា ការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជំរុញឲ្យប្រជាពលរដ្ឋក្នុងភូមិមួយនៅខេត្តបន្ទាយមានជ័យ បង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកលុយសងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ៕