មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រនេះ អំពាវនាវឲ្យមានការបង្កើតច្បាប់ជាក់លាក់មួយ ដើម្បីទប់ស្កាត់ ការផ្សព្វផ្សាយបទសន្ទនាឯកជនដោយគ្មានការអនុញ្ញាត។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថាការវិវឌ្ឍនៃបច្ចេកវិទ្យាទំនើបបានទាមទារឲ្យកម្ពុជាបង្កើតច្បាប់បន្ថែមទៀត ដើម្បីទប់ស្កាត់ការលួចស្តាប់បទសន្ទនាឯកជន។
លោកថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ នៅក្នុងសន្និសីទមួយស្តីពី «សិទ្ធិមនុស្ស នាពេលបច្ចុប្បន្ន» នាព្រឹកថ្ងៃសុក្រនេះ។
«បច្ចេកវិទ្យាទំនើបទាមទារឲ្យយើងធ្វើច្បាប់ដើម្បីច្បាប់គ្រប់គ្រងទាក់ទងនឹងការសន្ទនានេះ។ អីចឹងវាអាចទាក់ទងទៅនឹងការលើកឡើងធ្វើជាច្បាប់មួយហ្មង អាហ្នឹងទាល់តែស្នើទៅរដ្ឋសភា ឬមានមតិខាងសង្គមស៊ីវិលគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីពិចារណាក្នុងការធ្វើច្បាប់ ជាលក្ខណៈពិសេសមួយទាក់ទងនឹងការលេចសំឡេង»។
លោក កែវ រ៉េមី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតជុំវិញការបែកធ្លាយសំឡេងឯកជនទាំងនោះ ដើម្បីធានាថាសិទ្ធិឯកជនរបស់ពលរដ្ឋកម្ពុជាត្រូវបានការពារ។
«គ្រាន់តែអំពាវនាវដល់សមត្ថកិច្ច ថាសុំឲ្យពិចារណាទាក់ទងទៅការលេចធ្លាយ ម្តងឮខាងនេះម្តងឮខាងនោះ របៀបម៉េច? សូម្បីយើងម្នាក់ៗលែងចង់ហ៊ាននិយាយទូរស័ព្ទ។ អីចឹងសូមឲ្យធ្វើការស្រាវជ្រាវដើម្បីធានានូវការនិយាយលក្ខណៈឯកជនរបស់គេ»។
ការលើកឡើងរបស់ លោក កែវ រ៉េមីនេះ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរស័ព្ទ និងសារឆ្លងឆ្លើយគ្នារវាងអ្នកនយោបាយសំខាន់ៗ ជាបន្តបន្ទាប់។
ចាប់តាំងពីដើមឆ្នាំ២០១៦មក ការសន្ទនាតាមទូរស័ព្ទទាំងសំឡេង និងសារឆ្លើយឆ្លងគ្នា ត្រូវបានផ្សព្វផ្សាយជាសារធារណៈ មានទាំងសំឡេងសន្ទនា ដែលគេសង្ស័យថាជាការឆ្លងឆ្លើយរវាងមន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់ជាច្រើនរូបជាមួយដៃគូស្នេហា។
កាលពីសប្តាហ៍មុន ក៏មានផងដែរ នូវការផ្សព្វផ្សាយបទសន្ទនារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ខ្សែអាត់សំឡេងនោះបង្ហាញថា លោកហ៊ុន សែនបានព្យាយាមជំរុញឲ្យលោកកឹម សុខា វាយប្រហារលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ថ្លែងថា ការផ្សព្វផ្សាយបទសន្ទនាឯកជន នាពេលកន្លងមក បានធ្វើឲ្យពលរដ្ឋកម្ពុជា និងវិនិយោគិនបរទេសមានការព្រួយបារម្ភ។
លោកបន្តថា ការស្វែងរកអ្នកផ្សព្វផ្សាយបទសន្ទនាឯកជនដោយខុសច្បាប់ទាំងនោះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
«កន្លងមកគឺអ្នកណាដែលជាអ្នកបញ្ចេញសារអី គឺគួរតែជាតួនាទីរបស់គណបក្សកាន់អំណាចដើម្បីរកឲ្យឃើញ ព្រោះអ្នកធ្វើហ្នឹងគឺខុសច្បាប់។ ច្បាប់ល្អ ក៏ប៉ុន្តែការអនុវត្តច្បាប់អត់ល្អ។ ទាំងតុលាការ ទាំងគណបក្សកាន់អំណាច គឺមិនមានសមត្ថភាព ទប់ស្កាត់បទល្មើសទាំងអស់ហ្នឹង»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថាការបង្កើតច្បាប់ គឺជាគំនិតល្អមួយហើយ។ ក៏ប៉ុន្តែលោកថា អ្វីដែលសំខាន់នោះ គឺឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់។
«អីចឹងយើងឃើញថា ច្បាប់មានហើយ តែការអនុវត្តមិនសូវមានប្រសិទ្ធភាព។ ទោះបីជាយើងបង្កើតច្បាប់ក៏ដោយ ប៉ុន្តែបើសិនជាយើងមិនអនុវត្ត ក៏វាអត់មានប្រសិទ្ធភាពដែរ។ តើយើងមានឆន្ទៈប៉ុណ្ណាក្នុងការបង្កើតច្បាប់ ហើយនឹងការអនុវត្តហ្នឹង។ សំខាន់ច្បាប់ដែលមានស្រាប់នេះ ដែលមិនទាន់មានច្បាប់ថ្មី ច្បាប់ដែលមានស្រាប់ យើងគួរតែអនុវត្តសិន»។
បទល្មើសនៃការថតសំឡេង ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួន មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីទូរគមនាគមន៍។ ច្បាប់ទាំង២នេះ កំណត់ថា ការស្តាប់ និងលួចថតសម្តីដែលសន្ទនាគ្នាជាឯកជន ឬដោយសម្ងាត់ ដោយគ្មានការយល់ព្រមពីភាគីសន្ទនា គឺជាអំពើខុសច្បាប់ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ខែ ដល់១ឆ្នាំ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ច្បាប់ទាំង២នេះ មិនទាន់ត្រូវបានអនុវត្តទៅលើករណីណាមួយនៃការផ្សព្វផ្សាយបទសន្ទនា នារយៈពេលចុងក្រោយនេះទេ៕