ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​កំពង់​សោម​ដើម្បី​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ ទិដ្ឋភាពនៃដង​វិថីមួយ​ ដែល​មាន​សំណង់អគារ​ត្រូវបាន​ទុកចោល ​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពនៃដង​វិថីមួយ​ ដែល​មាន​សំណង់អគារ​ត្រូវបាន​ទុកចោល ​នៅ​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

រដ្ឋាភិបាល​កម្ពុជាបានសម្រេច​បង្កើត​ក្រុង​ថ្មី​មួយ​បន្ថែម​ទៀ​តគឺ​ «ក្រុង​កំពង់​សោម​» ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ទាក់​ទាញ​កា​រវិនិយោគ​ និង​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច ដែល​ស្ថិត​ក្នុង ​«​ផែន​ការ​មេ»​ សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

ក្រុង​កំពង់​សោម​ដែល​ត្រូវបា​ន​បង្កើត​ឡើង​នេះ​ មាន​សង្កាត់​ចំនួន​ប្រាំ​ គឺ​សង្កាត់​រាម សង្កាត់​បិត​ត្រាំង សង្កាត់​អូរ​ឧកញ៉ា​ហេង សង្កាត់​បឹង​តាព្រហ្ម និង​សង្កាត់​អូរជ្រៅ​ ដែល​កាត់​ចេញពី​ឃុំចំនួន​ប្រាំ​របស់​ស្រុក​ព្រៃនប់​។ នេះ​បើ​តាម​អនុក្រឹត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ដែល​វីអូអេ​បាន​ទទួល​កាលពី​ថ្ងៃទី​ ២៨ ​ខែសីហា​។

អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​លោក ​ឡុង ​ឌីម៉ង់​ ប្រាប់​វីអូអេ​ថា ការ​បង្កើត​ក្រុង​កំពង់​សោម​ គឺ​ជា​ការ​មើល​ឃើញ​សក្តានុពល​នៃ​ទីតាំង​ភូមិ​សាស្ត្រ​របស់​ក្រុង​ថ្មីនេះ និង​ផ្អែក​លើ «​ផែន​ការ​មេ» ​ពាក់​ព័ន្ធ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ដែល​រួម​មានអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ការ​វិនិយោគ ឧស្សាហកម្ម​ កសិ​ឧស្សា​ហកម្ម ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ​ សួន​ឧស្សាហកម្ម​ និង​ជា​ទីផ្សារ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​មួយ​។

លោក​ថ្លែង​ថា៖ «តំបន់​ក្រុង​កំពង់​សោម​នេះ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពហុបំណង​មួយ​ ដែល​មាន​ទាំង​ផ្នែក​ខាង​អេកូទេសចរណ៍ ​មាន​ផ្នែក​ខាង​ទីតាំង​ឧស្សាហកម្ម សួន​ឧស្សាហកម្ម​ ហើយ​ក្នុង​នោះ​ដែរ​ គឺ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​មួយ​ដែល​ស្ថិត​នៅក្នុងទី​តាំង​នោះ​តែ​ម្តង»។​

​អ្នក​សម្រប​សម្រួល​ខាង​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​អ្នកស្រី​ ជាប សុធារី សាទរ​ចំពោះ​ការបង្កើត​ក្រុង​កំពង់​សោម​ ​ដែល​អាច​ជា​ចលករ​មួយ​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍន​ខេត្ត​ព្រះ​សីហនុ​ ប៉ុន្តែ​អ្នកស្រី​ថា អាជ្ញាធរ​មានសមត្ថកិច្ចគ្រប់​ជាន់ថ្នាក់ ត្រូវ​ពិនិត្យ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ក្រុង​នោះ ​ដូចជា​បញ្ហា​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗទៀត​ ដើម្បី​ទាក់​ទាញ​ការ​បណ្តាក់​ទុនបន្ថែមពីវិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេ​ស​។
អ្នកស្រី​បន្ថែមថា​ ​អាជ្ញាធរ​ក៏​គួរ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ដំណើរការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ឱ្យ​បាន​ហ្មត់​ចត់​ និង​មាន​តម្លាភាព​។ ​

អ្នក​ស្រីបន្ថែម​ថា​៖ «​ការណ៍​ដែល​អ្នក​មក​រក​ស៊ី​ហ្នឹង​ត្រូវ​ហើយ វា​មក​ទាំង​ល្អ​ទាំង​អាក្រក់​។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បញ្ហា​ ខ្ញុំ​ជឿថា​នឹង​មាន​វិធាន​ការ​ទប់​ស្កាត់ ដូច​ជា​រាល់​ថ្ងៃ​នេះ បើ​យើង​មើល​ពី​ការ​ចាត់​វិធាន​ការរបស់​ខាង​សមត្ថកិច្ច​ ស្នង​ការ​នគរ​បាល​ខេត្ត​ក៏ដូច​ជា​ខាង​ប្រព័ន្ធ​តុលាការ​ ​[គឺ​]យើង​ឃើញ​មាន​បញ្ហា​ច្រើន​ដែរ​ គឺ​គ្រឿង​ញៀន​នៅ​តែ​ប្រមូល​បាន​ ហើយ​ជន​ដែល​មាន​ពាក់​ព័ន្ធរឿង​ហ្នឹង​គឺ​មាន» ។

គួរ​បញ្ជាក់​ថា​ ខេត្ត​ព្រះសីហនុ​ដែលជាទិសដៅ​ទេសចរណ៍ និងម​ជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​សំខាន់​មួយ​របស់​កម្ពុជា​ មាន​ក្រុង​ចំនួន​ពីរ​មុន​ការ​បង្កើត​ក្រុង​កំពង់​សោម​ គឺ​ក្រុង​ព្រះសីហនុ និង​ក្រុង​កោះរ៉ុង​។

មុនការ​បង្កើត​ក្រុងកំពង់​សោម ខេត្តព្រះសីហនុ​បាន​ប្រឈម​នឹង​វិបត្តិនៃ​សំណង់​អគារ​ខ្ពស់​ៗ​រាប់​រយ​ខ្នងដែល​មិន​ទាន់​ត្រូវ​បាន​សង់រួចរាល់​ ហើយអគារ​ខ្លះ ត្រូវ​បានទុក​ចោល​ជាមួយ​គំនរ​សំរាម​ កាន់​ស្លែ​ ប្រែ​ជា​អគារ​ចាស់ៗ​។ ប៉ុន្តែ​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​លោក​ ឡុង ឌីម៉ង់ ​ប្រាប់​វីអូអេ​កន្លង​មក​ថា រដ្ឋាភិបាល​មាន​ផែន​ការ​ជាក់​លាក់​សម្រាប់​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យមក​បញ្ចប់​ការ​សាង​សង់​អគារ​ដែល​ទុក​ចោលទាំងនោះ​។

នៅ​ក្នុងផែន​ការ​នោះ​ គឺមាន​ការ​ផ្តល់ក​ញ្ចប់​លើក​ទឹកចិត្ត ​ទាក់ទងការលើក​លែង​ពន្ធ​មួយ​ចំនួន​ក្នុង​ដំណើរ​ការ​បញ្ចប់​ការ​សាង​សង់​អគារ​ដែល​ភាគ​ច្រើន​ជា​ការ​វិនិយោគ​ដោយ​ជនជាតិ​ចិនទាំង​នោះ ​ក៏ដូច​ជា​ការ​សម្រួល​ច្បាប់​សាងសង់​ និង​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ជា​ដើម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG