រដ្ឋាភិបាលនិងតំណាងស្ថាប័នហិរញ្ញវត្ថុសាធារណៈនិងឯកជន បានទទួលយកការពន្យល់របស់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរស្តីពីរបាយការណ៍មីក្រូហិរញ្ញវត្ថុដ៏ចម្រូងចម្រាស។
កាលពីរសៀលថ្ងៃពុធម្សិលមិញនេះតំណាងអង្គការការពារសិទ្ធិមនុស្សលីកាដូចំនួនបីរូបនិងតំណាងសមាគមធាងត្នោតចំនួនពីររូបបានចូលបំភ្លឺដល់តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានិងតំណាងធនាគារជាតិនៃកម្ពុជា រួមទាំងភាគីរដ្ឋាភិបាលអំពីរបាយការណ៍បំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុដែលចេញផ្សាយដោយអង្គការទាំងពីរ។ របាយការណ៍ដែលធ្វើឲ្យរដ្ឋាភិបាលមិនពេញចិត្ត។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលដែលបានកោះប្រជុំជាមួយតំណាងអង្គការលីកាដូនិងសមាគមធាងត្នោត បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភាគីរដ្ឋាភិបាលនិងតំណាងធនាគារកណ្តាលព្រមទាំងតំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទទួលយកការពន្យល់របស់តំណាងអង្គការក្រៅរដ្ឋាភិបាលទាំងពីរ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការទទួលយកការពន្យល់នេះមិនមែនមានន័យថា រដ្ឋាភិបាលទទួលស្គាល់របាយការណ៍របស់អង្គការទាំងពីរទេ។
«ទទួលយកបានពីព្រោះទីមួយ NGO នោះនិយាយថានេះជាការបារម្ភដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ដូច្នេះចំពោះជំហររដ្ឋាភិបាល យើងមិនទទួលយករបាយការណ៍ហ្នឹងទេ។ ហើយក៏មិនតម្រូវឲ្យកែអ្វីដែរ»។
កាលពីដើមខែសីហា អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍រួមគ្នាដោយបានលើកឡើងថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនកាន់តែខ្លាំងឡើងៗ ដែលអាចបណ្តាលឱ្យមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុលនិងការបញ្ចាំខ្លួនដើម្បីដោះបំណុល»។
នៅក្នុងកិច្ចប្រជុំរយៈពេលជាងពីរម៉ោងដើម្បីបំភ្លឺលើរបាយការណ៍របស់ខ្លួនតំណាងអង្គការលីកាដូនិងសមាគមធាងត្នោតបានគូសបញ្ជាក់ថាខ្លឹមសារក្នុងរបាយការណ៍នេះបង្ហាញពី«កង្វល់របស់ពួកខ្លួនអំពីបញ្ហាបំណុលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែវាមិនមែនជារបាយការណ៍ដែលលើកឡើងដើម្បីធ្វើជាសំណាករួមសម្រាប់បញ្ហាដែលបង្កឡើងដោយការខ្ចីបុលស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានឲ្យដឹងថា លោកបានពន្យល់ទៅកាន់តំណាងរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធថា គោលដៅនៃការធ្វើរបាយការណ៍គឺដើម្បីរកឲ្យឃើញពីផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សតាមរយៈកម្ចីខ្នាតតូចនេះ។
«វាមិនមែនជាសំណាកតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសឬជាសំណាកតំណាងឲ្យអតិថិជនរបស់មីក្រូហិរញ្ញវត្ថុទូទាំងប្រទេសទេ។ យើងស្រាវជ្រាវទៅលើវិស័យនៃការគោរពសិទ្ធិមនុស្សដែលកើតចេញពីភាគខ្លះនៃមីក្រូហិរញ្ញវត្ថុ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោត បន្តការពាររបាយការណ៍របស់អង្គការទាំងពីរ។
«អ្វីដែលយើងបានលើកឡើងនេះ គឺជាអ្វីដែលយើងបានទទួលភស្តុតាងជាក់ស្តែងពីប្រជាពលរដ្ឋទូទៅ»។
របាយការណ៍ស្តីពី«មីក្រូហិរញ្ញវត្ថុនិងផលប៉ះពាល់»បានធ្វើការស្រាវជ្រាវនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ ដូចជា ខេត្តកំពង់ចាម កណ្ដាល ព្រៃវែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ របាយការណ៍បានធ្វើការសម្ភាសន៍ពលរដ្ឋចំនួន ២៨ ដែលធ្លាប់រងគ្រោះពីអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។
ក្នុងសេចក្តីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំបិទទ្វារកាលពីម្សិលមិញ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានហៅកិច្ចសម្ភាសន៍លើមនុស្សចំនួន២៨នាក់នេះ មិនអាចតំណាងឲ្យ«តម្លៃជាសកល»នៃប្រតិបត្តិការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានិងក៏មិនអាចបង្ហាញពី«ការជាប់បំណុលវ័ណ្ឌក»របស់ប្រជាពលរដ្ឋនោះដែរ៕