លោក ស៊ន តារា បានអំពាវនាវដល់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឱ្យដោះលែងឪពុករបស់លោកគឺ លោក សុខ ស៊ុនណារ៉េត ដែលត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោក ស៊ន តារា គឺជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ហើយកំពុងរស់នៅប្រទេសបារាំង និងបានបន្តនិយាយរិះគន់រដ្ឋាភិបាលកម្ពុជាមិនសំចៃមាត់លើបញ្ហាជាច្រើន រួមទាំងការគាបសង្កត់លើក្រុមអ្នកនយោបាយជំទាស់។
លោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាជាន់ខ្ពស់ និងជាឪពុករបស់លោក ស៊ន តារា ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។
នៅក្នុងការទទូចឱ្យមានការដោះលែងឪពុករបស់លោកនោះ លោក ស៊ន តារា លើកឡើងថា ឪពុករបស់លោកជាមន្ត្រីយោធាដែលមានភក្តីភាពនឹងគណបក្សប្រជាជនកម្ពុជាតាំងពីដើមមក ដូច្នេះមិនគួរមានការចាប់ខ្លួន និងដាក់ពន្ធនាគារឪពុករបស់លោកបែបនោះឡើយ។ លោកថា មុខព្រួញនយោបាយគឺជារូបលោកទៅវិញទេ។
លោកបញ្ជាក់តាមរយៈវីដេអូ ដែលបង្ហោះក្នុងគណនីយហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាថា៖ «ខ្ញុំសូមអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា អគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន មេត្តាដោះលែងឪពុករបស់ខ្ញុំដែលជាជនស្លូតត្រង់។ ខ្ញុំយល់ច្បាស់ថា ផ្ទាំងមុខព្រួញសំដៅមករកខ្ញុំឯណោះទេ។ ប៉ុន្តែឪពុករបស់ខ្ញុំ គាត់គឺជាជនស្លូតត្រង់ និងជាមន្ត្រីរាជការមួយរូប ដែលស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីដើមមក»។
លោកបន្ថែមថា៖ «យើងម្នាក់ៗសុទ្ធតែប្រើពាក្យសន្តិភាព ឬក៏ម្លប់សន្តិភាព ខ្ញុំជឿជាក់យ៉ាងមុតមាំថាក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុករបស់ខ្ញុំអាចសោយសុខសន្តិភាព បើទោះបីជាខ្ញុំជាកូនដែលមានឆន្ទៈនិងគំនិតផ្ទុយអំពីឪពុករបស់ខ្ញុំយ៉ាងណាក៏ដោយ ប៉ុន្តែនិន្នាការនយោបាយជារឿងធម្មតា។ ខ្ញុំជឿថា សម្តេចមានគុណធម៌ មានធម៌មេត្តាប្រណីចំពោះឪពុករបស់ខ្ញុំដែលបានបម្រើគណបក្សប្រជាជន ហើយសម្តេចមានមុខព្រួញមករកខ្ញុំ សម្តេចមករកខ្ញុំទៅចុះ!»។
សកម្មជននយោបាយរូបនេះ បានឱ្យដឹងទៀតថា បើទោះបីជាលោកមាននិន្នាការនយោបាយផ្ទុយក្តី ក៏លោកមិនមានចេតនាផ្ចាញ់ផ្ចាល និងខឹងគុំកួននឹងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ។ ហើយអ្វីដែលលោកធ្វើ គឺចង់ឱ្យមានការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។
កាលពីកន្លងទៅ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជារឿយៗមានប្រតិកម្មខ្លាំងៗទៅលើលោក ស៊ន តារា ចំពោះការអត្ថាធិប្បាយបែបរិះគន់ និងចំអកឡកលើយខាងនយោបាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ លោក ហ៊ុន សែន បានព្រមានដកតំណែងក្នុងក្របខណ្ឌយោធានិងប៉ូលិសរបស់ឪពុកបង្កើតនិងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ប្រសិនបើពួកគេមិនអាចណែនាំនិងអប់រំលោក ស៊ន តារា បានដោយលោក ហ៊ុន សែន បានចាត់ទុកលោក ស៊ន តារា ថាជា«ក្មេងពាលនិងព្រហើន»។
នាពេលនោះ ប្អូនប្រុសហើយនិងឪពុកបង្កើតរបស់លោក ស៊ន តារា ធ្លាប់ចេញសារអំពាវនាវឱ្យលោក ស៊ន តារា បញ្ឈប់ការរិះគន់លើគ្រួសាររបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយវិលមកជួបជុំគ្រួសារនៅប្រទេសកម្ពុជាវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការចោទប្រកាន់រដ្ឋាភិបាលថា ចងគំនុំនយោបាយនឹងលោក ស៊ន តារា។ លោកថា ការចាប់ខ្លួនឪពុករបស់សកម្មជននយោបាយរូបនោះ ផ្តើមចេញពីបទល្មើសគ្រឿងញៀន។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «គាត់លើកឡើងនេះ វាមួយចំណែកខាងនយោបាយទេ ហើយចោទថា ប្រមុខរដ្ឋាភិបាលចងគំនុំគាត់ ទៅចាប់ឪពុកគាត់អី អាហ្នឹងមិនមែនជាការត្រឹមត្រូវទេ។ អាហ្នឹងសួរសមត្ថកិច្ច អ្នកដែលចាត់វិធានការផ្លូវច្បាប់ហ្នឹងថា តើគាត់មានល្មើសគ្រឿងញៀនពិតប្រាកដមែនទេ? ហើយមានភស្តុតាងជាក់ស្តែងដែលគាត់ធ្វើរបាយការណ៍ជូនទៅតុលាការទេ អាហ្នឹងបានច្បាស់។ តែខ្ញុំយល់ថា បើបទល្មើសគ្រឿងញៀន អ្នកណាអន្តរាគមន៍យ៉ាងណា ក៏អត់បានដែរ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី ប្រាប់វីអូអេថា កងរាជអាវុធហត្ថគឺជានគរបាលយុត្តិធម៌ ដូច្នេះឱ្យតែមានបទល្មើសកើតឡើង គឺកងរាជអាវុធហត្ថមានសិទ្ធិបង្ក្រាប។ លោកថ្លែងបន្ថែមថា រាល់បទល្មើសនានាគឺកងរាជអាវុធហត្ថ តែងតែធ្វើការស៊ើបអង្កេតនិងតាមដានជាមុន មុនឈានដល់ការចាប់ខ្លួនជនសង្ស័យ។ លោកបន្ថែមថា៖ «ធម្មតាករណីអីក៏ដោយ ត្រូវតែមានការស៊ើបអង្កេត មានការតាមដាន មានការស្រាវជ្រាវ»។
កូនប្រុសរបស់លោក សុខ ស៊ុនណារ៉េត ម្នាក់ទៀត ប្រាប់វីអូអេនៅថ្ងៃសុក្រ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅថ្ងៃទី ១៣ ខែវិច្ឆិកា នាវេលាម៉ោងប្រមាណ ១ រសៀល លោក សុខ ស៊ុនណារ៉េត ទទួលបានទូរស័ព្ទឱ្យទៅកន្លែងធ្វើការនៅកងយោធពលខេមរភូមិន្ទ ភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ។ លុះដល់នាវេលាម៉ោងប្រមាណ ៣រសៀល គាត់បានចេញពីភូមិភាគ៣ នោះវិញ រួចក៏បាត់ដំណឹងរហូតដល់ព្រឹកថ្ងៃទី ១៤ ទើបក្រុមគ្រួសារបានទទួលដំណឹងថា គាត់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោពលខេមរភូមិ លើកឡើងថា ករណីចាប់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត មិនមានពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយនោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន និងកសាងសំណុំរឿងទៅកាន់តុលាការខេត្តកំពង់ស្ពឺ ដោយបានដកហូតគ្រឿងញៀន ចំនួន ២ កញ្ចប់ ជាប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥,៥២ក្រាម និងសារធាតុមិនច្បាស់លាស់ ១ កញ្ចប់ទម្ងន់ ១៣,៧៨ក្រាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តកំពង់ស្ពឺ។
ទាក់ទិននឹងករណីនេះ លោក សម រង្ស៊ី ដែលជាមេដឹកនាំនយោបាយជំទាស់ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងឪពុកលោក ស៊ន តារា ដោយគ្មានលក្ខខណ្ឌ។
មេដឹកនាំនយោបាយជំទាស់រូបនោះអះអាងថា ការចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ជាបែបផែននៃការគាបសង្កត់ឆ្លងដែន គឺមានន័យថា ជាការគំរាមកំហែងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការគំរាមដល់អភិបាលកិច្ច និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ខណៈលោក ស៊ន តារា កំពុងរស់នៅប្រទេសបារាំង ហើយឪពុកលោកត្រូវចាប់ខ្លួននៅកម្ពុជា៕
វេទិកាបញ្ចេញមតិ