ក្រសួងសុខាភិបាលថា លទ្ធផលវត្ថុសំណាកជាង ៥០០ ដែលយកពីអ្នកដំណើរនៃនាវា Westerdam ដែលកំពុងស្នាក់នៅក្នុងទីក្រុងភ្នំពេញ បង្ហាញលទ្ធផលអវិជ្ជមាន។
ក្រុមការងារសុខាភិបាលចាត់វិធានការប្រមូលសំណាក ដើម្បីធ្វើតេស្តអ្នកដែលសេសសល់មិនទាន់ចាកចេញពីកប៉ាល់ Westerdam ក្រោយអាជ្ញាធរម៉ាឡេស៊ីរកឃើញថា មានអ្នកដំណើរម្នាក់ជនជាតិអាមេរិកាំងបានជិះនាវានេះ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ។
ស្ត្រីវ័យ៨៣ ឆ្នាំ ដែលត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 បានចេញពីកម្ពុជា ទៅប្រទេសកំណើតខ្លួន កាត់តាមម៉ាឡេស៊ី។ ស្រ្តីរូបនេះមិនស្ថិតនៅក្នុងចំណោមមនុស្ស២០នាក់ដែលគេបានយកសំណាកទៅពិនិត្យទេ ហើយគាត់និងអ្នកដំណើរមួយចំនួនទៀតក៏មិនបានរាយការណ៍អំពីស្ថានភាពសុខភាពខ្លួនដែរ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Holland America។
លោក លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាលបានប្រាប់វីអូអេថា៖ «លទ្ធផលនៅភ្នំពេញហ្នឹងគឺទាំងអស់ហើយ ដែលស្នាក់នៅភ្នំពេញហ្នឹងគឺអត់មានឃើញវិជ្ជមានទេ អវិជ្ជមានទាំងអស់ មានករណី [សំណាក] ពីខេត្តព្រះសីហនុហ្នឹងមាន ៣០ ករណី [សំណាក] គេយកបឋមមកក៏អវិជ្ជមានដែរ ហើយសង្ឃឹមថានឹងបានលទ្ធផលយប់ហ្នឹងទៀត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្រុមការងារកំពុងបន្តប្រមូលបន្ថែម ចំនួនជាង៧០០ ទៀត ដែលភាគច្រើនជានាវិក និងអ្នកបម្រើការលើនាវានោះ។
តែទោះជាយ៉ាងណា ទាំងលោក លី សូវ៉ាន់ និង អ្នកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពុំអាចបញ្ជាក់ចំនួនសរុបជាក់លាក់បានទេថាត្រូវវិភាគសំណាកចំនួនប៉ុន្មាន។
វីអូអេបានព្យាយាមទាក់ទងវិទ្យាស្ថាន Pasteur នៅកម្ពុជាកន្លងមក ប៉ុន្តែនាយកវិទ្យាស្ថានប៉ាស្ទ័រ អ្នកស្រី Laurence Baril បានឆ្លើយតបតាមសារអេឡិចត្រូនិកថា៖ «យើងត្រូវបានក្រសួងសុខាភិបាលស្នើសុំមិនឱ្យផ្តល់ព័ត៌មានដោយផ្ទាល់ដល់អ្នក សារព័ត៌មានទេ។ យើងគោរពតាមសំណើនេះ។ សូមទាក់ទងមជ្ឈមណ្ឌលទំនាក់ទំនងក្រសួងសុខាភិបាល»។ លោកស្រីបន្ថែមថា៖« ខ្ញុំក៏ស្នើ សុំកុំទាក់ទងអ្នកវិទ្យាសាស្ត្រដោយផ្ទាល់ព្រោះពួកគេត្រូវផ្តោតអារម្មណ៍ទៅលើសកម្មភាពមន្ទីរពិសោធន៍»។
ក្រោយលទ្ធផលតេស្តវិជ្ជមាន ពីរលើក ដែលបញ្ជាក់ថា អ្នកដំណើរពីនាវាWesterdam ម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី រដ្ឋាភិបាលម៉ាឡេស៊ីបានឃាត់លែងឲ្យមានជើងហោះហើរដែលដឹកអ្នកដំណើរចេញពីនាវា នេះ កាត់តាមប្រទេសខ្លួន។ នៅក្នុងសន្និសីទកាសែតដែលធ្វើភ្លាមៗ ក្រោយលទ្ធផលលើកទី២ លោកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា «អ្នកដំណើរផ្សេងទៀតត្រូវបានសន្មតថា មានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលត្រូវបានបញ្ជាក់ជាវិជ្ជមាន»។
រដ្ឋាភិបាលថៃក៏បានហាមមិនឲ្យអ្នកដំណើររបស់នាវា Westerdam ចូលតាមព្រលានយន្តហោះរបស់ខ្លួន លើកលែងតែជនជាតិថៃចំនួន ២១នាក់ ដែលជាអ្នកដំណើរលើនាវា Westerdam។ អាជ្ញាធរសុខាភិបាលថៃ បាននិយាយថាពួកគេទាំងអស់នឹងត្រូវទុកដាច់ដោយឡែកចំនួន ១៤ថ្ងៃ ពេលពួកគេចូលដល់ប្រទេសថៃ។ នៅប្រទេសសិង្ហបុរីវិញជនជាតិសិង្ហបុរី២នាក់ ចេញពីនាវា Westerdam ក៏កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីនៅក្នុងបន្ទប់ដែលមានបរិក្ខាពេទ្យរបស់រដ្ឋ។
អ្នកដំណើរចំនួន៤០៦នាក់បានចាកចេញពីកម្ពុជាទៅតាមប្រទេសរៀងខ្លួន នៅពាសពេញពិភពលោកនិងខ្លះកំពុងនៅកម្ពុជា មុនពេលមានលទ្ធផលបញ្ជាក់ថាមានអ្នកដំណើរម្នាក់មានវីរុសកូរ៉ូណា។
នៅរសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ មុនពេលមានការប្រកាសលទ្ធផលសំណាក សាលាក្រុងភ្នំពេញ បានអនុញ្ញាតឲ្យ អ្នកដំណើរនៃនាវា Westerdam ជាង ១០០នាក់ ជិះរថយន្តក្រុងសាធារណៈ ដើរលេងនៅក្នុងទីក្រុងភ្នំពេញ និងទីរមណីយដ្ឋានសំខាន់ៗនានានៅក្នុងទីក្រុងនេះ ដោយលើកហេតុផលថាដើម្បីឲ្យ ពួកគេអាចលំហែកាយ ក្រោយពួកគេជាប់នៅលើនាវាជាងពីរសប្តាហ៍។
នៅពេលវីអូអេសួរបញ្ជាក់ថា តើអាចមានសុវត្ថិភាពទេ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលនៅទីក្រុង ដែលអ្នកដំណើរទាំងនោះអាចចេញកំសាន្ត មុនលទ្ធផលតេស្តថាមានឬ មិនមានវីរុសកូរ៉ូណា អ្នកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាការណ៍នេះ មិនមែនស្ថិតនៅក្នុងសមត្ថកិច្ចរបស់អាជ្ញាធរសុខាភិបាលទេ។
អ្នកស្រីថ្លែងថា៖ «មីងអត់ comment [អត្ថាធិប្បាយ] ទេ អាហ្នឹង។ មីងអត់ដឹង។ អាហ្នឹងវាជាវិធានការរបស់អាជ្ញាធរ ហើយ ប្រហែលជាយ៉ាងម៉េច មីងអត់ដឹង មីងអត់ហ៊ាន comment ទេអាហ្នឹង។ [...] ព្រោះរឿងទទួលខុសត្រូវខាងអ្នកដំណើរ អ្នកអី មានអាជ្ញាធរផ្សេង។ អញ្ចឹងក្មួយសួរទៅអាជ្ញាធរពាក់ព័ន្ធ អូខេក្មួយណា។ មីងតែរឿងបញ្ហាសុខភាពទេ។ មីងអត់អាច comment [អត្ថាធិប្បាយ] អីឲ្យខុសពីសមត្ថកិច្ចរបស់មីងទេ»។
អ្នកស្រីបន្តថា៖ «សុខាភិបាលម៉េច? មិនមែនសុខាភិបាលអ្នកឲ្យ អី ...អ្នកដឹកជញ្ជូនឯណា»!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ៍នេះ បាននិយាយថា នៅក្រុងភ្នំពេញថា លោកមិនអស់ចិត្តពីលទ្ធផលនៃការរកឃើញរបស់រដ្ឋាភិបាលម៉ាឡេស៊ីថា មានករណីនៃការឆ្លងវីរុសកូរ៉ូណាថ្មី លើស្រ្តីជនជាតិអាមេរិកាំង អាយុ ៨៣ឆ្នាំ។លោកថា ករណីនេះ«ចម្លែកបន្តិច»។
លោកថ្លែយ៉ាងដូច្នេះថា៖ «ករណីកើតឡើងនៅឯម៉ាឡេស៊ី វាប្រាកដហើយឬនៅ? វាប្រាកដហើយឬនៅ?»
លោកបន្តថា៖ «ប្តីរបស់ស្រ្តីដែលមានអាយុ៨៣ឆ្នាំ ដែលដេកជាមួយគ្នា ដែលស៊ីជាមួយគ្នា បែរទៅជាអត់មានរោគ កើតរោគអីតែម្នាក់ នេះជាសញ្ញាដែលត្រូវចោទសួរ។ រឿងនេះច្បាស់ណាស់ថា បើអង្គការសុខភាពពិភពលោក មានការគាំទ្រ មានការសហការពេញលេញដោយអាជ្ញាធរម៉ាឡេស៊ី គេនឹងអាចរកឃើញបញ្ហានេះពិតប្រាកដ តើវាកូរ៉ូណាពិតឬវាយ៉ាងម៉េច»?
នៅពេលកំពង់ផែប្រទេសចំនួន៥បានបដិសេធមិនអោយចូលចត ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យនាវា MS Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ អ្នកដំណើរដែលបានចាកចេញពីកប៉ាល់ ត្រូវបានស្វាគមន៍ជាមួយផ្កាកុលាបក្រហម ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការព្រួយបារម្ភអំពីការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅតាមនាវាកើតមានឡើងជាសាកលដោយមាននាវាមួយចុះចតនៅកំពង់ផែ យូកូហាម៉ារបស់ប្រទេសជប៉ុន ដែលឥឡូវនេះមានអ្នកឆ្លងជាង ៤៥០ នាក់ជាករណីធំជាងគេនៅក្រៅប្រទេសចិន៕