អ្នកពាក់ព័ន្ធនៅក្នុងវិស័យសំខាន់ៗរួមមានវិស័យកាត់ដេរ ទេសចរណ៍ និងម្ចាស់អាជីវកម្មនៅក្នុងខេត្តទេសចរណ៍មួយចំនួន ព្រមទាំងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការគាំទ្រខាងហិរញ្ញវត្ថុ និងការបន្ធូរបន្ថយពន្ធបន្ថែម ដើម្បីទប់ទល់ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា ចេញផ្សាយកាលពីថ្ងៃពុធ។
បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ វិស័យសំខាន់ៗមួយចំនួន រួមមាន៖វិស័យកាត់ដេរ វាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម «នៅតែរងផលប៉ះពាល់ខ្លាំងជាងគេពីវិបត្តិនៃជំងឺកូវីដ១៩នេះ។ ស្របពេលនេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនក៏នៅបន្តប្រឈមនឹងបញ្ហាលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបន្តកើតមានពីកូវដី១៩នេះ រដ្ឋាភិបាលបានចាត់វិធានការបន្ថែមជុំទី៦ ដែលនឹងបន្តទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច និងបន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។ ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
នៅក្នុងវិស័យកាត់ដេរ រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ៗ សម្រាប់រយៈពេល៣ខែបន្ថែមទៀត រហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០ ហើយម្ចាស់រោងចក្រ និងសហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារ។ ការផ្តល់ជូននេះ ធ្វើឡើងដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌព្យួរកិច្ចសន្យាការងាររបស់រោងចក្រ និងសហគ្រាស។
ចំពោះវិស័យទេសចរណ៍ រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែជូនកម្មករ និងនិយោជិតម្នាក់ៗ ដែលបំពេញការងារនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល៣ខែបន្ថែម រហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា សាទរវិធានការរបស់រដ្ឋាភិបាល ដែលនៅបន្តគាំទ្រជាសាច់ប្រាក់ដល់កម្មកររោងចក្រដែលត្រូវបានព្យួរពីការងារ ហើយដែលកំពុងប្រឈមនឹងផលលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារការចំណាយច្រើនទៅលើអាហារហូបចុក និងទីកន្លែងស្នាក់នៅ។ អ្នកស្រីថា រដ្ឋាភិបាលគួរតាមដានផងដែរថា កម្មករទាំងអស់ពិតជាទទួលបានប្រាក់ឧបត្ថម្ភនេះ។
«គាត់អត់ ...អត់មានលុយបម្រុងទុកទាល់តែសោះ ហើយនៅពេលដែលគាត់ជួបប្រទះនូវបញ្ហា.... បញ្ហាប្រឈមពាក់ព័ន្ធនឹងការណ៍... ការណ៍អត់ការងារធ្វើ ឬក៏ព្យួរការងារហ្នឹង គាត់រំពឹងទៅលើលុយដែលរដ្ឋាភិបាលបានផ្តល់ឲ្យគាត់ ជាចំណែកដ៏តូចស្តួចស្តើងហ្នឹង។ គាត់យកទៅផ្គត់ផ្គង់នៅគ្រួសាររបស់គាត់ តម្រូវការចាំបាច់នៅគ្រួសាររបស់គាត់។ ដូច្នេះអ៊ីចឹងហើយ បានជាយើងស្នើសុំឲ្យមានការគិតគូរទៅដល់ពួកគាត់ឲ្យបាន...មើលហើយមើលឲ្យបានគ្រប់ជ្រុងជ្រោយផង»។
ដោយឡែកលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ភាគីនិយោជកនៅបន្តចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់កម្មករ ដែលរោងចក្ររបស់ពួកគេសុំព្យួរការងារ។ លោកបន្ថែមថា ភាគីនិយោជក ក៏នឹងបន្តរួមចំណែកផ្តល់ប្រាក់ឧបត្ថម្ភទៀត ប្រសិនបើរដ្ឋាភិបាលអនុវត្តវិធានការសង្គ្រោះការទ្រទ្រង់ជីវភាពកម្មករនៅពេលខាងមុខ ដើម្បីបញ្ចៀសការបិទរោងចក្រ។
«អត់មាន ...អត់មានអីរឿងតវ៉ាទេ ពីព្រោះអីអាហ្នឹងជួយទៅកម្មករ ជួយទៅរោងចក្រដែរ មិនអ៊ីចឹង? ពេលដែលប្រសិនរោងចក្រណា ដែលអត់មានការងារធ្វើ គេអាចមានវិធីសុំព្យួរការងារសិនណា រយៈពេលមួយខែ ឬក៏ពីរខែ។ អាហ្នឹងយើងគិតថា ជាវិធីល្អទាំងកម្មករ ទាំងរោងចក្រ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
សេដ្ឋកិច្ចនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមាន«កំណើនអវិជ្ជមាន គឺ -២ភាគរយ» ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់កម្ពុជា ជាហេតុប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខុមាលភាពគ្រួសារ និងអាចធ្វើឲ្យភាពក្រីក្រកើនឡើងទៀតផង។ នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ធនាគារពិភពលោកអំពីស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកសម្រាប់ខែតុលា ឆ្នាំ២០២០ នេះ។
ធនាគារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុក្នុងកម្រិតមួយដែលមិនធ្លាប់មាន ក្នុងទំហំ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) អមដោយគោលយោបាយផ្នែករូបិយវត្ថុសម្រាប់ជួយសម្រួលស្ថានភាពទៀតផង។
បើតាមវិធានការសង្គ្រោះជុំទី៦របស់រដ្ឋាភិបាលកម្ពុជានេះ ក្រៅពីការជួយឧបត្ថម្ភជាសាច់ប្រាក់ដល់កម្មកររោងចក្រ និងកម្មករក្នុងវិស័យទេសចរណ៍រដ្ឋាភិបាលក៏បានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសរណ៍ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ហើយមានសកម្មភាពអាជីវកម្មនៅក្នុងទិសដៅពាណិជ្ជកម្មសំខាន់ៗរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
រដ្ឋាភិបាលក៏បន្តលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើនាមករណ៍ ហើយថែមទាំងពន្យារការធ្វើសវនកម្មពេញលេញសម្រាប់ឆ្នាំ២០២០ ពីសំណាក់អគ្គនាយកដ្ឋានពន្ឋដារ ចំពោះភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករដទៃទៀតក្នុងវិស័យទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ថា វិធានការស្រោចស្រង់របស់រដ្ឋាភិបាលមិនទាន់គ្រប់គ្រាន់ទេ ដោយហេតុថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍ កំពុងតែមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលត្រូវការជំនួយសង្គ្រោះបន្ថែម។
លោកស្រីក៏បារម្ភចំពោះការបាត់បង់អ្នកជំនាញទេសចរណ៍ដែលទទួលបានការបណ្តុះបណ្តាលមកជាច្រើនឆ្នាំ តែត្រូវបោះបង់អាជីពបើសិនរដ្ឋាភិបាលមិនមានវិធានការបន្ថែម ដើម្បីឲ្យពួកគេបន្តស្ថិតក្នុងវិស័យទេសចរណ៍។ អ្នកជំនាញទាំងនោះ សំដៅទៅលើការីទេសចរណ៍ និងអ្នកធ្វើការក្នុងផ្នែកបដិសណ្ឋារកិច្ច និងប្រតិបត្តិករផ្សេងទៀតក្នុងវិស័យទេសចរណ៍។ លោកស្រីបានបន្ថែមថា អ្នកជំនាញទេសចរណ៍មិនអាចរស់បានដោយសារប្រាក់៤០ដុល្លារទេ។
«យើងបារម្ភខ្លាចអ្នកជំនាញទេសចរណ៍ទាំងអស់ហ្នឹងគាត់មិនអាចរស់បាន។ អ៊ីចឹង គាត់អាចនឹងទៅរកការងារថ្មី ទៅរកអាជីពថ្មី អ៊ីចឹងពេលណាដែលគាត់ផ្លាស់ប្តូរអាជីពហើយ គាត់ពិបាកក្នុងការវិលត្រឡប់មកវិញ។ នៅពេលណាដែលយើងត្រូវការគាត់ នៅពេលណាស្ថានការណ៍ល្អឡើងវិញ យើងត្រូវប្រតិបត្តិការ ឡើងវិញអ៊ីចឹងយើងរកគាត់ ហើយគាត់អត់អាចត្រឡប់មកវិញ ព្រោះគាត់ជាប់ដៃនឹងអាជីពថ្មីហើយ អ៊ីចឹងយើងចង់រក្សាទុកពួកគាត់»។
លោកស្រី ក៏ស្នើឲ្យរដ្ឋាភិបាលពិចារណា សម្រួលបង្កើតកញ្ចប់ថវិកាប្រាក់កម្ចីដល់ម្ចាស់សហគ្រាសទេសចរណ៍ដែលអស់ទុនបង្វិល និងអស់ប្រាក់ចំណាយសម្រាប់ប្រតិបត្តិការខណៈការទូទាត់ប្រាក់ជំពាក់ជាមួយភាគីពាក់ព័ន្ធដូចជាក្រុមហ៊ុនអាកាសចរណ៍ក៏មិនទាន់មាន។ លោកស្រី ក៏ទទូចឲ្យរដ្ឋាភិបាលបន្ធូរបន្ថយការយកប្រាក់ពន្ធជំពាក់ឆ្នាំមុនៗ ដែលម្ចាស់គ្រឹះស្ថានទេសចរណ៍មួយចំនួនមិនទាន់សង ដោយសារពួកគាត់គ្មានប្រាក់ត្រូវសងក្នុងពេលមិនអាចរកចំណូលបាន និងមានតែការចំណាយ៕