លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងប្រាប់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ថា កម្ពុជានឹងចូលជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ខណៈដែលសភានៃសហរដ្ឋអាមេរិក និងប្រជាជាតិជាង១០ផ្សេងទៀត ដែលបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងនេះ មិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ។
កិច្ចព្រមព្រៀង TPP នេះ ក៏ត្រូវបានលើកយកមកជជែកគ្នានៅក្នុងជំនួបកំពូលសហរដ្ឋអាមេរិក និងអាស៊ាន ដែលទើបតែបានបញ្ចប់កាលពីពេលថ្មីៗនេះដែរ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចខិតខំប្រឹងប្រែងមួយត្រូវបានធ្វើឡើង ដើម្បីឲ្យមេដឹកនាំក្នុងប្រទេសអាស៊ាន យល់ពីកិច្ចព្រមព្រៀង TPP ដែលនឹងសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក វង្សី វិស្សុត បានថ្លែងប្រាប់អ្នកចូលរួមនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៦ ដែលបានរៀបចំឡើងនៅឯទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងសិក្សាលើផលប្រយោជន៍នៃការចូលជាសមាជិកនៃកិច្ចព្រមព្រៀងTPP នេះ។ លោកថា សេដ្ឋកិច្ចបើកទូលាយរបស់ប្រទេសកម្ពុជាអាចនឹងមិនធ្វើឲ្យរដ្ឋាភិបាលកម្ពុជា មើលរំលងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះបានទេ។
«ខ្ញុំនិយាយតែប៉ុណ្ណេះទេ ឲ្យតែកម្ពុជាចំណេញស្អីក៏កម្ពុជាចូលដែរ»។
នៅពេលដែលលោកថ្លែងពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះ លោក វង្សី វិស្សុត បានឲ្យដឹងពីកិច្ចព្រមព្រៀងពណិជ្ជកម្មមួយផ្សេងទៀត ដែលប្រទេសចិន និងសមាគមអាស៊ាន ក៏ដូចជាដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ីកំពុងធ្វើការចចារ។ កិច្ចព្រមព្រៀងនេះ ត្រូវគេស្គាល់ថា ជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់បើកទូលាយ (Regional Economic Comprehensive Partnership) ហៅកាត់ថា RCEP។ លោកពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មានលក្ខណៈស្មុគស្មាញជាងកិច្ចព្រមព្រៀង TPP បើសិនជាពិនិត្យមើលលក្ខខណ្ឌសម្រាប់ការចូលជាសមាជិក។ លោកថា កិច្ចព្រមព្រៀង TPP អាចនឹងអនុវត្តទៅបានលឿនជាងកិច្ចព្រមព្រៀង RCEP។ ទោះជាយ៉ាងណា TPPត្រូវទទួលការអនុម័តពីសភារបស់អាមេរិកសិន។
«ប្រទេសដែលស៊ីញ៉េ TPP អត់មាននរណា ratify មួយទេ ស៊ីញ៉េតែត្រឹមរដ្ឋាភិបាល តែសភាអត់ទាន់អនុម័តទេ។ នៅអាមេរិកចេញរួចក៏អត់? អាមេរិកហ្នឹងដឹកមុខគេហើយ TPP ហ្នឹង។ ប៉ុន្តែក្នុងខែនេះ ឆ្លងរួចអត់ព្រឹទ្ធសភា? តែអានោះអត់ចេញ អត់ដូចតែគ្នាហ្នឹង»។
ប្រទេសដែលចង់ក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង TPPនេះ ត្រូវធ្វើការច្របាច់រួមគ្នានូវបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិការពារកម្មសិទិ្ធបញ្ញា និងបទប្បញ្ញត្តិផ្សេងទៀត សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម។ នេះបើយោងទៅតាមការវិភាគរបស់ក្រុមអ្នកវិភាគអន្តរជាតិ។
កិច្ចព្រមព្រៀង TPP នឹងបន្ទាបពន្ធនាំចូលលើទំនិញកសិកម្ម និងឧស្សាហកម្មជាច្រើន ហើយនឹងដោះស្រាយភាពស្មុគស្មាញផ្នែកពាណិជ្ជកម្មដូចជា បទប្បញ្ញត្តិការពារប៉ាតង់សម្រាប់ឱសថសង្គ្រោះជីវិតជាដើម។
រីឯកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់បើកទូលាយ ឬ RCEP ក៏មានបង្កប់នូវលក្ខខណ្ឌមួយចំនួន ដែលពិបាកនឹងធ្វើឲ្យប្រទេស ដែលកំពុងចរចាលើកិច្ចព្រមព្រៀងនោះទទួលយក។ លក្ខខណ្ឌទាំងនោះរួមមាន បទប្បញ្ញតិ្តទាក់ទិនសិទ្ធិការពារកម្មសិទ្ធិបញ្ញា និងច្បាប់ស្តីពីការធ្វើការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ សមាគមអាស៊ាន និងដៃគូពាណិជ្ជកម្មតំបន់របស់ខ្លួនជាច្រើន កំពុងចរចាលើកិច្ចព្រមព្រៀងនេះ។ ប្រទេសទាំងអស់នោះ រួមមាន ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉ខាងត្បូង។
ទោះបីជាសភាសហរដ្ឋអាមេរិកមិនទាន់សម្រេចលើកិច្ចព្រមពៀង TPP ក៏ដោយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ពីការចង់បានរបស់លោកចំពោះកិច្ចព្រមព្រៀងនេះ ទៅកាន់មេដឹកនាំប្រទេសសមាជិកអាស៊ាន។ លោកមិនបានមានប្រសាសន៍ទៅលើកិច្ចព្រមព្រៀង RCEP ដែលដឹកនាំដោយប្រទេសចិននោះទេ។
នៅក្នុងសុន្ទរកថារបស់លោក បន្ទាប់ពីកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិកអាស៊ានរយៈពេល២ថ្ងៃ លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងពីកិច្ចការជាច្រើន ដូចជាការវិនិយោគ ការលើកទឹកចិត្តភាពជាសហគ្រិន និងការបង្កើតថ្មី ដែលសហរដ្ឋអាមេរិក និងប្រទេសក្នុងសមាគមអាស៊ាន ត្រូវធ្វើការរួមគ្នាក្នុងពេលខាងមុខ។ នៅក្នុងកិច្ចការទាំងនោះ ក៏មានការជំរុញ សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអាស៊ានតាមរយៈកិច្ចព្រមព្រៀង TPP។
យោងទៅតាមសុន្ទរកថាដើម លោកប្រធានាធិបតី អូបាម៉ា ថ្លែងថា៖
«ខ្ញុំសូមអះអាងជាថ្មីម្តងទៀតថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(Trans-Pacific Partnership) ដែលរួមមាន ប្រទេស៤ជាសមាជិកអាស៊ានដែរនោះ អាចជំរុញឲ្យមានការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅទូទាំងអាស៊ាន ហើយកំណត់បទប្បញ្ញត្តិកាន់តែរឹងមាំសម្រាប់ការធ្វើពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដើម្បីសម្រេចគោលបំណងនេះ យើងបានដំណើរការកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីជួយប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យយល់ពីធាតុសំខាន់ៗរបស់កិច្ចព្រមព្រៀង TPP ក៏ដូចជាកំណែទម្រង់ ដែលអាចនាំពួកគេចូលរួមក្នុងកិច្ចព្រមព្រៀងនេះ»។
សហរដ្ឋអាមេរិក និងប្រជាជាតិ១១ផ្សេងទៀត បានចុះកិច្ចព្រមព្រៀង TPP កាលពីខែតុលា ឆ្នាំ២០១៥។ សមាជិកអាស៊ានចំនួន៤ ដែលក្លាយជាសមាជិក TPP រួមមាន ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
អ្នកសេដ្ឋកិច្ច និងអ្នកវិភាគនយោបាយក្នុងប្រទេសកម្ពុជា និយាយថា ប្រទេសកម្ពុជាអាចក្លាយជាភាគីមួយនៃកិច្ចព្រមព្រៀង TPP នេះ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលចែងថា ប្រទេសកម្ពុជាជាប្រទេសមិនចូលបក្សសម្ព័ន្ធ ហើយប្រទេសកម្ពុជាអាចយកកិច្ចព្រមព្រៀងនេះមកធ្វើជាឧបករណ៍សម្រាប់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹង ក្នុងកាលៈទេសៈដែលមានការប្រជែងខ្លាំងពីសហរដ្ឋអាមេរិក និងប្រទេសចិនលើវិស័យពាណិជ្ជកម្ម។ ពួកគេនិយាយថា បើទោះជាប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើជំនួយ និងប្រាក់កម្ចីរបស់ចិនក៏ដោយ ក៏ប្រទេសកម្ពុជានៅតែមានសិទ្ធិសម្រេចចូលជាសមាជិករបស់ TPP។
លោកបណ្ឌិត ចាប សុថារិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែងថា ប្រទេសកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង TPP ដោយសារតែប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង TPP នេះ គ្របដណ្តប់៤០ភាគរយនៃផលិតផលក្នុងស្រុករបស់ពិភពលោក។ លោកថា ប្រទេសកម្ពុជា ក៏មិនត្រូវមានការព្រួយបារម្ភថា ទំហំបំណុលដែលខ្លួនខ្ចីពីប្រទេសចិន ដែលស្ថិតនៅក្រៅ TPP អាចជាឧបសគ្គរបស់ខ្លួនសម្រាប់ការចូលជាសមាជិក TPP។
«ទំហំនៃការខ្ចីរបស់យើង ដែលយើងខ្ចីចិន ខ្ចីជប៉ុន ខ្ចីគ្រប់ប្រទេសទាំងអស់ហ្នឹង គឺក្នុងក្របខណ្ឌមួយដែលហៅថា ម៉ាក្រូសេដ្ឋកិច្ច មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចហ្នឹង យើងអាចគ្រប់គ្រងបាន យើងអាចសងគេបាន មិនមែនជាជំនួយហ្នឹង វាធ្ងន់ធ្ងរពេកដូចប្រទេសមួយចំនួន។ អញ្ចឹង តាមស្ថិតិយើងមើលទៅឃើញថា យើងនៅក្នុងរង្វង់អាចគ្រប់គ្រងបាន។ អញ្ចឹង ខ្ញុំមិនយល់ថា ការខ្ចីបំណុលចិនហ្នឹងជាឧបសគ្គមួយនៃការចូលTPP ហ្នឹងទេ អត់ទេ។ អង្គការ TPP ហ្នឹងគេមាន criteria (លក្ខណៈវិនិច្ឆ័យ) របស់គេ ហើយយើងអាចចូលអាស៊ានអី យើងអាចចូលបាន។ បើសិនជាគេអនុញ្ញាតឲ្យយើងចូល យើងចូលបានអត់មានពិបាកសោះ»។
យោងទៅតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កម្ពុជាមានបំណុលចំនួន ៥.៩០០លានដុល្លាសហរដ្ឋអាមេរិក គិតមកទល់នឹងឆ្នាំ ២០១៥ ហើយ៤៥ភាគរយនៃបំណុលទាំងអស់នោះ គឺបានមកពីប្រទេសចិន។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា ប្រាក់កម្ចីពីប្រទេសចិន ដែលពុំមានភ្ជាប់ជាមួយលក្ខខណ្ឌសំាញុំាច្រើននោះ បានរួមចំណែកយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោក អ៊ូ វីរៈ ប្រធានវេទិការអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកថ្លែងថា ប្រទេសកម្ពុជាមិនអាចមានការភ័យព្រួយអំពីការចុះថមថយនៃជំនួយ និងប្រាក់កម្ចីពីប្រទេសចិន បើសិនជាខ្លួនចូលជាសមាជិកTPP នោះទេ។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀង TPP នេះ នឹងជួយឲ្យប្រទេសកម្ពុជាកាត់បន្ថយការពឹងផ្អែកខ្លាំងលើដង្ហើមសេដ្ឋកិច្ចចិន។
«ខ្ញុំថា រឿងប៉ះពាល់ វាអាចប៉ះពាល់ខ្លះ។ ប៉ុន្តែបើសិនជាយើងខ្លាចប៉ះពាល់ យើងអត់ហ៊ានវិវត្តន៍ទៅមុខ យើងនៅចាំ ចាំសុំទានចិនដដែល។ ខ្ញុំមើលទៅ វាធ្វើឲ្យយើងនៅក្ររហូត ហើយនៅខ្ចីដង្ហើមគេដករហូតសុំដង្ហើមគេដករហូត»។
ក៏ប៉ុន្តែ លោកថា រដ្ឋាភិបាលកម្ពុជាអាចប្រឈមនឹងលក្ខខណ្ឌមួយចំនួន ទាក់ទិននឹងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិការងាររបស់កម្មករ និងសហជីព ការកែសម្រួលបទប្បញ្ញត្តិមួយចំនួនសម្រាប់ការធ្វើអាជីវកម្ម និងការការពារបរិស្ថាន ដែលកិច្ចព្រមព្រៀង TPP បានតាក់តែងឡើង។ លក្ខខណ្ឌទាំងអស់នេះ នឹងកា្លយជាផ្នែកមួយនៃការកែទម្រង់របស់រដ្ឋាភិបាលកម្ពុជា។
«ខ្ញុំមើលទៅ TPP វា វាមានផលប៉ះពាល់មួយចំនួន ដែលខ្ញុំព្រួយបារម្ភខ្លះដែរ ក៏ប៉ុន្តែដោយសារការដែលចូលទៅអាចបង្ខំ ឲ្យរដ្ឋាភិបាលយើង រដ្ឋយើងហ្នឹងរៀបចំធ្វើការកំណែទម្រង់មួយចំនួន វាអាច វានឹងជួយ បែបជួយជាប្រយោល ជួយដល់ការកែទម្រង់មួយចំនួនដែលយើងចំាបាច់ត្រូវការកំណែទម្រង់ខ្លួនយើង។ បើសិនជាអត់កំណែទម្រង់ខ្លួនយើង ដល់អញ្ចឹង TPP បង្ខំ ក៏ជារឿងមួយដែលយើង ទោះបីម៉េចក៏យើងបានផលដែរ»។
រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានស្វះស្វែងរកវិធីនានា ដើម្បីធ្វើឲ្យចំណងមិត្តភាពផ្នែកយោធា និងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន មានភាពប្រសើរឡើងវិញ។ កិច្ចខិតខំរបស់លោក ត្រូវគេពណ៌នាថា ជាការធ្វើឲ្យមាន«តុល្យភាពឡើងវិញ»នៃគោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀង TPP គឺជាផ្នែកមួយនៃកិច្ចខិតខំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមជំនួបកំពូលសហរដ្ឋអាមេរិក និងអាស៊ាននៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ពុំបានបង្ហាញឲ្យដឹងពីចេតនារបស់លោក ចំពោះការចូលជាសមាជិក TPP នេះទេ។ នេះបើយោងទៅតាមសារនយោបាយដែលលោកបានសរសេរជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុករបស់លោក នៅពេលចាប់ផ្តើម និងក្រោយជំនួបកំពូលនោះ។ យ៉ាងណាក៏ដោយ នៅក្នុងសារមួយដែលលោកបានសរសេរនៅចុងបញ្ចប់នៃជំនួបកំពូលនោះ បានឲ្យដឹងថា លោកទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់សហរដ្ឋ សម្រាប់ការជំរុញវឌ្ឍនភាពរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
លោកថ្លែងនៅក្នុងសារនោះយ៉ាងដូច្នេះថា៖«ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍ»៕