រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលរដ្ឋរស់នៅក្នុងប្រទេសនេះ ដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរគំរូចាស់ និងពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យប្រញាប់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែល VOA បានទទួល។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ»។
សេចក្តីជូនដំណឹងបានសរសេរតាមន័យដើមថា៖
«ដើម្បីធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្តា រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណសញ្ជាតិប័ណ្ណខ្មែរ គំរូថ្មីនៅបណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអនម៉ល ២ សែនសុខ»។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក៏បានជម្រាបដល់ពលរដ្ឋត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។
នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានពេលតែ៣០ថ្ងៃតែប៉ុណ្ណោះ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ ពោលគឺត្រឹមថ្ងៃនៃការជូនសេចក្តីជូនដំណឹងខាងលើនេះ។
លោកមានប្រសាសន៍ថា៖
«នែ៎បញ្ជាក់អ៊ីចេះនែ៎ រយៈពេលគឺ ៣០ថ្ងៃយ៉ាងយូរក្នុងថ្ងៃធ្វើការ»។
លោក កង សុខន មានប្រសាសន៍បន្ថែមថា មានពលរដ្ឋខ្មែរប្រមាណជាង ១០លាននាក់ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ហើយនៅសល់ប្រមាណតែជាង ២០ម៉ឺននាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់បានមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ។
«បើតាមលេខមូលដែលយើងធ្វើរួចហើយ បន្តបន្ទាប់មកដល់នេះ ប្រហែលជាង ១០លានហើយ»។
លោកនាយឧត្តមសេនីយ៍ កង សុខន បានបញ្ជាក់ទៀតថា ការចុះបញ្ជីសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ គឺផ្តោតជាសំខាន់តែលើពលរដ្ឋដែលមានសញ្ជាតិខ្មែរ។ លោកបញ្ជាក់ទៀតថា ជនបរទេសដែលទទួលបានសញ្ជាតិជាខ្មែរ ក៏អាចស្នើសុំអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះផងដែរ។
គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានចំនួនប្រជាជនប្រមាណជា១៦.១លាននាក់។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកចុងក្រោយបំផុតស្តីពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចេញផ្សាយជាសាធារណៈកាលពីដើមខែតុលា ឆ្នាំ២០១៨នេះ។
ប្រជាពលរដ្ឋខ្មែរត្រូវគេសង្កេតឃើញថា មានការបារម្ភចំពោះកំណើនជនជាតិវៀតណាមមានសញ្ជាតិខ្មែរនៅកម្ពុជា ដែលកងទ័ពនៃប្រទេសនេះ ត្រូវបានក្រុមមន្ត្រីជាន់ខ្ពស់ក្នុងក្បាលម៉ាស៊ីនដឹកនាំកម្ពុជា បានសម្តែងការដឹងគុណចំពោះជួយរំដោះពលរដ្ឋខ្មែរពីរបបប៉ុល ពតដ៏អាស្រូវចំពោះការកាប់សម្លាប់ពលរដ្ឋខ្លួនឯង។
ក៏ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិចិនត្រូវគេសង្កេតឃើញថា បានសម្រុកចូលមកកម្ពុជា តែមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា មានជនជាតិចិនប៉ុន្មាននាក់ ដែលបានទទួលសញ្ជាតិខ្មែរ ដូចជនបរទេសមួយចំនួនមកពីប្រទេសនៅលោកសេរី។ សកម្មជនសិទ្ធិមនុស្សនៅតាមសហគមន៍មួយចំនួនយល់ថា វត្តមានជនជាតិចិនកាន់តែច្រើននៅកម្ពុជា បានបង្កការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
ជាងនេះទៅទៀត ការចូលមករបស់ជនជាតិចិនយ៉ាងគំហុកនេះកើតមានឡើង នៅពេលប្រទេសកម្ពុជាបានងាកទៅរឹតចំណងការទូត និងកងទ័ពកាន់តែស្អិតល្មួតផងដែរជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានផ្តល់ជំនួយឥតសំណង និងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ នេះបើតាមការកត់សម្គាល់របស់ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា៕