រដ្ឋាភិបាលកម្ពុជាបានបញ្ជាអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធរដ្ឋឲ្យហាមឃាត់ការវាយបំផ្លាញសំណង់អគារបេតិកភណ្ឌ សំណង់វប្បធម៌ប្រវត្តិសាស្ត្រ សំណង់បុរាណ ដើម្បីធានាថាអគារទាំងអស់នោះត្រូវបានអភិរក្សឲ្យនៅគង់វង្ស។
បើតាមសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលស្នើឲ្យមានការហាមឃាត់ចំពោះការកែប្រែការប្តូររូបរាងខាងក្រៅឬធ្វើឲ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិភណ្ឌទីក្រុងនិងទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ប្រវត្តិសាស្ត្រ សំណង់បុរាណនិងសំណង់អគារបេតិកភណ្ឌដើម្បីការពារអគារឬសំណង់ទាំងនោះឲ្យបានគង់វង្ស។
សារាចរលើកឡើងក្នុងន័យដើមបន្ថែមថា៖ «បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្តោតលើយុទ្ធសាស្ត្រគោលនយោបាយ និងផែនទីចង្អុលបង្ហាញដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តភាព»។
សារាចរថ្មីនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបានសង្កេតឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឲ្យមានការបាត់បង់ការវាយបំផ្លិចបំផ្លាញការធ្វើឲ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុងនិងតាមបណ្តាខេត្តបានប្រឈមនឹងហានិភ័យនិងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ។ ការណ៍នេះទាមទារឲ្យមានការថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព៕