ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​នៅ​សេស​សល់​តិច​តួច


រូបឯកសារ៖ សត្វផ្សោតមួយក្បាលបង្ហាញខ្លួននៅដងទន្លេមេគង្គក្នុងភូមិកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៩។
រូបឯកសារ៖ សត្វផ្សោតមួយក្បាលបង្ហាញខ្លួននៅដងទន្លេមេគង្គក្នុងភូមិកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៩។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​ជា​វិធាន​ការ​ថ្មី​មួយ ដើម្បី​ការពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់​តិច​តួច និង​កំពុង​ប្រឈម​នឹង​ហានិភ័យ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដែល​វីអូអេ​ទទួល​បាន។

អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​តំបន់​គ្រប់គ្រង​ផ្សោត​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម។

យោង​តាម​អនុក្រឹត្យ តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត​ទន្លេ​មេគង្គ​មាន​ប្រវែង​១២០​គីឡូម៉ែត្រ ក្នុង​នោះ​ខេត្ត​ស្ទឹង​ត្រែង​មាន​ប្រវែង​៣៥​គីឡូម៉ែត្រ និង​ខេត្ត​ក្រចេះ​មាន​ប្រវែង​៨៥​គីឡូ​ម៉ែត្រ ដែល​សន្ធឹង​ចាប់​ពី​ប៉ែក​ខាង​ជើង ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ទឹង​ត្រែង ក្នុង​ខេត្ត​ស្ទឹង​ត្រែង រហូត​ដល់​ក្បាល​កោះ​ទ្រង់​ក្នុង​ខេត្ត​ក្រចេះ។

កន្លែង​អភិរក្ស​សត្វ​ផ្សោត​មាន​ដូច​ជា​កោះ​សន្ទក់ កោះ​កូន​សត្វ ត្បូង​ខ្លា ដែល​លាត​សន្ធឹង​ចាប់​ពី​ចំណុច​ក្បាល​កោះ​ស្រឡាយ ក្នុង​ស្រុក​សៀម​បូក និង​ក្រុង​ស្ទឹង​ត្រែង រហូត​ដល់​ក្បាល​កោះ​ឥន្ទ​ជ័យ និង​ក្បាល​កោះ​រងាវ ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ។ កន្លែង​អភិរក្ស​ផ្សេង​ទៀត ដូច​ជា​ខ្សាច់​ម្កាក់ កោះ​ផ្តៅ និង​កាំពីជា​ដើម។

បើ​តាម​មាត្រា​៧​នៃ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​កន្លែង​អភិរក្ស មាន​ដូចជា​ការ​នេសាទ​គ្រប់​ប្រភេទ ការ​ធ្វើ​វារី​វប្បកម្ម ឬ​ចិញ្ចឹម​ត្រី ការ​ធ្វើ​នាវា​ចរ​ឆ្លង​កាត់​ដែល​មាន​ឧបករណ៍​ត្រៀម​ធ្វើ​នេសាទ ការ​ធ្វើ​នាវាចរ​ដែល​មាន​ល្បឿន​លើស​ពី​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ការ​តាំង​ទី​លំនៅ និង​សកម្មភាព​ផ្សេង​ទៀត ដែល​ប៉ះពាល់​ដល់​ប្រភេទ​ធនធាន​ធម្មជាតិ​ជល​ផល​ដែល​កំពុងរង​គ្រោះ​ថ្នាក់​ជា​ពិសេស​សត្វ​ផ្សោត។

សកម្មភាព​ដែល​អនុញ្ញាត​ក្នុង​តំបន់​គ្រប់​គ្រង​សត្វ​ផ្សោត ដូចជា​ការ​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ខ្នាត​តូច​ក្នុង​កន្លែង​ការពារ លើក​លែង​មង ឬ​សន្ទូច​រនង ការ​ទស្សនា​សត្វ​ផ្សោត ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​វិទ្យាសាស្រ្ត។ នេះ​បើ​តាម​អនុក្រឹត្យ។

មាត្រា​១០​នៃ​អនុក្រឹត្យ​ចែង​ថា​បុគ្គល​ណា​ដែល​បំពាន​នឹង​បទ​បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​រដ្ឋបាល​ និង​ឬ​ក៏​ទណ្ឌ​កម្ម​ផ្សេង​ទៀតស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តជា​ធរមាន។

ចំណាត់​ការ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ ត្រូវ​បាន​ដាក់​ចេញ​ក្រោយ​មាន​ប្រតិកម្ម​ពី​លោក​នាយក រដ្ឋមន្រ្តី ហ៊ុន សែន។

កាលពី​ដើម​ខែ​មករា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យមាន​ការ​បង្កើត​ទីតាំង​អភិរក្ស​ជាក់​លាក់​មួយ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ទី​ដែល​មាន​បម្លាស់​ទី​របស់​សត្វផ្សោត​ ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដែល​នៅ​មាន​សល់​តិច​តួច​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។

ការ​ស្នើ​របស់​នាយករដ្ឋមន្រ្តី​កើត​ឡើង​ក្រោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វព្រៃ​និង​ធម្មជាតិ​កម្ពុជា ​ហៅ​កាត់​ថា​ WWF ​កម្ពុជា ​បាន​រាយ​ការណ៍​ពី​ករណី​នៃ​ការ​ស្លាប់​សត្វផ្សោត​យ៉ាងហោច​ណាស់​បីក្បាល​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០២២។

លោក ហ៊ុន សែន ថ្លែង​កាល​នោះ​ថា៖​ «ខ្ញុំ​សុំ​ដាស់​តឿន​ឱ្យយក​ចិត្ត​ទុក​ដាក់។​ ​តំបន់​នេះ​ត្រូវ​តែ​ជា​តំបន់​អភិរក្ស​ពេញ​ទី​ ដោយ​គ្មាន​ការ​លើក​លែង​ទេ។ យើង​អាច​លើក​លែង​ខ្លះ​ នៅ​តំបន់​ទន្លេសាប​ ដោយ​សារ​ប្រជា​ជន​គាត់​រស់​នៅ​ទីនោះ​យូរ​ហើយ។​ យើង​ឃ្វាល​ដី​ កាត់​ដី​ជូន​ពួក​គាត់។ ក៏​ប៉ុន្តែ​សម្រាប់​ទន្លេ​មេគង្គ​ដែល​សម្បូរ​ទៅ​ដោយ​សត្វផ្សោត​ និង​សត្វ​ត្រី​មួយ​ចំនួន​ដែល​វា​ជិត​ផុត​ពូជ​ ជាពិសេស​ផ្សោត​នេះ​ឯង​ ត្រូវ​តែ​មាន​ការ​រៀប​រយ​ឱ្យបាន​ល្អ»។

លោក​សង្កត់​ធ្ងន់​ថា​មន្ត្រី​នៅ​មូល​ដ្ឋានគឺ​ជា​អ្នក​ត្រូវ​ទទួល​បន្ទុក​ការ​ពារ​សត្វ​ផ្សោត​ឱ្យបាន​ហ្មត់​ចត់​ ពោល​គឺ​ត្រូវ​ធានា​ថា​គ្មាន​សត្វ​ផ្សោត​ត្រូវ​ជាប់​មង​តទៅ​ទៀត​ឡើយ។

អង្គការ​ WWF​ កម្ពុជា​បាន​ឱ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពីចុង​ខែ​ធ្នូ ឆ្នាំ​២០២២​ថា ​សត្វ​ផ្សោត​សរុប​ចំនួន​១១​ក្បាល​ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០២២ គិតត្រឹម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។ រីឯ​សត្វ​ផ្សោត​ដែល​បាន​ស្លាប់​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ចំនួន​សរុប​២៩​ក្បាល។

នាយក​អង្គការ​ WWF ​កម្ពុជា ​លោក ​សេង​ ទៀក​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា៖ ​«ការ​កើន​ឡើង​នៃ​សកម្ម​ភាព​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​នាពេល​ថ្មីៗ​នេះ​នឹង​បណ្តាល​ឱ្យសត្វ​ផ្សោត​ទន្លេ​មេគង្គ​ឈាន​ទៅ​ផុត​ពូជ​ ប្រសិន​បើ​គ្មាន​វិធាន​ការ​បន្ទាន់​ដើម្បី​បញ្ឈប់​សកម្ម​ភាព​ខុស​ច្បាប់​ទាំង​នេះ​ទេ»។

លោក សេង ទៀក ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​សាទរ​ចំពោះ​ចំណាត់​ការ​ថ្មី​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ការ​ពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​នៅ​សល់តិច​តួច ជា​ពិសេស​គឺ​មាន​ការកំណត់​តំបន់​សុវត្ថិភាពបាន​ជាក់​លាក់​សម្រាប់​សត្វ​ផ្សោត។ លោក​ជំរុញ​ឱ្យមាន​ការ​ផ្សព្វ​ផ្សាយ​អំពី​ចំណាត់​ការ​ថ្មី​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​នោះ។

លោក​បញ្ជាក់​ថា​៖ «មួយ​ទៀត​ដែល​ខ្ញុំ​ចង់​បន្ថែម​គឺ​ ចាំ​បាច់​ត្រូវ​តែ​ បោះ​បង្គោល​ព្រំប្រទល់​ឱ្យ​បាន​ច្បាស់​ទៅ​លើ​ តំបន់​ដែល​ផ្សោត​រស់​នៅ​ ទាំង​ពោង​បណ្តែត​ទឹក​ឬ​ ក៏​បង្គោល​ដែល​កំណត់​បង្ហាញ​អំពី​តំបន់​អភិរក្ស​ផ្សោត​ ដោយ​ផ្អែក​លើ​អនុក្រឹត្យ​ទើប​តែ​ចេញ​ថ្មី​ហ្នឹង​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋទាំង​អស់ដឹង​ពី​កន្លែង​ការពារ​ផ្សោត​ឱ្យ​បាន​តឹងរ៉ឹង»។

បើ​តាម​អង្គការ​ WWF រដូវ​ប្រាំង​ចាប់​ពី​ខែធ្នូ​ដល់​ខែ​ឧសភា​ គឺ​ជា​អំឡុង​ពេល​មួយ​ដ៏​ចាំបាច់​ ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ការពារ។ ​នៅពេល​ទឹក​ស្រក​ សត្វ​ផ្សោត​និង​ត្រី​មក​ប្រមូល​ផ្តុំ​គ្នា​រស់​នៅ​ និង​ចេញ​រក​ស៊ី​នៅ​ក្នុង​តំបន់​អន្លង់ទឹក​ជ្រៅ​នៃ​តំបន់​អភិរក្ស​សត្វ​ផ្សោត។​ ហេតុ​ដូច​នេះ​ ហើយ​ទើប​ធ្វើ​ឱ្យពួក​វា​ងាយ​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់។ ​ក្នុង​អំឡុង​ពេល​នេះ​ហើយ​ជា​ពេល​ដែល​ត្រូវ​បង្កើន​ការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹង​រ៉ឹង៕

XS
SM
MD
LG