ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ជិត​២០​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ការងារ ខណៈ​១០​ម៉ឺន​នាក់​ទៀត​ប្រឈម​បញ្ហា​នេះ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ម្នាក់​កំពុង​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ម្នាក់​កំពុង​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

មន្រ្តី​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​(GMAC)​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ និង​ស្បែក​ជើង​ ប្រមាណ​២០​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ការងារ ​និង​បញ្ឈប់​ពី​ការងារ​រួច​ទៅ​ហើយ ​ខណៈ​កម្មករ​ជិត​១០​ម៉ឺន​នាក់​ទៀត​នឹង​ត្រូវ​ប្រឈម​ការ​ព្យួរ​ការងារ​នៅ​ពេល​ខាង​មុខ។​

លោក ​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​GMAC ​ប្រាប់​VOA​ថា រោងចក្រ​ប្រមាណ​១៨០​ហើយ​ ដែល​បាន​ព្យួរ​ការងារ​កម្មករ​ ដែល​ក្នុង​នោះ​មាន​កម្មករ​ប្រមាណ​២០​ម៉ឺន​នាក់។ ​លោក​បន្ត​ថា ​ រោងចក្រ​ជាង​៦០​ទៀត​បាន​ស្នើ​សុំ​ព្យួរ​ការងារ​របស់​កម្មករ ​ហើយ​ក្រសួង​ការងារកំពុង​ពិចារណា។​ លោក​បញ្ជាក់​ថា​ ការ​ព្យួរ​នេះ​នឹង​ប៉ះពាល់​កម្មករ​ប្រមាណ​១០​ម៉ឺន​នាក់​ទៀត ​ដែល​ប្រឈម​អត់​ការងារ​នៅ​ក្នុង​ខែ​ឧសភា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹង​សរុប​ដល់​ចុង​ខែ ​អាច​មាន​ជាង​៣០​ម៉ឺន​កម្មករ ​ជួប​បញ្ហា​រោងចក្រ​ព្យួរ​ការងារ»។​

លោក ​ខេន លូ ​បន្ត​ទៀត​ថា ​ស្ថានភាព​នៃ​ការ​បញ្ជា​ទិញ​ស្ថិត​ក្នុង​ភាព​អាក្រក់​នៅ​ឡើយ ​ដោយសារ​ទីផ្សារ​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា ​មិន​ទាន់​បើក​នៅ​ឡើយ​ ខណៈ​មាន​ការ​រាតត្បាត​វីរុស​កូរ៉ូណា។លោក​បញ្ជាក់​ថា៖​ «ទីផ្សារ​ពីរ​ហ្នឹង​អត់​ទាន់​បើក​ដំណើរ​ការ​ធម្មតា​ណា។​ អ៊ីចឹង​មាន​ន័យ​ថា​ខាង​អ្នក​បញ្ជា​ទិញ ​គេ​បិទ​ទាំង​អស់។​ អ៊ីចឹង​បើ​គេ​បិទ​ទាំង​អស់​គេ​អត់​ត្រូវ​ការ​អីវ៉ាន់​ទេ។ ​បើ​អត់​ត្រូវ​ការ​អ៊ីវ៉ាន់​គេ​អត់​កម្មង់»។​

បើ​តាម​លោក ​ខេន លូ ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែ​ម្តង​ ប៉ុន្តែ​លោក​មិន​ដឹង​ថា​ មាន​កម្មករ​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ។

លោក ​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ កម្មករ​កាន់​តែ​ច្រើន​នឹង​ត្រូវ​ព្យួរ​ការងារ ​ហើយ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ លោក​ព្រួយ​បារម្ភ​ថា​ ​កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​តែ​ម្តង ​មិន​ទទួល​បាន​ផល​ប្រយោជន៍​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«មក​ដល់​ម៉ោង​នេះ ​យើង​បារម្ភ​ខ្លាំង​បំផុត ​រោងចក្រ​ដែល​បញ្ចប់​កុងត្រា​ការងារ​កម្មករ​ ឬ​ក៏​បញ្ឈប់ ​យើង​មិន​ដឹង​ថា​ គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​ហ្នឹង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ»។

អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ថា​ តើ​ការ​ព្យួរ​ការងារ​នោះ​ ធ្វើ​ទៅ​តាម​ច្បាប់​ដែរ​ឬទេ ហើយ​ថា​ តើ​រោងចក្រ​ធ្វើ​ត្រឹមត្រូវ​តាម​ការ​ស្នើ​សុំ​ឬ​យ៉ាងណា។

អ្នកស្រីមាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​មើល​ទៅ ស្ថានភាព​នៅ​តាម​ក្រុមហ៊ុន​ ហាក់​ដូច​ជា​ខ្ញុំ​មិន​ដឹង​ថា​ ពួក​គាត់​កំពុង​តែ​ធ្វើ​អី។ ​វា​ហាក់​ដូច​ជា​ព័ត៌មាន​ហ្នឹង​មិន​ច្បាស់​ការ​ទេ»។

លោក​ ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់ ​(Central)​ មាន​ប្រសាសន៍​ថា​ លោក​ព្រួយ​បារម្ភ​ថា​ រោងចក្រ​នឹង​បិទ​ដំណើរ​ការ​តែ​ម្តង​ ហើយ​កម្មករ​នឹង​មិន​ទទួល​បាន​ប្រាក់​អត្ថ​ប្រយោជន៍​តាម​ផ្លូវ​ច្បាប់។

«បញ្ហា​ប្រឈម​ខ្លាំង​ទៅ​មុខ​ទៀត​ហ្នឹង ​គឺ​រឿង​ការ​បិទ​រោងចក្រ​ហ្នឹង​ឯង។ ការ​បិទ​រោងចក្រ​ហ្នឹង​ហើយ​ដែល​ជា​ក្តី​បារម្ភ​បំផុត​សម្រាប់​យើង ​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​ការងារ​ហ្នឹង។​ គឺ​យើង​បារម្ភ​ខ្លាច​តែ​រោងចក្រ​ទាំង​អស់​ហ្នឹង ​គាត់​គេច​ពី​កាតព្វកិច្ច​នៅ​ក្នុង​ការ​ធានា​ខុស​ត្រូវ ​ទៅ​ដល់​កម្មករ​និយោជិក ​ក្នុង​ការ​ទូទាត់​សំណង​ទៅ​តាម​ច្បាប់​ស្តី​ពីការងារ»។​

លោក​បន្ត​ថា ​ដំណាក់​កាល​នេះ ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នឹង​មិន​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​លើក​ឡើង​ថា​ កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​នឹង​ទទួល​បាន​៧០​ដុល្លារ​ក្នុង​មួយ​ខែ ​ដែល​ក្នុង​នោះ​៤០​ដុល្លារ​ជា​ថវិកា​របស់​រដ្ឋាភិបាល ​និង​៣០​ដុល្លារ​ពី​រោងចក្រ។

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ​ហេង សួរ ​បាន​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​កាល​ពី​ចុង​ខែ​មេសា​ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ តាម​ពិតទៅ ​រោងចក្រ​ដែល​ព្យួរ​ការងារ​កម្មករ​បាន​ស្នើ​សុំ​បិទ​រោង​ចក្រ​តែ​ម្តង​ តែ​ក្រសួង​ការងារ​ព្យាយាម​សម្របសម្រួល​ឲ្យ​កម្មករ​ទទួល​បាន​ផល​ប្រយោជន៍ ​តាម​រយៈ​ការ​ព្យួរ​ការងារ​របស់​កម្មករ​វិញ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ។​ វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​អាច​ជួយ​ជីវភាព​គ្រួសារ​នៅ​តាម​ជន​បទ​ ក្នុង​នោះ​មាន​ការ​ដោះ​ស្រាយ​បំណុល​ផង​ដែរ។ ​ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌ​នេះ​គឺ​សហ​ភាព​អឺរ៉ុប ​ដែល​ជា​ទី​ផ្សារ​ធំ​ទី​១​និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២៕

XS
SM
MD
LG