អង្គការទំពាំងបាយជូរអន្តរជាតិដែលជាអង្គការអន្តររដ្ឋាភិបាលបាននិយាយនៅពេលបង្ហាញការស្ទង់ប្រមាណដំបូងៗរបស់ខ្លួនថាផលិតផលស្រាទំពាំងបាយជូរមាន២៤៤,១លានហិកតូលីត្រ គឺចុះថយ៧%ពីផលិតផលកាលពីឆ្នាំទៅមិញ។
អង្គការនេះដែលផ្តល់ទិន្នន័យឱ្យពួកប្រទេសដាំទំពាំងបាយជូរនិងផលិតស្រាទំពាំងបាយជូរនិងក្រុមប្រទេសពួកអ្នកបរិភោគទំពាំងបាយជូរនិងស្រាទំពាំងបាយជូរបាននិយាយថា«ជាថ្មីទៀត ស្ថានភាពអាកាសធាតុមិនល្អ-ដូចជាមានសន្សើមកកមុនពេលកំណត់ ភ្លៀងខ្លាំងនិងការរាំងស្ងួតមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតផលចម្ការទំពាំងបាយជូរក្នុងពិភពលោក»។
ពួកប្រទេសមួយចំនួនផលិតស្រាទំពាំងបាយជូរច្រើននៅក្នុងអឌ្ឍគោលខាងត្បូងមានការផលិតស្រាទំពាំងបាយជូរតិចជាងមុន។ ប្រទេសអូស្ត្រាលី អាហ្សង់ទីន ស៊ីលី
អាហ្វ្រិកខាងត្បូងនិងប្រទេសប្រេស៊ីលមានការផលិតស្រាទំពាំងបាយជូរចុះថយរវាង១០និង៣០%។
ប្រទេសអ៊ីតាលីបានបាត់បង់ឋានៈជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនជាងគេពីព្រោះផលិតផលរបស់ប្រទេសនេះបានចុះថយ១២% ដែលបើកឱ្យប្រទេសបារាំងទទួលឋានៈជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនជាងគេពីព្រោះផលិតផលរបស់បារាំងនៅថេរ។
ប្រទេសអេស្ប៉ាញបានរក្សាឋានៈជាប្រទេសផលិតស្រាទំពាំងបាយជូរច្រើនទីបីក្នុងពិភពលោក ទោះជាផលិតផលរបស់ប្រទេសនេះបានចុះថយ១៤%និងបានថមថយ១៩%ពីមធ្យមភាគប្រាំឆ្នាំរបស់ខ្លួនក៏ដោយ។
លោក Inaki Garcia de Cortazar-Atauri នៃវិទ្យាស្ថានស្រាវជ្រាវខាងសេដ្ឋកិច្ចកសិកម្មជាតិនៃប្រទេសបារាំងបាននិយាយថាទោះជាអង្គការ OIV និយាយអំពីធាតុអាកាសអាក្រក់មានផលប៉ះពាល់លើផលិតកម្មស្រាទំពាំងបាយជូរក៏ដោយ ក៏អង្គការនេះមិនទាន់ភ្ជាប់ការណ៍នេះជាមួយការប្រែប្រួលអាកាសធាតុនៅឡើយទេ។
ក្នុងឋានៈជាអ្នកជំនាញម្នាក់ខាងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើកសិកម្ម
លោកបានថ្លែងថាការខូចខាតនោះនៅក្នុងប្រទេសអ៊ីតាលីបណ្តាលមកពីដីចម្ការនិងដីធម្មជាតិមិនអាចស្រូបយកទឹកបាន៕
ប្រែសម្រួលដោយលោកឈឹម សុមេធ