ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ការទូត​ជុំវិញ​ពិភពលោក​ចងចាំ​អ្នកស្រី Madeleine Albright ដែល​បាន​ទទួល​មរណភាព​ក្នុង​អាយុ​៨៤ឆ្នាំ


រូបឯកសារ៖ អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Madeleine Albright ថ្លែង​នៅក្នុង​ពិធី​មួយ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Madeleine Albright ថ្លែង​នៅក្នុង​ពិធី​មួយ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​ពុធម្សិលមិញ​នេះ មាន​ការចូលរួម​រំលែក​ទុក្ខ​ជា​ច្រើនពី​មន្ត្រីការទូតនានា​នៅ​ជុំវិញ​ពិភព​លោក​ចំពោះ​មរណភាព​របស់អ្នកស្រី Madeleine Albright ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ស្ត្រី​លើកដំបូង​ និង​ជា​រដ្ឋនារី​ដ៏មាន​ឥទ្ធិពល​មួយ​រូប​ដែល​បាន​ទទួល​មរណភាព​ក្នុងអាយុ៨៤​ឆ្នាំ។ នេះ​ បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Albright បាន​មក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​អ្នកស្រី​មានវ័យ១១ឆ្នាំ​ក្នុង​នាម​ជា​ជន​ភៀសខ្លួនផ្នែក​នយោបាយ។ អ្នកស្រី បាន​បម្រើ​ការងារ​រហូត​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ​ក្រោម​អណត្តិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ២០០១។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Bill Clinton លោក George W. Bush លោក​ Barack Obama និង​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក Joe Biden បាន​សរសើរ​ពីវីរភាព​ការងារជា​ប្រវត្តិសាស្ត្រ​របស់​អ្នក​ស្រី Albright។

អតីត​ប្រធានាធិបតី​អាមេរិក​លោក ​Barack Obama បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា អ្នក​ស្រី Albright បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការរីក​ចម្រើន​នៅ​ក្នុង​តំបន់​មួយ​ចំនួនដែលមាន​អស្ថិរភាពនៅ​លើ​ពិភព​លោក ​និង​ជា​ជើងឯក​មួយ​រូប​ក្នុងការការពារតម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ ដោយ​ធ្លាប់​ឆ្លងកាត់​ជា​ជន​អន្តោប្រវេសន៍ អ្នក​ស្រី បាន​ធ្វើ​ឲ្យ​មាន​ទស្សន​វិស័យ​ដ៏​ពិសេស​ និង​សំខាន់​មួយ​ដល់​ការងារ​អាជីព​ដ៏​ឆ្នើម​របស់​អ្នក​ស្រី​»។

អ្នក​ស្រី Albright កើតនៅ​ឆ្នាំ១៩៣៧ ក្នុង​ទីក្រុង​ប្រាក ប្រទេស​ឆែក។ គ្រួសារ​របស់​លោក​ស្រី​មាន​អំបូ​ជា​ជន​ជាតិ​ជ្វីវ ប៉ុន្តែ អ្នក​ស្រី​មិនបាន​ដឹង​ទេ​រហូត​ពេល​ក្រោយ​មក។ អ្នក​ស្រី បាន​រត់​គេចចេញមុន​ការឈ្លាន​ពាន​របស់​ពួក​ណាស៊ី​ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី​នៅឆ្នាំ​១៩៣៩។ អ្នក​ស្រី បាន​បាត់បង់​សមាជិក​គ្រួសារជា​ច្រើន​នាក់​នៅក្នុង​ជំរំ​ប្រមូល​ផ្តុំ​កាប់​សម្លាប់។ អ្នក​ស្រី បាន​រត់ភៀស​ខ្លួន​ទៅ​កាន់​ចក្រភព​អង់គ្លេស​ហើយ​១០​ឆ្នាំ​ក្រោយ​មក​ បានចាកចេញ​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។

បន្ទាប់ពី​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​មក អ្នក​ស្រី Albright បាន​ចូល​ក្នុង​វិស័យ​នយោបាយ​ជា​អ្នក​រៃ​អង្កៀស​ប្រាក់ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់មក​ជា​អ្នក​ជំនួយការ​សភា​ ហើយ​បាន​ចូល​បម្រើ​ការងារ​ឲ្យ​លោក Zbigniew Brzezinski ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​អតីតប្រធានាធិបតី Jimmy Carter។

ក្រុម​គ្រួសារ​របស់​អ្នកស្រី បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា អ្នកស្រី Albright បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺមហារីក ដោយ​មាន​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ត​នៅ​ជុំវិញ​ខ្លួន ហើយ​បាន​គោរព​វិញ្ញានខណ្ឌ​អ្នកស្រី​ក្នុង​នាម​ជា​ម្តាយ ជា​ជីដូន ជា​បងស្រី​ និង​មិត្តភ័ក្ត​ជា​ទី​ស្រឡាញ់​ក៏​ដូច​ជា​បុគ្គល​ជើង​ឯក​ម្នាក់ដែល​មិន​ចេះនឿយហត់​ក្នុង​ការការពារលទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស»៕

XS
SM
MD
LG