ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អន្តរជាតិ​ថ្កោលទោស​ការ​វាយ​ប្រហារ​នៅ​ក្រុង New Orleans


បុគ្គលិក​យោធា​ឈរ​ក្បែរ​កន្លែង​ដែល​មនុស្ស​ត្រូវ​បាន​សម្លាប់​ដោយ​បុរស​ម្នាក់​ដែល​បើក​រថយន្ត​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២៥។
បុគ្គលិក​យោធា​ឈរ​ក្បែរ​កន្លែង​ដែល​មនុស្ស​ត្រូវ​បាន​សម្លាប់​ដោយ​បុរស​ម្នាក់​ដែល​បើក​រថយន្ត​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ក្នុង​ក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២៥។

អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ការ​វាយ​ប្រហារ​លើ​ហ្វូង​មនុស្ស​ដែល​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​សាកល​នៅ​ក្នុង​ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាមេរិក ដែល​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ មនុស្ស​យ៉ាងតិច ១៥ នាក់​បាន​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រងរបួស។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres «ថ្កោលទោស​យ៉ាងខ្លាំង» ចំពោះ​ការ​វាយ​ប្រហារ​នេះ ហើយ «បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ​ទាំងនោះ​ដែល​បាន​បាត់បង់​ជីវិត»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អ្នក​នាំពាក្យ​របស់​លោក។

រដ្ឋមន្ត្រី​ការបរទេស​វិមាន​វ៉ាទីកង់​បាន​សរសេរ​នៅ​ក្នុង​សារ​ផ្ញើ​ទៅកាន់​មេ​គណៈ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​នៃ​ក្រុង New Orleans ថា៖ «សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស (Francis) មាន​ទុក្ខព្រួយ​យ៉ាង​ខ្លាំង​ដែល​បាន​ឮ​ដំណឹង​អំពី​ការ​បាត់បង់​អាយុ​ជីវិត​និង​ការ​រងរបួស​នេះ»។

ប្រធាន​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ Xថា៖ «ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង​ចំពោះ​ការ​វាយប្រហារ​ដ៏​រន្ធត់​នៅ​ក្នុង​ទីក្រុង New Orleansនេះ។... យើង​ត្រូវតែ​រួមគ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​និង​ភេរវកម្ម​នេះ ហើយ​ធ្វើការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅរក​អនាគត​មួយ​ដែល​មាន​សុវត្ថិភាព​ជាងមុន»។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Mark Rutte បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ X ថា៖ «[ខ្ញុំ] សោក​សង្រេង​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នៃ​ការ​វាយ​ប្រហារ​ដ៏​រន្ធត់​ក្នុង​ទីក្រុង New Orleans នេះ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​អ្នក​រងរបួស​ឆាប់​បាន​ជា​សះស្បើយ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​អ្នក​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន»។

ចំណែក​ឯ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning វិញ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «យើង​មាន​ការ​តក់ស្លុត​ចំពោះ​ការវាយ​ប្រហារ​ហិង្សា​នេះ។ ចិន​ជានិច្ចកាល​ប្រឆាំង​នឹង​សកម្មភាព​ហិង្សា​និង​ភេរវកម្ម​ណា​មួយ​ដែល​ដៅ​លើ​ជន​ស៊ីវិល»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​កាន់ទុក្ខ​ចំពោះ​ជន​រងគ្រោះ​និង​សូម​សម្តែង​នូវ​សេចក្ដី​អាណិត​អាសូរ​របស់​យើង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​និង​អ្នក​ដែល​រងរបួស»។

រីឯ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron វិញ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​អនឡាញ X ថា៖ «ក្រុង New Orleans ដែល​ពលរដ្ឋ​បារាំង​ស្រឡាញ់​ពេញ​បេះដូង បាន​រង​ការ​វាយ​ប្រហារ​ភេរវកម្ម»។

លោក Macron បាន​បន្ថែម​ថា៖ «យើង​សូម​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​និង​អ្នក​រងរបួស ក៏ដូចជា​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ដែល​រង​ទុក្ខព្រួយ»៕

XS
SM
MD
LG