ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​​ប្រតិកម្ម​អវិជ្ជមាន​ជា​សាកល​ចំពោះ​យន្តហោះ​ Boeing 737 MAX-8 ដែល​បាន​ធ្លាក់


យន្តហោះ Boeing 737 MAX 8 ដែល​ធ្វើ​សម្រាប់​ក្រុមហ៊ុន Shanghai Airlines កំពុង​ចត​ នៅ​រោងចក្រដំឡើង​យន្តហោះ​របស់​ក្រុម Boeing Co. កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Renton រដ្ឋធានី​វ៉ាស៊ីនតោន។
យន្តហោះ Boeing 737 MAX 8 ដែល​ធ្វើ​សម្រាប់​ក្រុមហ៊ុន Shanghai Airlines កំពុង​ចត​ នៅ​រោងចក្រដំឡើង​យន្តហោះ​របស់​ក្រុម Boeing Co. កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង Renton រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រទេស​អូស្ត្រាលី​និង​ប្រទេស​សិង្ហបុរីបាន​ផ្អាក​យន្តហោះដឹក​អ្នក​ដំណើរ​ធុន Boeing Max-8 មិន​ឱ្យ​ហោះ​ហើរ​ក្នុង​ដែនអាកាស​របស់គេ​ ដោយ​ចូល​រួម​ជាមួយ​ប្រទេស​មួយ​ចំនួន​ដែល​កើន​ច្រើន​ឡើងៗ ​ក្នុង​ការ​ចាត់​វិធានការ​ប្រុង​ប្រយ័ត្ន​មាន​ទាក់ទិន​នឹង​យន្តហោះ​មាន​បញ្ហា​នេះ​នៅ​ក្រោយ​មាន​ការ​ធ្លាក់​ដ៏​ប្រល័យ​លើកទី​ពីរ​ក្នុង​រយៈពេល​ប្រាំ​ខែ។​

ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក​ ដែល​មានរួម​បញ្ចូល​ប្រទេស​ចិន ឥណ្ឌូណេស៊ី ប្រេស៊ីល និង​ម៉ិកស៊ិក​បាន​ផ្អាក​ការ​ហោះ​នៃ​យន្ត​ហោះ​ធុន​ Boeing 737 Max 8 ទាំង​អស់​នៅ​ក្នុង​កង​អាកាសយានដ្ឋាន​របស់​ពួក​គេ នៅ​ក្រោយ​អ្នក​ដំណើរ និង​ក្រុម​យានិក​១៥៧​នាក់​ បាន​ស្លាប់​នៅ​ពេល​យន្តហោះ​ Boeing 737 Max 8 មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Ethiopian Airlines បាន​ធ្លាក់​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​បាន​ហោះ​ចេញ​ពីក្រុង Addis Ababa។

សេចក្តី​ថ្លែង​ការណ៍​ពី​អាជ្ញាធរ​អាកាសចរណ៍​នៃ​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​សិង្ហបុរីនិយាយ​ថា​ការ​ផ្អាក​នេះ​បណ្តោះ​អាសន្ន​ នៅ​ពេល​ដែល​ការ​ស៊ើបអង្កេត​អំពី​សោកនាដកម្ម​កាលពី​ថ្ងៃ​អាទិត្យ​មាន​ធ្វើ​ត​ទៅ​ទៀត។ ការ​ផ្អាក​នៃ​ការ​ហោះ​យន្តហោះ​ប្រភេទ​នេះ​មាន​ផល​ប៉ះពាល់​លើ​ក្រុមហ៊ុន​អាកាសចរណ៍ Fiji Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍ SilkAir នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ផ្អាក​យន្តហោះ​ធុន​នេះ​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​រួច​ស្រេច​ហើយ​ក្នុង​រដ្ឋ​ជា​ទី​ក្រុងនេះ។​

យន្តហោះ​ Boeing Max 8 នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Ethiopian Airlines ជា​យន្តហោះ​ប្រភេទ​ដូច​គ្នា​នឹង​យន្តហោះ​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​ក្នុង​សមុទ្រ​ Java កាលពី​ខែ​តុលា ក្នុង​ពេល​តែប៉ុ​ន្មាន​នាទី​ក្រោយ​ពី​បាន​ហោះឡើង​ពី​ក្រុង Jakarta បណ្តាល​ឱ្យ​មនុស្ស១៨៩​នាក់​បាត់បង់​ជីវិត។​

មាន​អ្នកឃើញ​ហេតុការណ៍​យ៉ាង​តិច​ណាស់​ពីរ​នាក់​និយាយ​ថា​ ពួក​គេ​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ផ្នែក​ខាង​ក្រោយនៃ​យន្តហោះ​នោះ​នៅ​មុន​ពេល​វា​ធ្លាក់។ ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ប្រដាប់​ថត​ទិន្នន័យ​នៃ​ការ​ហោះ​របស់​យន្តហោះ​នេះ​ និង​ប្រដាប់​ថត​សំឡេង​នៅ​ក្នុង​កន្លែង​អ្នក​បើក​យន្តហោះ​នេះ​ហើយ ​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​តម្រុយ​អំពី​ហេតុ​ដូច​ម្តេច​បាន​ជា​យន្តហោះ​ Boeing 737 Max 8 បាន​ធ្លាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ Nairobi៕

XS
SM
MD
LG