ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ បានប្រកាសផ្តល់ថវិកាចំនួន១លានអឺរ៉ូឬស្មើនឹងជាង១លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដល់កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឬហៅកាត់ថា IDPoor។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំក្រុងភ្នំពេញ។
ការប្រកាសផ្តល់ជំនួយបន្ថែមនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាជនក្រីក្រី និងជនងាយរងគ្រោះក្នុងគ្រាវិបត្តិកូវីដ១៩ ចំនួន ៥៦ម៉ឺនគ្រួសារ ឬ ស្មើនឹង២លាន ៣សែននាក់ នៅទូទាំងប្រទេស។
ប្រទេសអាល្លឺម៉ង់ និងអូស្ត្រាលី បានគាំទ្របច្ចេកទេសក្នុងការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ។
កន្លងមកប្រទេសទាំងពីរនេះបានផ្តល់ថវិកាជំនួយសរុបប្រមាណ១៨លានដុល្លារអាមេរិកសម្រាប់គាំទ្រកម្មវិធី IDPoor នេះ៕