នៅថ្ងៃសុក្រនេះ ប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ជាលើកដំបូងថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសណាមីប៊ី ក្នុងអំឡុងពេលអាណានិគម ហើយរដ្ឋាភិបាលក្រុងប៊ែរឡាំងសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដែលមានទឹកប្រាក់ជាង១ពាន់លានអឺរ៉ូ ជាគម្រោងជំនួយដល់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។
ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។
អ្នកតាំងទីលំនៅអាល្លឺម៉ង់ ក្នុងសម័យអាណានិគម បានសម្លាប់អ្នកស្រុកកំណើតជាតិសាសន៍ Herero និង Nama រាប់ម៉ឺននាក់យ៉ាងរង្គាលពីចន្លោះឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩០៨ ដែលត្រូវបានអ្នកប្រវត្តិសាស្ត្រចារទុកថាជាអំពើប្រល័យពូជសាសន៍ដំបូងបំផុតក្នុងសតវត្សទី២០ ហើយការណ៍នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសអាល្លឺម៉ងនិងណាមីប៊ីមានភាពល្អក់កករជាច្រើនឆ្នាំ។
កាលពីពេលកន្លងទៅរដ្ឋាភិបាលក្រុងប៊ែរឡាំង ទទួលស្គាល់ថាមានការសម្លាប់យ៉ាងរង្គាល ក្នុងដៃអាជ្ញាធរអាណានិគមរបស់ខ្លួន ក៏ប៉ុន្តែតែងតែបដិសេធការបង់សំណង៕