កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានព្រមានរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថាការគាំទ្ររបស់ចិនចំពោះរុស្ស៊ីនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិន និងបានជំរុញចិនឱ្យជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកស្រីបានថ្លែងនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនថា សង្គ្រាមជាង ១.០០០ ថ្ងៃកន្លងមកនេះបានប៉ះពាល់ដល់ពិភពលោកទាំងមូល។ ជាងនេះទៀត អ្នកស្រីបានថ្កោលទោសតួនាទីរបស់ទាហានកូរ៉េខាងជើងនៅសមរភូមិនិងការប្រើដ្រូនផលិតនៅចិននៅក្នុងសង្គ្រាមនេះ។
អ្នកស្រី Baerbock បានជំរុញឱ្យមានដំណើរការសន្តិភាពអន្តរជាតិសម្រាប់ប្រទេសអ៊ុយក្រែន និងបាននិយាយថា «ហេតុដូចនេះហើយបានជាខ្ញុំស្ថិតនៅប្រទេសចិននៅថ្ងៃនេះ»។ អ្នកស្រីបានបន្ថែមថា រាល់សមាជិកអចិន្ត្រៃយ៍ទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមាន «ការទទួលខុសត្រូវចំពោះសន្តិភាពនិងសន្តិសុខនៅលើពិភពលោក»។
អ្នកស្រីបានបញ្ជាក់ក្នុងសន្និសីទកាសែតមួយថា៖ «ប្រធានាធិបតីរុស្ស៊ីមិនត្រឹមតែបំផ្លាញរបៀបរៀបរយសន្តិភាពនៅអឺរ៉ុបរបស់យើងតាមរយៈសង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាញទ្វីបអាស៊ីឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនេះផងដែរតាមរយៈកូរ៉េខាងជើងនៅពេលឥឡូវនេះ»។
អ្នកស្រីបានបន្ថែមថា៖ «សមភាគីចិនរបស់ខ្ញុំនិងខ្ញុំបានពិភាក្សាគ្នាលម្អិតថាសង្គ្រាមនេះក៏មិនមែនជាប្រយោជន៍របស់ចិននោះដែរ»។
មន្ត្រីការទូតកំពូលរបស់អាល្លឺម៉ង់រូបនេះបានជួបជាមួយលោក Wang Yi ដើម្បី «ពិភាក្សាបែបយុទ្ធសាស្ត្រ» ស្របពេលដែលអាល្លឺម៉ង់មានបំណងកសាងទំនាក់ទំនងឱ្យបានប្រសើរជាងមុនជាមួយចិននិងប្រឡូកក្នុងទស្សនៈផ្ទុយគ្នាចម្បងៗនានា៕
វេទិកាបញ្ចេញមតិ