រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer ថ្លែងកាលពីថ្ងៃចន្ទ ថា លោកស្រីមិនបានទទួលការបញ្ជាក់ណាមួយពីអាជ្ញាធរសហរដ្ឋអាមេរិកចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថា អាមេរិកបានសម្រេចដកទាហានរបស់ខ្លួនជាង១ភាគ៤ដែលកំពុងប្រចាំការនៅប្រទេសអាល្លឺម៉ង់។
សារព័ត៌មាន Wall Street Journal របស់អាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជឲ្យក្រសួងការពារជាតិបន្ថយចំនួនទាហានអាមេរិកដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ ចំនួន៩.៥០០នាក់។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ក៏បានយល់ព្រមលើសំណើនេះរួចហើយ។
ថ្លែងក្នុងសន្និសីទនៅទីក្រុងប៊ែរឡាំង លោកស្រីរដ្ឋមន្ត្រី Kramp-Karrenbauer ថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រាន់តែបានឃើញសេចក្តីរាយការណ៍ព័ត៌មានប៉ុណ្ណោះ និងមិនដឹងថានឹងមានអ្វីកើតឡើងទេ។
បច្ចុប្បន្នមានទាហានអាមេរិកចំនួន៣៤.៥០០នាក់ប្រចាំការជាអចិន្ត្រៃយ៍នៅប្រទេសអាល្លឺម៉ង់ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខរបស់អង្គការណាតូ។
សេចក្តីរាយការណ៍ព័ត៌មានអំពីការកាត់ចំនួនទ័ពនៅអាល្លឺម៉ងនេះស្របនឹងគោលនយោបាយ«អាមេរិកមុនគេ» ឬ America First របស់លោកប្រធានាធិតបតីត្រាំ ដែលចង់ឲ្យសម្ព័ន្ធមិត្តអាមេរិកទទួលខុសត្រូវសម្រាប់ការចំណាយយោធារបស់ពួកគេជាងមុន៕