ប្រជាពលរដ្ឋរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅក្នុងប្រទេសហ្សកហ្ស៊ី (Georgia) កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីសប្តាហ៍មុន ដែលពួកគេជឿថាមានភាពមិនប្រក្រតីកើតឡើង។
លោកស្រី Salome Zurabishvili ដែលគាំទ្រដោយគណបក្សកាន់អំណាចត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីស្ត្រីដំបូងបង្អស់ក្នុងប្រទេសហ្សកហ្ស៊ី ដោយទទួលបានសំឡេងគាំទ្រ៥៩ភាគរយ។ ប៉ុន្តែមេដឹកនាំក្រុមប្រឆាំងនិងអ្នកតវ៉ាចោទប្រកាន់ថាមានការទិញសន្លឹកឆ្នោត ការធ្វើទុក្ខបុកម្នេញអ្នកបោះឆ្នោត និងភាពមិនប្រក្រតីមួយចំនួនទៀតកើតឡើង ខណៈដែលពួកគេនាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋ Tbilisi នៃប្រទេសហ្សកហ្ស៊ី។
លោក Grigol Vashadze ដែលជាគូប្រជែងរបស់លោកស្រី Zurabishvili បានថ្លែងសុន្ទរកថាទៅកាន់ហ្វូងអ្នកតវ៉ាក្នុងរដ្ឋធានី Tbilisi ដោយហៅការបោះឆ្នោតនេះថាជាអំពើឧក្រិដ្ឋ និងបាននិយាយថា គណបក្សប្រឆាំងទាមទារឲ្យមានការបោះឆ្នោតសភាមួយមុនកាលកំណត់ក្នុងប្រទេសហ្សកហ្ស៊ី។
លោក Vashadze ត្រូវបានគាំទ្រដោយក្រុមសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក Mikhail Saakashvili ដែលបច្ចុប្បន្ននេះកំពុងរស់នៅនិរទេសខ្លួនក្នុងទីក្រុង Amsterdam។
លោក Saakashvili បានថ្លែងសុន្ទរកថាទៅកាន់ហ្វូងអ្នកតវ៉ាតាមរយៈវីដេអូមួយកាលពីថ្ងៃអាទិត្យ ដោយមានសំឡេងស្រែកអបអរនិងការស្រែកបន្ទរឈ្មោះរបស់លោកទៀតផង៕