ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្សកហ្ស៊ី​ដក​ចេញ​ច្បាប់​«ភ្នាក់ងារ​បរទេស»​ដ៏​ចម្រូង​ចម្រាស​ក្រោយ​ការប្រឆាំង​តវ៉ា​ហិង្សា


បុរស​ម្នាក់​កាន់​ដំបង​ក្នុង​ដៃ​ដើរ​ក្បែរ​រថយន្ត​ប៉ូលិស​ដែល​កំពុង​ឆេះ​ ដែល​ស្ថិត​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ​សភា​ហ្សកហ្ស៊ី ក្នុង​ទីក្រុង​ប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
បុរស​ម្នាក់​កាន់​ដំបង​ក្នុង​ដៃ​ដើរ​ក្បែរ​រថយន្ត​ប៉ូលិស​ដែល​កំពុង​ឆេះ​ ដែល​ស្ថិត​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ​សភា​ហ្សកហ្ស៊ី ក្នុង​ទីក្រុង​ប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ក្នុង​ការប្រឈមមុខ​ការប្រឆាំង​តវ៉ា​ដោយហិង្សានិង​ការរិះគន់​ដ៏​ខ្លាំង​ពីប្រទេស​លោក​ខាង​លិច​នោះ គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​ហ្សកហ្ស៊ី​ និយាយ​ថា​ ខ្លួន​កំពុង​ដក​ចេញនូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាសមួយ​ពី​សភាស្តីពី​«​ភ្នាក់ងារ​បរទេស»។

គណបក្ស​កាន់​អំណាច Georgian Dream party​ ក្នុង​ប្រទេស​ហ្សកហ្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៩​ មីនា ​ម្សិលមិញ​ថា ​ក្នុង​ឋានៈ«ជា​គណបក្សរបស់រដ្ឋាភិបាល​មួយ​ដែល​មាន​ការទទួល​ខុសត្រូវលើ​សមាជិកសង្គម​គ្រប់​រូប​នោះ យើង​បាន​សម្រេចដកចេញ​ច្បាប់​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ»។

ការប្រឆាំង​ជា​ដំបូងបានផ្ទុះ​ឡើង​ ​ខណៈ​ពេល​ដែល​ក្រុម​សមាជិក​សភាប្រទេស​ហ្សកហ្ស៊ី​បាន​ពិនិត្យច្បាប់​ដ៏​ចម្រូង​ចម្រាសមួយ​នេះ​កាល​ពីថ្ងៃ​ទី​៧ ខែ​មីនា​ កន្លង​ទៅ។

សេចក្តី​ស្នើច្បាប់​នេះដែល​គាំទ្រ​ដោយ​គណបក្ស​កាន់​អំណាច Georgian Dream party​ ​ត្រូវ​បានអនុម័ត​យ៉ាង​ប្រញាប់​ប្រញាល់​ កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ដែល​បង្ខំ​ឱ្យ​អង្គការ​សង្គម​ស៊ីវិលនានា​ដែលទទួល​ថវិកា​ជាង២០ភាគរយ​ពី​បរទេស​ត្រូវ​ចាត់ទុក​ថា​ជា«​ភ្នាក់ងារ​បរទេស»។

ច្បាប់​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការផ្ទុះកំហឹង​យ៉ាង​ខ្លាំងក្នុង​ចំណោមពលរដ្ឋ​ហ្សកហ្ស៊ី​ ហើយ​បាន​ធ្វើការប្រឆាំង​តវ៉ា​ ​និង​ទទួល​បាន​ការបង្រ្កាប​ដោយ​ក្រុម​កម្លាំង​សន្តិសុខ និង​ប៉ូលិស​ដោយ​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដំបង​ឆក់​ និង​កាណុង​បាញ់​ទឹក​ជា​ដើម។

ក្រុម​បាតុករដែល​ត្រូវ​បាន​គេ​ឮ​ស្រែក​ថា ​«កុំ​ធ្វើ​តាម​ច្បាប់​រុស្ស៊ី» បាន​ច្រៀង​បទ​ភ្លេង​ជាតិ​ហ្សកហ្ស៊ី អ៊ុយក្រែន ​និង​សហភាព​អឺរ៉ុប​ផងដែរ។ មាន​បដា​តវ៉ា​មួយដែល​បង្ហាញក្នុង​ការ​ធ្វើ​បាតុកម្ម​បន្តទៀត​ក្នុង​អំឡុង​ពេល​នៃ​ទិវា​នារី​ ៨ ​មីនា ​ថា ​«ស្ត្រី​ប្រឆាំង​នឹង​ការត្រួតត្រា​ផ្តាច់​ការ»។

ប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​ក្នុង​ប្រទេស​ហ្សកហ្ស៊ីបាន​និយាយក្នុងសារ​បង្ហោះ​តាម ​Twitter ថា ​ខ្លួន​ស្វាគមន៍​សេចក្តីប្រកាសរបស់​គណបក្ស Georgian Dream party​៕

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្តល់​ព័ត៌មាន​ខ្លះ​ដល់​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG