លោកអតីតប្រធានាធិបតីស.រ.អា. George H.W. Bush មានសុខភាពល្អប្រសើរជាងមុនក្រោយពីលោកបានទទួលការព្យាបាលបន្ទាប់ពីលោកមានជំងឺមានមេរោគចូលដល់ឈាមដែលអាចយាយីជីវិតបាន នេះបើតាមការប្រាប់ឱ្យដឹងដោយអ្នកនាំពាក្យម្នាក់របស់គ្រួសារលោក។
លោក George H.W. Bush ដែលមានអាយុ៩៣ឆ្នាំបានចូលសម្រាន្តក្នុងមន្ទីរពេទ្យ Houston Methodist Hospital កាលពីព្រឹកថ្ងៃអាទិត្យហើយលោកបានស្ថិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនេះ។
សេចក្តីថ្លែងការណ៍មួយក្នុងនាមគ្រួសារលោកបាននិយាយថាលោក Bush «មានសុខភាពល្អប្រសើរជាងមុននៅពេលលោកទទួលការព្យាបាលហើយលោកហាក់ដូចជាកំពុងងើបឡើងវិញ»។
នៅមុនពេលលោកចូលសម្រាន្តក្នុងមន្ទីរពេទ្យនោះ កាលពីថ្ងៃសៅរ៍លោក Bush បានចូលរួមក្នុងពិធីបុណ្យសពលោកស្រី Babara ជាភរិយាលោកដែលបានទទួលអនិច្ចកម្មកាលពីសប្តាហ៍មុនក្នុងជន្មាយុ៩២ឆ្នាំ។ លោកនិងលោកស្រី Bushបានរៀបការជាមួយគ្នា៧៣ឆ្នាំមកហើយ។
លោកអតីតប្រធានាធិបតីអាមេរិកាំងរូបនេះបានបម្រើការមួយអាណត្តិពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩៣។ លោកប្រើប្រាស់កៅអីរុញ និងម៉ូតូ scooter ប្រើអគ្គិសនីដើម្បីធ្វើចលនាពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្រោយលោកមានជំងឺ Parkinson ហើយលោកបានចូលសម្រាន្តក្នុងមន្ទីរពេទ្យបីបួនដងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីទទួលការព្យាបាលជំងឺគ្រឿងដកដង្ហើមដោយមានរួមបញ្ចូលទាំងជំងឺរលាកសួតផងដែរ៕