និយោជិកនាំគ្នាធ្វើបាតុកម្មនៅទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ ដែលធ្វើឲ្យមនុស្សម្នាមិនអាចទៅធ្វើការបាន ហើយបង្ខំឲ្យជើងហោះហើរជាង២០០ត្រូវលុបចោល។
ថ្លែងទៅកាន់អ្នកកាសែត អ្នកស្រី Carrie Lam ដែលជាមេដឹកនាំទីក្រុងហុងកុង និងទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា បាតុករនាំគ្នាបង្កឲ្យស្ថានភាពនៅក្នុងទីក្រុងនេះ «កាន់តែគ្រោះថ្នាក់ថែមទៀត»។
អ្នកស្រី Lam បានបដិសេធជាថ្មីម្ដងទៀតចំពោះការស្នើរបស់បាតុករដែលសុំឲ្យអ្នកស្រីចុះចេញពីតំណែង ហើយអ្នកស្រីថ្លែងថា រដ្ឋាភិបាលមានការប្ដេជ្ញារក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម។
អ្នកស្រីក៏បានថ្លែងថា រដ្ឋាភិបាលក៏នឹងមិនសម្រេចទៅតាមការទាមទាររបស់បាតុករក្នុងការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះនោះទេ។
អ្នកស្រី Lam ក៏បានចោទប្រកាន់ការធ្វើបាតុកម្មទាំងនេះថាបានធ្វើឲ្យទីក្រុងហុងកុង ធ្លាក់ចូលក្នុងផ្លូវមួយដែលមិនអាចត្រឡប់ក្រោយវិញបាន និងបានប៉ះពាល់ដល់សេដ្ឋកិច្ចនៃទីក្រុងនេះ។
បាតុករនៅទីក្រុងហុងកុង បានធ្វើបាតុកម្មហិង្សានៅកន្លែងសំខាន់ៗមួយចំនួនកាលពីយប់ថ្ងៃអាទិត្យ ហើយបានប្រើប្រាស់វិធីសាស្ត្រគេចវេសពីការវាយឆ្មក់ និងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស ខណៈដែលការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័នឈានចូលដល់សប្ដាហ៍ទី៩៕