ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ជំរុញ​ឱ្យ​ត្រួត​ពិនិត្យ​សាច់​នាំ​ចូល​​ឱ្យ​បាន​ដិត​ដល់ ក្រោយ​រក​ឃើញ​សាច់​បង្កក​ប្រមាណ ​៣៧០​តោន


រូបឯកសារ៖ ស្ត្រីទិញសាច់ពីអ្នកលក់សាច់នៅផ្សារមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ ស្ត្រីទិញសាច់ពីអ្នកលក់សាច់នៅផ្សារមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០។

អ្នក​តាម​ដាន​បាន​ជំរុញ​ឱ្យ​មន្ត្រី​តាម​ព្រំដែន​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេសជិត​ខាង​ឱ្យបាន​ដិត​ដល់ ក្រោយ​សាច់​បង្កក​ប្រមាណ​ ៣៧​ម៉ឺន​គីឡូក្រាម ឬ​ស្មើ​៣៧០​តោន ត្រូវ​បាន​មន្ត្រី​នៃ​ក្រសួង​កសិកម្ម រក​ឃើញ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ ហើយ​កំពុង​ស៊ើប​អង្កេត​លើ​ការនាំ​ចូល​សាច់​ទាំង​នេះ​។

កាល​ពីថ្ងៃទី៤​ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ក្រុម​ការងារ​អន្ត​រាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ​នៃក្រសួង​កសិកម្ម ​បាន​រក​ឃើញ​សាច់​បង្កកប្រមាណ​៣៧​ម៉ឺន​គីឡូក្រាម ដែល​ក្នុង​នោះ​រួមមាន​ ចុង​ស្លាប​មាន់ ​គូទមាន់ សាច់​មាន់​កិន កោះ​មាន់ ជើងមាន់ សាច់​ជ្រូក​ប្រេស៊ីល​ សាច់​ជ្រូក​អ៊ីតាលី ​សាច់​ជ្រូក​អាល្លឺម៉ង់ ត្រចៀក​ជ្រូក សាច់​ក្របី កន្សោម​ដោះ​ក្របី ​ស្បូន​ជ្រូក​ និង​ស្បែក​ជ្រូក​ជា​ដើម​។ នេះ​បើ​លោក ​ហ៊ុន សារ៉ាត់ អនុ​ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខ​ភាព​សាធារណៈ​បសុ​ព្យាបាល ដែលប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​។

​លោក ​ហ៊ុន សារ៉ាត់ ប្រាប់​វីអូអេ​បន្ថែមនៅ​ថ្ងៃពុធ​នេះ​ថា​ អាជ្ញាធរ​គ្រាន់​តែ​ជា​ការ​ឃាត់​ទុក​សាច់​ជា​បណ្តោះ​អាសន្ន ដើម្បី​ស៊ើប​អង្កេត​និង​ពិនិត្យ​មើល​ឯកសារ។

លោក​បញ្ជាក់​ថា​៖ «​យើង​គ្រាន់​តែ​បិទ​ទុក​[ឃ្លាំងបង្កក​]មួយ​រយៈ បិទ​សារាចរ​សិន.. និង​ឱ្យ​ម្ចាស់​ទំនិញ​គាត់​នៅ​ឆ្ងាយ​ៗ អ៊ីចឹង​គាត់​យក​ឯកសារ​មក​បញ្ជាក់ ដើម្បីអះអាង​ថា របស់​ហ្នឹង​វា​មាន​ពន្ធ​ ឬមាន​វិញ្ញា​ប័ន​បត្រ​ត្រឹមត្រូវ​ មាន​សុខភាព​ល្អ​ប៉ុណ្ណឹង​»។

លោក​ស្នើ​ឱ្យ​អ្នកសារ​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិកសួរ​ទៅ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បន្ថែម។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា​ អ៊ឹម រចនា​ បាន​នៅឡើយ​ទេ។

លោក ​ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC)យល់​ថា ​អាជ្ញាធរត្រូវ​តែ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​ការ​នាំចូល​សាច់​បង្កក​នេះ។ លោកបន្ថែម​ថា​ក្នុង​ករណី​ អ្នក​ណា​ម្នាក់នាំចូល​សាច់​បង្កក​ដោយ​ខុស​ច្បាប់ គឺ​ត្រូវ​មាន​ចាត់វិធាន​ច្បាប់​ឱ្យ​តឹង​រឹង ព្រោះ​បញ្ហា​នេះ វា​អាច​ប៉ះពាល់​ដល់អ្នក​ចិញ្ចឹម​សត្វក្នុង​ស្រុក និង​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ​លើ​ផល​ប៉ះ​ពាល់​សុខ​ភាព ទៅ​លើ​អ្នក​ប្រើប្រាស់​នៃ​ការ​បរិភោគ​សាច់​បង្កក ដោយ​សារ​តែប្រភេទ​សាច់​បង្កក​ដែល​រត់ពន្ធ​ចូល​ មក​លក់​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា​ ដើម្បី​ផ្គត់​ផ្គង់​សម្រាប់​អ្នក​បរិភោគ​ហ្នឹង គឺមិន​មាន​ការ​វេច​ខ្ចប់​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ និង​អនា​ម័យ។ អ្វី​ដែលយើង​មើលឃើញ​ទៀត​នោះ​ សាច់​បង្កក​នេះ គឺខុស​ច្បាប់​ មិន​មានការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ទៅ​ទៀត»។

លោក ​ស្រ៊ុន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ ប្រាប់​វីអូអេ​ថា​នា​ពេល​បច្ចុប្បន្ន​នេះ ​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ​បាន​វាយលុក​ខ្លាំង​ក្នុង​ទីផ្សារ ដែល​ការណ៍​នេះធ្វើ​ឱ្យអ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ប្រឈម​នឹងការខាត​បង់។

លោកថ្លែង​ថា៖ «បើ​មិន​មាន​ហូរ​ហែ រឿង​អី​មាន​ពេញ​ឃ្លាំង​នោះ​ ឃ្លាំង​បង្កក​នោះ មាន​រាប់​ពាន់​តោន​ ច្រើន​ណាស់ ​ច្រើន​មែន​ទែន​។ ​នៅ​ក្នុង​ឃ្លាំង​បង្កក​សព្វថ្ងៃ គឺមាន​សាច់​បង្កក​រាប់​ពាន់តោន»។

លោក​ថា​បើ​ការ​ការ​នាំ​ចូល​សាច់​បង្កក​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ជាពិសេស​មិន​មាន​ឯកសារ​នាំចូល​ត្រឹមត្រូវ​ទៀត​សោត នោះ​វា​នឹង​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់សុខភាព​របស់​ប្រជា​ពល​រដ្ឋ។

បើ​តាមលោក ​ស្រ៊ុន ពៅ ការ​នាំចូល​សាច់​បង្កក ធ្វើ​ឡើង​តាម​រូបភាព​ផ្សេងៗ ដូច​ជា​ដឹក​តាម​ឡាន​ឈ្នួល និង​ឡាន​ក្រុង ដូច្នេះ​លោក​ស្នើ​ឱ្យមាន​ការបន្ថែម​មន្ត្រី​នៅ​តាម​ព្រំដែន​ ហើយ​ក្រសួង​ពាក់​ព័ន្ធ​ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ជាពិសេស​ការ​ត្រួត​ពិនិត្យ​ ឱ្យ​បាន​ដិត​ដល់​នៅ​តាម​ច្រក​ព្រំ​ដែន​ មុន​នឹង​ឱ្យ​ឈ្មួញនាំចូល។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិ​ភាព ​សម្តែងការ​សោក​ស្តាយនៅ​ពេល​ដែល​ឃើញ​សាច់​បង្កក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ នៅ​តែ​អាច​នាំចូល​មក​ក្នុងប្រទេស​កម្ពុជានិង​ត្រូវ​បាន​ចែក​ចាយ​លើ​ទីផ្សារ។ លោក​បាន​ចោទ​ជា​សំណួរ​ថា​តើ​ការ​នាំចូល​សាច់​បង្កក យ៉ាង​ច្រើន​បែប​នេះ ​បាន​ដោយ​របៀប​ណា?

លោក​លើក​ឡើង​ថា៖ «ចំពោះ​រឿង​នេះ ជារឿង​មួយ​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ដែរ ដែល​វា​កើត​ឡើង​ម្តង​ហើយ​ម្តងទៀត​។ ហើយ​បញ្ហា​នេះតើ​គេ​នាំ​ចូល​ដោយ​របៀប​ម៉េច​ ចុះ​អាជ្ញាធរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន អ្នក​ដែល​មាន​សមត្ថ​កិច្ច មន្ត្រី​មាន​សមត្ថ​កិច្ច​ហ្នឹង ​ថា​តើ​មាន​ចន្លោះ​ខ្វះ​ខាត​អ្វី? បញ្ហា​បច្ចេក​ទេស​ បញ្ហា​ពិសោធន៍​ នៅ​ក្នុង​ការ​ពិនិត្យ​មើល​ថា​វា​ជា​របស់​ខូច​គុណភាព​ មាន​គុណ​ភាព​ល្អ​យ៉ាង​ម៉េច ​គាត់​មិន​អាច​សន្និដ្ឋាន​បានឬ​យ៉ាងណា​?»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ចំពោះ​បញ្ហានេះ ​ត្រូវ​រឹត​បន្តឹង កែលម្អ​មន្ត្រីនៅ​តាម​ព្រំដែន ​ទាំង​ផ្លូវ​អាកាស ទាំង​ផ្លូវ​ព្រំដែន​គោក។ ហើយ​បើវា​ចូល​មក​ក្នុង​[ប្រទេស] មាន​មន្ត្រី​នៅ​ខាង​ក្នុង​អាច​បោស​សម្អាត​បញ្ហា​ហ្នឹង​បន្ថែម​ទៀត កុំ​ឱ្យ​វា​ចូល​ទៅ​ដល់​ទីផ្សារ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាពរ​បស់​ប្រជា​ពលរដ្ឋ»។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ តែង​តែ​ចុះ​ឃាត់​រថយន្ត​ដឹក​សាច់​មួយ​ចំនួន​ទៀត ​ដែល​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ផង​ដែរ។ សាច់​ទាំង​នោះ​ រួម​មាន​ប្រហិត​ចម្រុះ ស៊ុត​សត្វ​មាន់ ​ស៊ុត​សត្វ​គ្រួច​ សាច់​សត្វ​គ្រួច​ សត្វទា​រស់ សត្វ​មាន់​កូរ៉េ និង​ទន្សាយ​ជាដើម ដែល​ផលិត​ផល​ទាំង​នេះ នាំ​ចូល​មក​ពី​ប្រទេស​ថៃ និង​វៀតណាម។ នេះ​បើ​តាមព័ត៌​មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុកនៃអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជា​បន្ត​បន្ទាប់​៕

XS
SM
MD
LG